(ភ្នំពេញ)៖ គ្រឹះស្ថានឧត្តមសិក្សាចំណាស់ៗ របស់កម្ពុជាចំនួន៨ បានចុះកិច្ចព្រមព្រៀងលើអនុស្សារណៈយោគយល់គ្នា (MoU) រួមគ្នា ពង្រីកវិសាលភាពធំទូលាយ លើវិស័យអប់រំ នៅកម្ពុជា។
ពិធីចុះMoU នេះ បានរៀបចំធ្វើនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧នេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្រោមវត្តមានរបស់ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាធិការទាំង៨រូប រួមនឹងសាស្រ្តចារ្យ សិស្ស និស្សិតយ៉ាងច្រើនកុះករចូលរួមផងដែរ។
គ្រឹះស្ថានឧត្តមសិក្សាចំណាស់ៗរបស់កម្ពុជាចំនួន៨ រួមមាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងសាលាជាតិកសិកម្មព្រែកលៀប។
សាកលវិទ្យាល័យទាំង៨នោះ សុទ្ធសឹងជាគ្រឹះស្ថានឧត្តមសិក្សា ដែលមានប្រវត្តិក្នុងការបណ្តុះបណ្តាល និស្សិតឆ្នើម ប្រកបដោយជោគជ័យ សម្រាប់បម្រើដល់ការអភិវឌ្ឍប្រទេសជាតិ តាំងពីបានឯករាជ្យមក។
នៅក្នុងឱកាសនោះ លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមអបអរសាទរ ចំពោះសាកលវិទ្យាល័យចំណាស់ៗរបស់កម្ពុជាចំនួន៨ បានចុះកិច្ចព្រមព្រៀងលើអនុស្សារណៈយោគយល់គ្នា (MoU) រួមគ្នា ក្នុងគោលបំណងពង្រីកវិសាលភាព ធំទូលាយលើវិស័យអប់រំនៅកម្ពុជា។
លោក បណ្ឌិត ហង់ ជួនណារ៉ុន បានបន្តថា ការចុះMoU ធ្វើឡើង ក្នុងគោលដៅពង្រឹងគុណភាពអប់រំ ពិសេសគឺ ការផ្លាស់ប្តូរបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក ក៏ជាការចែករំលែកនូវ ធនធានសិក្សា វិធីសាស្រ្តបង្រៀន ដើម្បីឲ្យ វិស័យឧត្តមសិក្សា រីកចម្រើនឆ្លើយតបទៅនឹងតម្រូវការ សត្សវត្សទី២១ របស់កម្ពុជា ក៏ដូចជាឆ្លើយតប ទៅនឹងបញ្ហាប្រឈមនានាដែលសង្គមកម្ពុជាកំពុងជួបប្រទះ។ នេះគឺជាដំណាក់កាលថ្មីមួយទៀត ក្នុងការធ្វើកំណែទម្រង់វិស័យអប់រំនៅកម្ពុជា។
រដ្ឋមន្រ្តី ហង់ ជួនណារ៉ុន រំពឹងថា ការបង្កើតជាបណ្តាញនេះ នឹងដំណើការទៅដោយជោគជ័យ និងសហការគ្នាបានល្អ ដើម្បីឲ្យគ្រឹះស្ថានឧត្តមសិក្សាមានការរីកចម្រើន និងធ្វើឲ្យវិស័យអប់រំ នៅកម្ពុជា មានការទទួលស្គាល់ជាសាកល។
ជាមួយគ្នានោះ លោក ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានលើកឡើងថា គ្រឹះស្ថានឧត្តមសិក្សាទាំង៨ខាងលើនេះ ពិតជាមានសក្តានុពលខ្លាំង នៅក្នុងវិស័យអប់រំ គឺគិតមកដល់ពេលនេះ សិស្សនិស្សិតសិក្សា នៅគ្រឹះស្ថានទាំង៨ ស្មើពាក់កណ្តាលចំនួនសិស្ស និស្សិត ដែលសិក្សានៅទូទាំងប្រទេស។ ក្រៅពីនោះ កម្លាំងសាស្រ្តចារ្យក៏មានច្រើន ដែលអាចជួយឲ្យយើងចែករំលែកបទពិសោធន៍ ឲ្យគ្នាទៅវិញទៅមក។
លោក ជេត ជាលី បន្ថែមថា ក្រសួងអប់រំក៏បានគាំទ្រ និងជំរុញឲ្យគ្រឹះស្ថានឧត្តមសិក្សាទាំង៨ ធ្វើការជាមួយគ្នាឲ្យស្អិតរមួត និងដោះដូរព័ត៌មានគ្នាទៅវិញទៅមក។
សាកលវិទ្យាធិការ RUPP រូបនេះ មានបញ្ជាក់យ៉ាងដូច្នេះថា «និស្សិតសាលារបស់ខ្ញុំលែងជានិស្សិត សាលារបស់ខ្ញុំតែមួយហើយ គាត់បានក្លាយទៅជានិស្សិតរបស់សាលា៧ទៀត ដែលជាដៃគូខ្ញុំ ជាគ្រួសារតែមួយ ធ្វើកិច្ចការជាមួយគ្នា។ ខ្ញុំនិយាយឲ្យខ្លី គឺបើកទូលាយជើងមេឃធំទូលំទូលាយជាងមុនឲ្យនិស្សិត សម្រាប់សាស្រ្តចារ្យ យើងមានដៃគូពិភាក្សាច្រើជាងមុន យើងមានបន្ទប់ពិសោធន៍ច្រើចជាងមុន...យើងដោះដូរបទពិសោធន៍គ្នាទៅវិញទៅមកបាន នេះជាផលប្រយោជន៍រួម»។
យោងតាមខ្លឹមសារនៃការចុះMoU របស់គ្រឹះស្ថានឧត្តមសិក្សាចំណាស់ៗរបស់កម្ពុជាចំនួន៨ បានបញ្ជាក់ថា ការបង្កើតក្រុមបណ្តាញ «Magnus7» នេះគឺដើម្បីជ្រោមជ្រែងគ្នាទៅវិញទៅមក និងធានានិរន្តរភាពនៃបេសកកម្ម ដ៏វិសេសវិសាល របស់គ្រឹះស្ថានក្នុងការ៖
១៖ ជំវុញឲ្យមានវប្បធម៌ នៃការអប់រំប្រកបដោយឧត្តមភាព ដើម្បីទទួលបានជោគជ័យ និងបម្រើដល់ផលប្រយោជន៍សាធារណៈ
២៖ ជំរុញឲ្យមានសកម្មភាពរួមគ្នាក្នុងការទទួលខុសត្រូវចំពោះសង្គម និងសហគមន៍
៣៖ បង្កើតជាវេទិកា ដើម្បីផ្លាស់ប្តូរគំនិត និងប្រាជ្ញាដើម្បីពន្លឿនការយល់ដឹងរបស់មនុស្សជាតិ៕