Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជំនាញកាំកុងត្រូល ចែករំលែកចំណេះដឹងពី «សុវត្ថិភាពម្ហូបអាហារ» ដល់សិស្សបឋមសិក្សា យកបាត្រ ជាង៦០០នាក់ ក្នុងខណ្ឌច្បារអំពៅ

07-07-2017 13:02

(ភ្នំពេញ)៖ មន្ត្រីជំនាញសាខាកាំកុងត្រូល​ កំពង់ផែអន្តរជាតិភ្នំពេញ សហការជាមួយមន្រ្តីសាខារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានចែករំលែកចំណេះដឹង ជាមូលដ្ឋានអំពីសុវត្ថិភាព ម្ហូបអាហារ និងវិធានការពាក់ព័ន្ធរួមនឹងការចុះ ត្រួតពិនិត្យផលិតផល និងម្ហូបអាហារ ដល់សិស្ស និងលោកគ្រូ អ្នកគ្រូ បឋមសិក្សាយកបាត្រជាង៦០០នាក់ ស្ថិតក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

លោក ប៊ុន ចំរើន ប្រធានសាខាកាំកុងត្រូល កំពង់ផែអន្តរជាតិភ្នំពេញ បានថ្លែងថា នេះជាសកម្មភាពប្រចាំខែនិងប្រចាំឆ្នាំ សម្រាប់មន្រ្តីជំនាញកាំកុងត្រូល ចុះមកណែនាំតាមសាលា ក៏ដូចជាតាមទីផ្សារ ដើម្បីឲ្យបងបងប្អូន ប្រជាពលរដ្ឋ ក៏ដូចជាប្អូនៗសិស្សសាលា យល់ដឹងទាំងខាងផ្នែកច្បាប់ ទាំងចំណេះដឹងមូលដ្ឋាន ជុំវិញការនាំចូល ការដឹកជញ្ជូន ការរក្សាទុក ការចែកចាយ រួមទាំងរបៀប នៃការចំអិនផងដែរ ដល់អ្នកធ្វើអាជីវកម្មពាក់ព័ន្ធម្ហូបអាហារ ទាំងអស់នៅទូទាំងប្រទេស។

លោកបានបន្តថា សូមឲ្យប្អូនៗកូនៗទាំងអស់ យកចិត្តទុកដាក់ទៅលើសុវត្ថិភាពម្ហូបអាហារ ពិសេសមុននឹងបរិភោគអ្វីមួយ ត្រូវពិនិត្យពីកាលបរិច្ឆេទ ឲ្យបានត្រឹមត្រូវ មុននឹងបរិភោគ។

លោក ប៊ុន ចំរើន បានឲ្យដឹងបន្តថា អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម តែងតែប្រកាសឲ្យមានការចូលរួមពីអាជីវករ និងអ្នកប្រើប្រាស់ ជាមួយ និងសមត្ថកិច្ចជំនាញក្នុងការកាត់បន្ថយ និងឈានទៅរកការបំបាត់ទាំងស្រុង ម្ហូបអាហារគ្មានសុវត្ថិភាព លើទឹកដីកម្ពុជា។

លោក ប៊ុន ចំរើន ក៏បានមានប្រសាសន៍ផ្តាំផ្ញើ ដល់ប្អូនៗ សិស្សានុសិស្ស ទាំងត្រូវចៀសឲ្យឆ្ងាយ ចំពោះគ្រឿងញៀន និង ជៀសវាងការសេពគ្រឿងស្រវឹង និងជក់បារី សូមកុំសាកអោយសោះ ព្រោះកត្តាទាំងនេះធ្វើឲ្យប៉ះពាល់ធ្ងន់ដល់សុខមាលភាពគ្រួសារ និងសង្គមតាម រយៈការដុតបំផ្លាញសុខភាពទាំងផ្លូវចិត្ត ផ្លូវកាយ និងផ្លូវភេទ ៕