(ភ្នំពេញ)៖ ក្រោយទទួលបានបញ្ជាពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧នេះ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំមន្ត្រីក្រុមការងារ ចុះទៅត្រួតពិនិត្យលើផ្លូវបេតុង១ខ្សែ ដែលមាន «សំបុកមាន់» និងជង្ហុកតូច-ធំជាច្រើនកន្លែង ពិសេសធ្វើការជួសជុលឡើងវិញ និងដាក់ទាំងប្រព័ន្ធលូបង្ហូទឹកផងដែរ ក្នុងការបញ្ជៀសការកកស្ទះពេលមានភ្លៀងធ្លាក់ម្ដងៗ និងដើម្បីបង្ការមិនឲ្យខូចខាតធ្ងន់ធ្ងរច្រើនជាងនេះ រួមទាំងអាចបញ្ជៀសបានរាល់គ្រោះថ្នាក់ចរាចរផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុជូនប្រជាពលរដ្ឋ នៅត្រង់ចំណុចខាងជើងជាប់ «បុរីវិមានភ្នំពេញ» ស្ថិតនៅច្រកចូល «ហ្គ្រេនភ្នំពេញ» ក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
ក្នុងដំណើរការចុះត្រួតពិនិត្យធ្វើការជួសជុលឡើងវិញ លើកំណាត់ផ្លូវបេតុងខាងលើ មានការរួមដំណើរពីមន្ត្រីពាក់ព័ន្ធចំណុះជំនាញ ជុំវិញខណ្ឌមួយចំនួនរួមមាន៖ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ លោក សន សោភ័ណ្ឌ នាយករដ្ឋបាលខណ្ឌ លោក ស្មាស រិទ្ធី ប្រធានការិយាល័យអន្តរវិស័យខណ្ឌ លោក គន់ សោភា ប្រធានការិយាល័យ សាធារណៈការខណ្ឌ លោក អ្នក បូរ នាយករងរដ្ឋបាលខណ្ឌ រួមជាមួយតំណាងម្ចាស់បុរីវិមានភ្នំពេញផងដែរ។
លោក ជា ពិសី បានថ្លែងថា «បន្ទាប់ពីទទួលបានផែនការពី អភិបាលរាជធានីភ្នំពេញភ្លាមៗ ក្នុងការចុះធ្វើការត្រួតពិនិត្យសិក្សាស្ថានភាពលើកំណាត់ផ្លូវបេតុងនានា ដែលមានការលិចលង់ពីជំនន់ទឹកភ្លៀង បណ្ដាលឲ្យមានការខូចខាតចោះៗ លើកំណាត់ផ្លូវមួយចំនួន ក៏ព្រោះតែពុំទាន់មានប្រព័ន្ធលូ ទើបធ្វើការលើកគម្រោងជួសជុល ឱ្យបានទាន់ពេលវេលា ជូនប្រជាពលរដ្ឋមានភាពងាយស្រួលធ្វើដំណើរ ហើយក៏អាចកាត់បន្ថយបាននូវអាត្រាគ្រោះថ្នាក់ចរាចរផ្សេងៗ ដែលអាចកើតមានឡើង ជាយថាហេតុផងដែរ ដោយក្នុងនោះតម្រូវឱ្យសាលាខណ្ឌនីមួយៗ ធ្វើការជួសជុលឡើងវិញលើកំណាត់ផ្លូវ ដែលមាន «សំបុកមាន់» ជង្ហុកតូច-ធំ នៅក្នុងមូលដ្ឋាន ដើម្បីលើកគម្រោងប្រើប្រាស់ថវិកា របស់សាលាខណ្ឌផ្ទាល់ជាអ្នករ៉ាប់រង»។
លើសពីនេះទៀតលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ ក៏បានលើកឡើងផងដែរថា ចំពោះស្ថាបភាពលើកំណាត់ផ្លូវ១ខ្សែខាងលើ ដែលកំពុងលិចលង់ចោះៗតាមកន្លែង ក៏ព្រោះតែរងសំពាធពីជំនន់ទឹកភ្លៀង បណ្ដាលឲ្យរងការខូចខាតមានជា «សំបុកមាន់» ជង្ហុកតូច-ធំនានា ត្រូវបានលោកឧកញ៉ា លី ហួរ និងលោកឧកញ៉ា ឡាយ ប៊ុនប៉ាង បានឯកភាពគ្នា ធ្វើការជួសជុលលើកំណាត់ផ្លូវទាំងនេះឡើងវិញ ព្រមទាំងធ្វើការជីកគាស់កាត់ទទឹងផ្លូវ ដើម្បីដាក់ប្រព័ន្ធលូបង្ហូរទឹកចេញទម្លាក់ទៅក្នុងប្រឡាយពោងពាយ ដែលនៅក្បែរនោះ ក្នុងការរួមចំណែកផ្ដល់នូវវប្បធម៌ចែករំលែកជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌឫស្សីកែវផងដែរ៕