(ភ្នំពេញ)៖ ប្រជាពលរដ្ឋមួយគ្រួសារ បានបង្ហាញការមិនពេញចិត្តលើសាលដីការបស់តុលាកាកំពូល ដែលកាត់ក្តីឲ្យគ្រួសារគាត់ចាញ់ក្តី ខណៈដែលអ្នកទិញដីពីគាត់ មិនដឹងនៅឯណា ស្រាប់តែលេចមុខអ្នកទិញថ្មី ដែលគាត់មិនធ្លាប់ស្គាល់ មានប្លង់កម្មសិទ្ធទៅវិញ ដែលរឿងរ៉ាវដីខាងលើកើតឡើងនៅភូមិបោះអង្គាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញភ្នំពេញ។
សាលាដីការបស់តុលាការកំពូលត្រូវបានក្រុមមន្រ្តីយកទៅបិតមុខផ្ទះ ស្រាប់តែប្រជាពលរដ្ឋជាច្រើននាក់នៅក្នុងភូមិបានចេញមកជួយតវ៉ា និងរារាំងដោយយល់ថាវាអយុត្តិធម៌ ក៏ក្រុមមន្រ្តីសម្រេចដកថយវិញ ហើយរង់ចាំបិតនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះវិញ។
អ្នកស្រី នង សុខ ភេទស្រី អាយុ៨៣ឆ្នាំ ដែលបានរស់នៅលើទីតាំងដីទំនាស់ តាំងតែពីឆ្នាំ១៩៧៩ បានប្រាប់ឲ្យដឹងថា នៅឆ្នាំ១៩៩១ មានជនជាតិចិនម្នាក់ឈ្មោះ ឡ ស៊ីង ហៅ ឡ ពន្លក បានមកទិញដីគាត់នៅទីតាំងខាងលើ មានទីហំ (40*100) ក្នុងតំលៃ៣០ដំឡឹង។ បន្ទាប់ត្រូវថ្លៃគ្នាហើយ ជនជាតិចិនខាងលើ បានកក់ជាមាសចំនួន២ដំឡឹងទៅឲ្យ គាត់បន្ទាប់មកជនជាតិចិនរូបនោះ បានចាកចេញពីប្រទេសកម្ពុជាទៅបាត់។ បន្ទាប់ពីបាត់មុខមួយរយៈ ជនជាតិចិនរូបនោះ បានត្រឡប់មកជួបម្ចាស់ដីវិញ តែពេលមកពេលនោះ មិនបានយកលុយមកឲ្យម្ចាស់ដីទេ គឺមកយកស៊ីទែនដាក់សាំង ផ្ញើគាត់តែប៉ណ្ណោះ រួចក៏ត្រឡប់ទៅវិញបាត់ដដែល។
លុះក្រោយមកក៏មិនដែលឃើញជនជាតិរូបនោះមកទៀតទេ ស្រាប់តែលេចបុគ្គលផ្សេងមកអះអាងថា ខ្លួនជាម្ចាស់កម្មសិទ្ធទៅវិញ។ លុះរហូតមកដល់ឆ្នាំ២០១៦ ស្រាប់តែ សាលក្រមចេញសេចក្តីសម្រេចឲ្យទៅបុគ្គលថ្មី ដែលអះអាងថា ជាម្ចាស់កម្មសិទ្ធដីទៅវិញ ខណៈដែលគ្រួសារគាត់ពុំបានដឹង និងពុំដែលបានស្គាល់មុខ បុគ្គលជាម្ចាស់ដីថ្មីនោះទេ។
លុះនៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧នេះ តុលាការកំពូល បានយកសាលដីការសម្រេចមកបិទនៅទីតាំងដីខាងលើ ឲ្យទៅខាងបុគ្គលថ្មីដែលអះអាងថា ជាម្ចាស់ដីឈ្នះ ខណៈដែលគ្រួសារដី ដែលរស់នៅតាំងពីឆ្នាំ១៩៧៩ មិនដែលស្គាល់មុខម្ចាស់ដីថ្មីនោះបែរជាចាញ់ទៅវិញ។ តែការយកសាលដីកាសម្រេចមកបិទនៅព្រឹកនេះ មិនបានធ្វើទេ ដោយសារតែមានប្រជាពលរដ្ឋជាច្រើននាក់ មកជួយតវ៉ា និងជំទាស់ ដូច្នេះទើបសាលដីការសម្រេចត្រូវបិទនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧វិញ។
ជាចុងក្រោយ ម្ចាស់ដីសំណូមពរឲ្យម្ចាស់ដីថ្មី ដែលគាត់ពុំដែលស្គាល់មុខ និងបានអះអាងថា បានទិញពីជនជាតិចិនឈ្មោះ ឡ ពន្លក ហៅ ឡ ស៊ីង មកជួបគាត់ ដើម្បីបញ្ជាក់ ពីរឿងលក់ទិញដី ពីគាត់ឲ្យច្បាស់។ ម្ចាស់ដីបានយាយទៀតថា ទោះបីជាសាលដីកាកាត់ឲ្យគាត់គ្រួសារគាត់ចាញ់ និងទុករយៈពេល៣០ថ្ងៃក្រោយ ដើម្បីឲ្យគ្រួសារគាត់ ចុះចេញ ក៏គាត់មិនចុះចេញដែរ បើសិនជាបុគ្គលថ្មី មកអះអាងថា ជាម្ចាស់ដីថ្មី និងបានទិញតពីជនជាតិចិន ហើយមានបណ្ណកាន់កាប់ដីទីតាំងខាងលើនេះក៏ដោយ គឺគាត់ចង់បានតែម៉្យាង គឺម្ចាស់ដីថ្មី ត្រូវតែនាំជនជាតិចិនឈ្មោះ ឡ ពន្លក មកជួបគាត់ ដើម្បីនិយាយគ្នាឲ្យបានច្បាស់សិន ព្រមទាំងបង្ហាញឯកសារទិញលក់ជាមួយគាត់កាលពីឆ្នាំ១៩៩១៕