(កំពត)៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧នេះថា ពេលនេះកម្លាំងនគរបាលខេត្ត កំពុងតាមប្រមាញ់ក្រុមឧក្រិដ្ឋជនឆ្លងដែន ជនជាតិចិនចំនួន១០នាក់ទៀត ដែលកំពុងរត់គេចខ្លួន។

លោកស្នងការបញ្ជាក់ថា ជនជាតិចិនដែលកំពុងតាមចាប់នេះ ជាបក្ខពួកក្រុមឧក្រិដ្ឋជនឆ្លងដែ​ន ដែលបង្ក្រាបកាលពីដើមខែកក្កដា ឆ្នាំ២០១៧កន្លងទៅ បានចំនួន៣៨នាក់ ក្នុងស្រី១១នាក់ ប៉ុន្ដែជនទាំង១០នាក់នេះ បានរត់គេចខ្លួនមុនពេលប្រតិបត្តិការបង្ក្រាប។

បើតាមលោកឧត្តមសេនីយ៍ទោស្នងការ ក្រុមឧក្រិដ្ឋជនទាំង១០នាក់នេះ មានខ្លះកំពុងលាក់ខ្លួននៅក្នុងទឹកដីខេត្តកំពត ហើយខ្លះទៀតលាក់ខ្លួននៅតាមបណ្ដាខេត្តផ្សេងៗ ប៉ុន្ដែក្រុមនេះមិនមានលិខិតឆ្លងដែនជាប់ខ្លួន​ទេ ព្រោះកម្លាំងនគរបាលបានដកហូតកាលពីប្រតិបតិ្តបង្ក្រាបលើកមុន។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ប្រសិនឃើញមុខសញ្ញាដូចរូប​ខាងក្រោមនេះ សូមរាយការណ៍មកកម្លាំងនគរបាលជាបន្ទាន់ តាមរយៈលេខទូរស័ព្ទ៖ ០៩២ ៧៧៧ ៥២៩, ០៩៧ ៩៩៩៩ ៧៥៦, ០១៦ ៥៣ ៥៣ ៧៧។

សូមជម្រាបថា កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានបើកប្រតិបត្តិការទ្រង់ទា្រយធំបង្ក្រាបក្រុមជនឧក្រិដ្ឋជនឆ្លងដែន ជនជាតិចិនបានចំនួន៧៤នាក់ ​នៅខេត្តកំពត, ខេត្តកណ្ដាល និងរាជធានីភ្នំពេញ ហើយត្រូវបានបណ្ដេញចេញពីកម្ពុជា នៅព្រឹកម្សិលមិញនេះ៕