(ត្បូងឃ្មុំ)៖ នាយឧត្ដមសេនីយ៍ ម៉ាឈឿន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា ដើម្បីទទួលបានភាពល្អប្រសើរ និងអភិវឌ្ឍន៍កាន់តែរលូន ក្នុងការអនុវត្ដន៍គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព
ចាំបាច់បំផុត គឺមន្ដ្រីគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងចំណេះ និងជំនាញ រួមជាមួយនឹងការអនុវត្ដន៍យ៉ាងសកម្ម តាមតួនាទីរបស់ខ្លួនផងដែរ ក្នុងការរក្សាបាន នូវសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ។
នាយឧត្ដមសេនីយ៍ ម៉ាឈឿន បានថ្លែងបែបនេះ ក្នុងឱកាសបូកសរុបលទ្ធផលការអនុវត្ដន៍គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ប្រចាំឆមាសទី១ និងដាក់ទិសដៅបន្ដ ឆមាសទី២ ឆ្នាំ២០១៧ នៅថ្ងៃទី០៦ ខែកក្កដា នៅស្នងការដ្ឋាននគរបាលខេត្ដត្បូងឃ្មុំ។
នាយឧត្ដមសេនីយ៍ ម៉ាឈឿន បានថ្លែងបន្ដថា «ក្នុងនាមយើងជាមន្ដ្រី កម្លាំងសមត្ថកិច្ច ដែលមានតួនាទីចម្បង ក្នុងការថែរក្សាសុខសន្ដិភាព និងដោះស្រាយនូវបញ្ហាជូនប្រពលរដ្ឋ ដូច្នេះ យើងត្រូវពង្រឹងចំណេះជំនាញ និងហ្វឹកហាត់ឲ្យបានស្ទាត់ជំនាញ ហេតុនេះ ខ្ញុំនឹងមានបើកវគ្គបណ្ដុះបណ្ដាលដល់មន្ដ្រីរបស់យើងឲ្យបានគ្រប់ៗគ្នា ដើម្បីជួយដល់ប្រជាពលរដ្ឋ ឲ្យទាន់ពេលវេលា ហើយក្នុងនោះ ពិសេសបំផុត គឺមានការចូលរួមចំណែក ពីប្រជាពលរដ្ឋផងដែរ»។
ទន្ទឹមនឹងនោះ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ ក៏បានថ្លែងផងដែរថា «ពិតណាស់ កម្លាំងសមត្ថកិច្ចរបស់យើង បានប្រឹងប្រែងណាស់ ទោះពេលខ្លះ នៅតែមានភាពខ្វះខាតមួយចំនួនក៏ដោយ តែត្រូវកៀរគរសាមគ្គីគ្នាបន្ថែមទៀត ជាមួយនឹងការពង្រឹងសមត្ថភាព ចំណេះជំនាញបន្ដ ដើម្បីជួយដល់ប្រជាពលរដ្ឋយើង ឲ្យបានកាន់តែប្រសើរថែមទៀត ជាក់ស្ដែង កន្លងមកនេះ នៅខេត្ដត្បូងឃ្មុំនេះ សមត្ថកិច្ចរបស់យើង បានបង្ក្រាប និងចាប់បានជនល្មើស យ៉ាងជោគជ័យ »៕