(បាត់ដំបង)៖ ក្រោយក្រសួងការងារថៃ បានធ្វើច្បាប់ថ្មីដោយរឹតបន្ដឹង និងដាក់ពិន័យធ្ងន់ធ្ងរចំពោះពលករណា ដែលមិនមានឯកសារត្រឹមត្រូវនោះ ពលករកម្ពុជាបាននាំគ្នាសម្រុកចូលមកប្រទេសកម្ពុជាវិញ ដើម្បីបំពេញឯកសារស្របច្បាប់ ហើយក្រៅពីចេញតាមច្រកទ្វារអន្ដរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ពលករទាំងអស់នោះ ក៏បានចេញតាមច្រកទ្វារផ្សេងៗ ដែលជាប់ព្រំដែនផងដែរ។
ជាក់ស្ដែង នៅឯច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង រយៈពេល៧ថ្ងៃមកនេះ ពលករខ្មែរប្រុសស្រី ចាស់ក្មេង ចំនួនជាង១,៦០០នាក់ហើយ ត្រូវបានសមត្ថកិច្ចថៃចាប់បញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ។
លោកឧត្តមសេនីយ៍ត្រី សៅ ប៊ុនរិទ្ធ នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិដូង ប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧នេះថា «គិតចាប់ពីថ្ងៃទី០១ ដល់ព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧នេះ ពលករខ្មែរ ដែលសមត្ថកិច្ចចាប់បញ្ជូនមកដីខ្មែរវិញ តាមច្រកដូងនោះ មានចំនួន១,៦១៣នាក់ ក្នុងនោះស្រី៦១៧នាក់ និងក្មេង៥៥នាក់»។
លោក ជា សុផាត អភិបាលស្រុកកំរៀង បានបញ្ជាក់ថា មូលហេតុដែលអាជ្ញាថៃបញ្ជូនពលករខ្មែរ មកវិញនេះ គឺគេកំណត់ឲ្យពលករខ្មែរមកបំពេញបែបបទ មានលិខិតឆ្លងដែនត្រឹមត្រូវស្របច្បាប់ ទើបអាជ្ញាធរថៃព្រមទទួលស្គាល់ ជាពលករស្របច្បាប់វិញដែរ នឹងទទួលឲ្យធ្វើការនៅលើទឹកដីថៃដូចមុនបាន។
សូមជម្រាបថា មន្ត្រីស្នាក់ការនគរបាលប្រឆាំងការជួញដួរមនុស្ស ក្រុងប៉ោយប៉ែត បានបញ្ជាក់ថា រយៈពេល១១ថ្ងៃមកនេះ ពលករខ្មែរប្រុសស្រីចាស់ក្មេងជិត៤,០០០នាក់ហើយ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន និងបានបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត៕