(ភ្នំពេញ)៖ យុវតីខ្មែរ នុត មុនីនាថ ដែលមានវ័យទើបតែ២០ឆ្នាំ បានសម្រេចចិត្តបើកហាងកាហ្វេយ៉ាងធំមួយ ក្នុងរាជធានីភ្នំពេញដោយខ្លួនឯង បន្ទាប់ពីមានការជួយជ្រុមជ្រែង ពីឪពុកម្ដាយ ហើយលោកក៏បញ្ឈប់ការយកថវិកាពីឪពុកម្ដាយ មកចាយវាយបន្តទៅទៀត។
ក្នុងពិធីបើកសម្ពោធហាងកាហ្វេថ្មីរបស់ខ្លួនដែលមានឈ្មោះថា «Cam Cup Cafe'» យុវតីដែលសម្រេចបើកអាជីវកម្មសាងអនាគតរបស់ខ្លួន ទាំងវ័យទើប២០ឆ្នាំ នុត មុនីនាថ បានបញ្ជាក់ថា ប្រសិនបើកញ្ញានៅតែបន្ដយកថវិកាពីឪពុកម្ដាយ កញ្ញាមិនអាចឲ្យធ្វើជាម្ចាស់ការលើខ្លួនឯងនោះទេ ហើយមួយវិញទៀតឪពុកម្ដាយ មិនអាចនៅចិញ្ចឹមរូបគាត់បានមួយជីវិតនោះឡើយ។
យុវតីរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «ការបើកហាងកាហ្វេថ្មីនេះ គឺខ្ញុំគិតយូរណាស់ហើយ ប៉ុន្ដែចេះតែមិនបានសម្រេច ហើយទើបតែពេលនេះបានសម្រេច។ កាលដែលយើងបើកហាងខ្លួនឯងនេះ វាប្រសើរជាងយើងនៅបន្ដយកលុយពីគាត់ចាយ (ឪពុកម្ដាយ) ព្រោះថាគាត់មិនអាចនៅបន្ដចិញ្ចឹមយើង ឬក៏ឲ្យលុយយើងចាយរហូត បាននោះទេ»។
បើតាមកញ្ញា នុត មុនីនាថ ថាការសម្រេចចិត្តបើកហាងដោយខ្លួនឯងនេះ គឺដើម្បីរៀនរស់ដោយខ្លួនឯង និងចេះខិតខំប្រឹងប្រែងរកស៊ីខ្លួនឯង។ មួយវិញទៀត ដើម្បីប្រឡូកក្នុងសង្គមឲ្យបានកាន់តែច្បាស់ និងស្វែងយល់កាន់តែច្បាស់ការលំបាកក្នុងការប្រកបរបររកស៊ី និងជួយលើកតម្កើង ទូលេខប្រៃសណីយ៍កម្ពុជា សម្រាប់ភ្ញៀវជាតិ អន្តរជាតិចូលមកពិសារកាហ្វេ ដែលជាស្នាដៃខិតខំប្រឹងប្រែងរបស់ក្រុមការងារ របស់ក្រុមការងារកញ្ញា ដែលបានសិក្សាស្រាវជ្រាវកន្លងមក ហើយហាងកាហ្វេមួយនេះមិនមែនគ្រាន់តែ ជាហាងកាហ្វេនោះទេប៉ុន្តែវា គឺជាសារៈមន្ទីរ ដោយបានយកវត្ថុចាស់ៗ របស់ប្រៃសណីយ៍កម្ពុជាមកដាក់តាំងសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិបានទស្សនាផងដែរ។
ហាងដែលកញ្ញា នុត មុនីនាថ ចាប់ផ្ដើមដំណើរការនេះ មានឈ្មោះថា «Cam Cup Cafe'» កញ្ញា និងក្រុមការងារចង់លើបង្ហាញគោលបំណងធំៗ ចំនួន៣ នៃការបើកហាងនេះ គឺទី១៖ ចង់ផ្សព្វផ្សាយពី Brand Name នៅក្នុងស្រុកដែលបង្កើតឡើងដោយក្រុមយុវវ័យខ្មែរ, ទី២៖ ចង់ឲ្យអតិថិជនគ្រប់ស្រទាប់វ័យបានភ្លក់នៅរសជាតិកាហ្វេស្រស់ធម្មជាតិនឹងអាហារដែលគ្មានជាតិគីមី ទី៣៖ ចង់អភិរក្សនូវសម្ធតិផលចាស់ៗ របស់ប្រៃសនីយ៍កម្ពុជា ដើម្បីដាក់បង្ហាញឲ្យភ្ញៀវជាតិ នឹងអន្តរជាតិបានចូលមកទស្សនានៅក្នុងកូនសារះមន្ទីរប្រៃសនីយ៍តូចមួយនេះនឹងពិសាកាហ្វេដោយក្តីរីករាយ។ ដែលហាងនេះមានទីតាំងនៅជាប់ប្រៃសណីយ៍កម្ពុជា លើផ្លូវលេខ១៣ (ហៅផ្លូវព្រះអង្គអេង) កាច់ជ្រុងផ្លូវ១០២ (ហៅផ្លូវព្រះអង្គនន្ទ) សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានតែមួយទីតាំងប៉ុណ្ណោះនៅកម្ពុជា ហើយបានសម្ភោធលក់ជាផ្លូវការនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧នេះតទៅ។
មិនតែប៉ុណ្ណោះកញ្ញា និងក្រុមការងារបានសម្តែងអំណរគុណដល់ប្រៃសណីយ៍កម្ពុជា ដែលបានផ្តល់ឱកាសឲ្យក្រុមយុវ័យជំនាន់ ក្រោយបានអភិរក្សនូវសម្ភារៈចាស់ៗ របស់ប្រៃសណីយ៍កម្ពុជា តាមរយៈការរៀបចំជាលក្ខណៈសារមន្ទីរប្រៃសណីយ៍តូចមួយសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិចូលមកទស្សនាផងដែរ។
ពាក់ព័ន្ធនឹងការបើកហាងការហ្វេថ្មីនេះ ដោយសារមានការជួយជ្រោមជ្រែងពីប្រៃសណីយ៍កម្ពុជា ដែលបានផ្តល់ឱកាសឲ្យរូបកញ្ញា រួមជាមួយក្រុមការងារបានបើកហាងកាហ្វេថ្មីមួយនេះសម្រាប់បម្រើដល់អតិថិជនជាតិ និងអន្តរជាតិបានភ្លក់រសជាតិកាហ្វេថ្មី ដែលជាស្នាដៃរបស់កូនខ្មែរពិតៗ ហើយកញ្ញ និងក្រុមសូមសំណូមដល់អតិថិជនទាំងអស់មេត្តាជួយគាំទ្រហ្វ្រេនក្នុងស្រុក ( Local Brand ) ឲ្យបានច្រើនកុះករ៕