(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅក្នុងបុរីសន្តិភាព២ ភូមិត្រាំដោត និងភូមិត្រពាំងសិលា សង្កាត់ពងទឹក ខណ្ឌដង្កោ បានសាទរចំពោះអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ដែលបានចាត់ឲ្យមន្រ្តីជំនាញ និងអាជ្ញាធរ ចុះទៅដោះស្រាយជូនពួកគាត់ទាន់ពេលវេលា បន្ទាប់ពីមានជម្លោះជាមួយក្រុមហ៊ុន 7NG រឿងធ្វើខុសពីកិច្ចសន្យា ពីដំបូងដែលពួកគាត់បានទៅទិញផ្ទះល្វែងនៅទីនោះ។
អ្វីដែលប្រជាពលរដ្ឋនាំគ្នាតវ៉ានោះ គឺថា ពេលចុះកិច្ចសន្យាទិញផ្ទះពីដំបូង ក្រុមហ៊ុនមួយនេះបានបញ្ជាក់ថា មានការលក់ដូរ ជួល និងសាងសង់សំណង់រឹងផ្សេងៗ នៅលើចំណតរថយន្តក្រុង សួនច្បារ ឬដីសាធារណៈ ដែលនៅក្នុងគម្រោងប្លង់នោះទេ ប៉ុន្តែនៅថ្មីៗនេះ ស្រាប់តែមានព័ត៌មានថា ក្រុមហ៊ុនកំពុងដាក់លក់ទីតាំងទាំងនេះ លក់ និងជួលទៅឲ្យឯកជន។
នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ លោក អៀង អូននី អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង បានដឹកនាំមន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យដើម្បីស្វែងរកដំណោះស្រាយ ជូនប្រជាពលរដ្ឋ។ ការចុះពិនិត្យនេះក្រោយទទួលបានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ រស់នៅក្នុងបុរីសន្តិភាព២ ដោយកើតទុកមិនសុខចិត្តចំពោះក្រុមហ៊ុន 7NG ដែលបានរំលោភកិច្ចសន្យាទិញលក់ផ្ទះ។
នៅក្នុងពាក្យបណ្តឹង ប្រជាពលរដ្ឋ បានស្នើឲ្យអាជ្ញាធរជួយអន្តរាគមន៍ជួយទប់ស្កាត់មិនឲ្យក្រុមហ៊ុន 7NG លក់ដូរ ជួល និងសាងសង់សំណង់រឹងផ្សេងៗ នៅលើចំណតរថយន្តក្រុង សួនច្បារ ឬដីសាធារណៈ ដែលនៅក្នុងគម្រោងប្លង់ ស្រាប់តែថ្មីៗនេះ ក្រុមហ៊ុនកំពុងដាក់លក់ទីតាំងទាំងនេះ ដែលខុសនឹងកិច្ចសន្យាដែលបានធ្វើជាមួយពួកគាត់។
ក្នុងជំនួបនេះលោក អៀង អូននី បានទទួលយកសំណើរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយ។ លោកអភិបាលរង បានបញ្ជាឲ្យអាជ្ញាធរខណ្ឌដង្កោ ដែលមានលោក ជ គឹមស៊ ដោះស្រាយជូនប្រជាពលរដ្ឋជាបន្ទាន់។ បញ្ហាប្រឈមដែលត្រូវដោះស្រាយនៅចំពោះពេលនេះរួមមាន៖ ការប្រមូលសំរាម ការដាក់ប៉ុស្តិ៍ប្រចាំ២៤ម៉ោងលើ២៤ម៉ោង និងឲ្យរក្សាស្ថានភាពដើម នៃផ្សារ ទីធ្លាសាធារណៈនៅដដែល។
លោកក៏កោះហៅក្រុមហ៊ុនមកប្រជុំសម្របសម្រួល ដើម្បីដោះស្រាយជូនបងប្អូន តែបញ្ហាខ្លះមិនអាចត្រឡប់ដូចស្ថានភាពដើមទេ ប៉ុន្តែយើងអាចរកដំណោះស្រាយថ្មីបាន។
ឆ្លើយតបនឹងសំណូមពរប្រជាពលរដ្ឋថា ក្រុមហ៊ុនលក់ទីតាំងសាធារណៈ ដូចជា៖ សួនច្បារ ចំណតរថយន្តក្រុង ចំពីផ្លូវសាធារណៈ ឲ្យសង់លំនៅឋានខុសនឹងកិច្ចសន្យាពីមុនរបស់ ក្រុមហ៊ុននោះ លោក អៀង អូននី បានបញ្ជាក់ថា «ចាប់ពីថ្ងៃនេះតទៅ រាល់សំណង់ទាំងឡាយណា ដែលសង់ពុំមានច្បាប់អនុញ្ញាត ត្រូវហាមឃាត់ជាដាច់ខាត»។
ជាមួយគ្នានេះ ដើម្បីឲ្យបងប្អូនសហគមន៍ ងាយស្រួលក្នុងការធ្វើដំណើរទៅធ្វើការ ឬចេញប្រកបរកទទួលទានផ្សេងៗ លោក អៀង អូននី បានដាក់រថយន្តក្រុងមួយខ្សែ បម្រើសេវាសាធារណៈដល់សហគមន៍របស់ប្រជាជន ទៅតាមសំណើរបស់ពួកគាត់ ដែលរស់នៅក្នុងតំបន់នោះដូចដើមឡើងវិញផងដែរ៕