(ភ្នំពេញ)៖ បន្ទាប់ពីបែកធ្លាយព័ត៌មានថា ផលិផលរបស់ហុងកុង Oyster Sauce មានសារធាតុគីមី (Propyl Para hydroxybenzoate ) ហើយត្រូវអាជ្ញាធរហុងកុង ប្រកាសឲ្យប្រមូលទៅវិញ ដូច្នេះកុំឲ្យមានការយល់ច្រឡំ ជាមួយផលិតផលថៃ ក្រុមហ៊ុនសូរីនៅប្រទេសថៃ ដែលលក់គ្រឿងទេស និងកំពុងពេញនិយម នៅកម្ពុជា ក៏បានអញ្ជើញអ្នកសារព័ត៌មានកម្ពុជា ទៅទស្សនកិច្ចដល់រោងចក្រតែម្តង ដើម្បីបញ្ជាក់ថាក្រុមហ៊ុនខ្លួន មានការយកចិត្តទុកដាក់ខ្ពស់លើគុណភាព និងអនាម័យ ពិសេសគ្មានសារធាតុគីមីឡើយ។
នាយករងនៃក្រុមហ៊ុនសូរី លោក Smith Wattanaporn បានថ្លែងថា ក្រុមហ៊ុនសូរី ត្រូវបានបង្កើតឡើងដោយលោក ស៊ុងឆៃ វ៉ាត់ថាណាផន នៅឆ្នាំ១៩៩៥ ហើយនាំចេញច្រើនជាង៥៥ប្រទេស ជុំវិញពិភពលោក។ រោងចក្រ ត្រូវបានទទួលស្គាល់ ដោយមានអាជ្ញាប័ណ្ណ បញ្ជាក់ពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ រួមមាន GMP HACCP ISO 9001 FSSC 22000 BRC Halal។
លោកបានបន្ថែមទៀតថា «ដើម្បីក្លាយជាសហគ្រាសល្អមួយ ក្រុមហ៊ុនបានយកចិត្តទុកដាក់រាល់ដំណាក់កាលនៃផលិតផល ដែលចាប់ផ្តើមពីការជ្រើសរើសវត្ថុធាតុដើម បច្ចេកវិទ្យាដែលមានតួនាទីខ្ពស់ និងច្នៃប្រឌិត កម្រិតអនាម័យ និងសុវត្ថិភាពម្ហូបអាហារ ហើយខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលផលិតផលរបស់ខ្ញុំ ដែលបន្តពីដូនតារបស់ខ្ញុំ នៅតែមានអាចពង្រីកទីផ្សារ ដោយសារយើងផ្តល់តម្លៃខ្ពស់លើអនាម័យ និងសុវត្ថិភាព ពិសេសក្រុមហ៊ុនខ្ញុំ មិនដាក់សារធាតុគីមីដើម្បីរក្សាបានយូរនោះឡើយ» ។
អ្នកគ្រប់គ្រងរោងចក្រ លោក Wichit Tunsuwunnont បានថ្លែងថា «វត្ថុធាតុដើមរបស់យើងភាគច្រើន ត្រូវបានបញ្ជាទិញ ពីកសិករក្នុងស្រុករបស់ថៃ ហើយយើងក៏បានធ្វើកិច្ចព្រមព្រៀង ជាមួយកសិករទាំងអស់នោះផងដែរ ដើម្បីធានាថាវត្ថុធាតុដើមទាំងនោះ បំពេញតាមបំណងរបស់យើង ពិសេសគ្មានសារធាតុគីមី ហើយជាងនេះទៅទៀត យើងក៏បានបណ្តុះបណ្តាលពួកគាត់ត្រឹមត្រូវផងដែរ។ រាល់ដំណាក់កាលនៃការផលិត ទាមទារឲ្យមានការពិសោធន៍ នៅក្នុងបន្ទប់ពិសោធន៍ត្រឹមត្រូវ ដោយសារពួកយើង បានលះបង់កម្លាំង កាយចិត្តដើម្បីធានាថាផលិតផលសូរី មានគុណភាពល្អសម្រាប់លោកអ្នក»។
សូមជម្រាបថា ផលិតផលសូរី ត្រូវបាននាំចេញទៅលក់នៅក្រៅប្រទេសច្រើនជាង៥៥ប្រទេស ដូចជាសហភាពអឺរ៉ុប អូស្រ្តាលី អាមេរិក អាហ្វ្រិកកណ្តាល អារ៉ាប់រួម និងអាស៊ីអាគ្នេយ៍ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុនសូរី បានផ្តោតលើទីផ្សារក្រៅស្រុក រហូតទៅដល់៩០ភាគរយ ហើយចំណូលក្នុងមួយៗ ជាង២,២០០លានបាត និងគ្រោងសម្រេចឲ្យបាន២,៥០០លានដុល្លារអាមេរិក៕