(ភ្នំពេញ)៖ សមាគមបាក់បែកឆ្អឹងប្រទេសកម្ពុជា សមាគមវៈកាត់ប្រព័ន្ធប្រសាទកម្ពុជា សហការជាមួយសមាគម Asia Pacific Spine Society (ផ្នែកបាក់បែកឆ្អឹង សរុប១៨ប្រទេស) ដោយឧបត្ថម្ភគាំទ្រពីមនី្ទរពេទ្យមិត្តភាពខ្មែរ សូវៀត បានបើកវគ្គបណ្តុះបណ្តាលជូនលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ មកពីរាជធានី ខេត្ត ចំនួន៩០រូប ស្តីពីការវៈកាត់ឆ្អឹងខ្នង ។
លោកសាស្រាចារ្យ ងី ម៉េង ប្រធានមនី្ទរពេទ្យមិត្តភាពខ្មែរ សូវៀត បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះ ជាឱកាសមាសសម្រាប់កម្ពុជា ជាពិសេសសម្រាប់កូនខ្មែរ ផ្នែកវៈកាត់ប្រព័ន្ធឆ្អឹង ចូលរួមសហការគ្នាអភិវឌ្ឍន៍ផ្នែកនេះ ឲ្យរីកចំរើនទៅមុខ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្រាន់ ហើយវគ្គបណ្តុះបណ្តាលបន្តនេះ មានរយៈពេល២ថ្ងៃ គឺវិធីព្យាបាល និងវិធីធ្វើរោគវិនិច្ឆ័យទៅលើការវៈកាត់ឆ្អឹងខ្នង។
លោកបានថ្លែងបន្ដថា «ជាទូទៅយើងជាមន្ដ្រីសុខាភិបាល យើងបានខិតខំប្រឹងប្រែងខ្លាំងណាស់ ទាំងសមាគម ទាំងក្រសួងសុខាភិបាល ដោយមើលឃើញពីផលប៉ះពាល់ពីជំងឺឆ្អឹង ដែលបណ្ដាលឲ្យប្រជាពលរដ្ឋមានបញ្ហា ជំងឺឆ្អឹងខ្នងជាជំងឺ បណ្ដាលពីការលំបាក នៃការធ្វើការងារធ្ងន់ធ្ងរ ឬការងារមិនបានត្រឹមត្រូវ ឬបណ្ដាលមកពីការព្យាបាលមិនបានត្រឹមត្រូវជាដើម»។
លោកសាស្រ្តាចារ្យ គូនីយូស៊ីក អាបូមី (Kuniyoshi Abumi) តំណាងសមាគម Asia Pacific Spine Society បានលើកឡើងផងដែរថា ថ្ងៃទី០៦កក្កដានេះ សមាគមរបស់លោក សហការជាមួយសមាគមក្នុងប្រទេសកម្ពុជា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ទាំងជំនាញ និងបច្ចេកទេសថ្មីៗ ជូនដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យនៅកម្ពុជា ជាពិសេសលោកគ្រូ អ្នកគ្រូពេទ្យ តាមបណ្តាមនី្ទររដ្ឋនានាក្នុងប្រទេសកម្ពុជា ទទួលបាននូវការវិវត្តន៍នៃជំងឺឆ្អឹង ដោយប្រើបច្ចេកវិទ្យាថ្មីៗ ក្នុងការព្យាបាលជំងឺ ។
ប្រធានសមាគមវៈកាត់ឆ្អឹងបាក់បែកឆ្អឹង និងជាអនុប្រធានមនី្ទរពេទ្យមិត្តភាពខ្មែរ សូវៀត លោកសាស្រ្តាចារ្យ លឹម តាំង បានបញ្ជាក់ផងដែរថា ក្នុងនាមជាមន្រី្តសុខាភិបាលខិតខំប្រឹងប្រែងខ្លាំងណាស់ ទាំងសមាគម ទាំងក្រសួងសុខាភិបាល ដោយមើលឃើញពីការប៉ះពាល់ នៃជំងឺឆ្អឹងដែលបណ្តាលឲ្យប្រជាជនមានបញ្ហាជំងឺឆ្អឹងខ្នង ដោយជាមធ្យមប្រជាពលរដ្ឋ មានបញ្ហាជំងឺឆ្អឹងខ្នង ជាមធ្យមមានប្រមាណពី១០ ទៅ១៥នាក់ មកសម្រាក និងព្យាបាលក្នុងមនី្ទរពេទ្យមិត្តភាពខ្មែរ សូវៀត ក្នុងនោះប្រជាពលរដ្ឋពី១០ ទៅ១៥នាក់នោះ មានពាក់ព័ន្ធជំងឺឆ្អឹងខ្នង មាន៥ ទៅ៦នាក់ ក្រៅពីគឺបាក់បែកឆ្អឹង ដោយការប៉ះទង្គិច ដោយសារគ្រោះថ្នាក់ចរាចរណ៍ ។
ដោយឡែកប្រធានសមាគមវៈកាត់ប្រព័ន្ធប្រសាទកម្ពុជា លោកសាស្រ្តាចារ្យ អ៊ីវ វិចិត្រ បានថ្លែងថា «ជំងឺវៈកាត់ឆ្អឹងខ្នងនេះ គឺយើងបានដើរលើផ្លូវដ៏វែងឆ្ងាយរួចមកហើយ ប៉ុន្តែសមាគមវៈកាត់ប្រព័ន្ធប្រសាទកម្ពុជាតែមួយ មិនអាចដោះស្រាយបញ្ហា ជូនប្រជាជនកម្ពុជាទាំងអស់ បាននោះទេ នៅមានការងារជាច្រើន ដែលត្រូវអភិវឌ្ឍវិស័យឆ្អឹងខ្នងនេះ ដោយសមាគមបានព្យាបាលជំងឺនេះ បានច្រើនរួចមកហើយ និងបានជាសះស្បើយដូចបណ្តាប្រទេសជិតខាងផងដែរ» ។