(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា កម្ពុជានឹងបើកយុទ្ធនាការ ១០០ថ្ងៃ ដើម្បីផ្តល់លិខិតឆ្លងដែនដែលសេសសល់ ១៦ម៉ឺនជូនទៅពលករខ្មែរកំពុងធ្វើការងារនៅក្នុងប្រទេសថៃ ព្រមទាំងធ្វើលិខិតឆ្លងដែនជូនពលករដែលមិនទាន់មានលិខិតឆ្លងដែរ ហើយការធ្វើនេះចំណាយពេលត្រឹមតែមួយថ្ងៃជាមួយតម្លៃ ២,៣៥០បាត ស្មើនឹងជាង ៦៨ដុល្លារ។
ការបញ្ជាក់របស់លោក អ៉ិត សំហេង បានធ្វើឡើងនៅយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧នេះ បន្ទាប់ពីរូបលោកបានត្រឡប់មកពីប្រទេសថៃ ដើម្បីជួបជជែកពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងការងារថៃ រឿងពលករខ្មែរ ដែលកំពុងបម្រើការងារនៅក្នុងប្រទេសថៃ។
បើតាមលោក អ៉ិត សំហេង តាមកិច្ចពិភាក្សានោះទទួលបានលទ្ធផលជាច្រើនសម្រាប់ជាប្រយោជន៍ជូនទៅពលករខ្មែរនៅថៃ ជាពិសេស ពលករដែលកំពុងធ្វើការងារខុសច្បាប់។ លោក អ៉ិត សំហេង បានគូសបញ្ជាក់ថា នៅពេលនេះរាជរដ្ឋាភិបាលថៃ បានសម្រេចព្យួរការអនុវត្តន៍ច្បាប់ថ្មីរបស់ខ្លួនរហូតដល់ដាច់ឆ្នាំ២០១៧ ដែលជាការផ្តល់ឱកាសឲ្យពលករខុសច្បាប់នៅក្នុងប្រទេសថៃ មិនមែនតែពលករខ្មែរនោះទេ ទៅបំពេញបែបបទ និងលិខិតស្នាមផ្សេងៗឲ្យក្លាយជាពលករស្របច្បាប់។
បើតាមលោក អ៉ិត សំហេង អាជ្ញាធរថៃក៏បានផ្តល់ការអនុគ្រោះធំមួយទៀតសម្រាប់ពលករខ្មែរ ដោយប្រើរយៈពេល ១៥ថ្ងៃ ក្នុងចន្លោះពីថ្ងៃ ទី២៤ ខែកក្កដា ដល់ថ្ងៃទី៧ ខែវិច្ឆិកា ដើម្បីបើកមជ្ឈមណ្ឌលទទួលធ្វើឯកសារបណ្តោះអាសន្នជូនឲ្យពលករខ្មែររៀបចំបែបបទអត្តសញ្ញាណ ដើម្បីធ្វើឲ្យស្របច្បាប់។ មជ្ឈមណ្ឌលនេះ មានទីតាំងចំនួន ១០នៅក្នុងទីក្រុងបាងកក និងនៅតាមបណ្តាខេត្តធំៗ។
លោករដ្ឋមន្រ្តី អ៉ិត សំហេង បានឲ្យដឹងផងដែរថា បច្ចុប្បន្ននេះពលករខ្មែរដែលកំពុងបម្រើការងារនៅក្នុងប្រទេសថៃ មានចំនួន ១លាន ៥ម៉ឺននាក់ ក្នុងនោះមានពលករ ៧៥ម៉ឺននាក់ មានភាពស្របច្បាប់ ដោយឡែក ៣០ម៉ឺននាក់ទៀតមិនទាន់ស្របច្បាប់នោះទេ។ ដើម្បីជួយឲ្យ ពលករមិនទាន់ស្របច្បាប់នេះ ក្លាយជាពលករស្របច្បាប់លោក អ៉ិន សំហេង បានដាក់ចេញយុទ្ធនាការ ១០០ថ្ងៃ ក្នុងការចែកលិខិតឆ្លង ដែលមិនទាន់ចែកអស់នាពេលកន្លងមកចំនួនជាង ១៦ម៉ឺនបណ្ណ ព្រមទាំងធ្វើលិខិតឆ្លងដែនថ្មីជូនអ្នកដែលមិនទាន់មាន។
សូមរំលឹកថា កាលពីឆ្នាំ២០១៥កន្លងទៅ ក្រសួងការងារ និងក្រសួងពាក់ព័ន្ធធ្លាប់បានចុះទៅធ្វើលិខិតឆ្លងដែនជូនពលករខ្មែរដល់ប្រទេស ថៃរួចម្តងមកហើយ ដើម្បីជួយឲ្យពួកគេក្លាយជាពលករស្របច្បាប់។ បើតាមលោក អ៉ិត សំហេង ការធ្វើលិខិតឆ្លងដែននាពេលនោះ គឺបានចំនួន ២៣ម៉ឺននាក់ តែប្រគល់បានតែ ៧ម៉ឺននាក់ប៉ុណ្ណោះ ដោយឡែក ១៦ម៉ឺននាក់ផ្សេងទៀត មិនទាន់បានប្រគល់នៅឡើយនោះទេ។
ដើម្បីប្រគល់លិខិតឆ្លងដែនដែលនៅសេសសល់ ១៦ម៉ឺននាក់នេះ លោក អ៉ិត សំហេង បានបញ្ជាក់ថា ក្រសួងនឹងដាក់ចេញយុទ្ធនាការ ១០០ថ្ងៃ ដោយបោះទីតាំងនៅតាមខេត្តធំៗរង់ចាំផ្តល់លិខិតឆ្លងដែនជូនពលករដែលមិនទាន់ទទួលបណ្ណ ព្រមទាំងបង្កើតក្រុមការងារចល័តចំនួន ៤ក្រុមចុះទៅដល់រោងចក្រ៥០ ដើម្បីជួបជាមួយនិយោជក និងពលកររៀបចំចែកផ្ទាល់តែម្តង។
ក្រៅពីការចែកលិខិតឆ្លងដែនដែលនីសេសសល់ បើតាមលោក អ៉ិត សំហេង ក្នុងយុទ្ធនាការ ១០០ថ្ងៃនេះ ក្រសួងការងារ និងក្រសួងពាក់ ព័ន្ធ ក៏នឹងបើកការធ្វើលិខិតឆ្លងដែនថ្មីជូនពលករមិនទាន់មានលិខិតឆ្លងដែនផងដែរ។ ការធ្វើលិខិតឆ្លងដែនលើកនេះ គឺមានការឆាប់រហ័ស ជាពេលមុន ពោលគឺធ្វើតែមួយថ្ងៃបានតែម្តងជាមួយតម្លៃ ២,៣៥០បាត គឺស្មើនិងជាង ៦៨ដុល្លារអាមេរិក ហើយគ្រោងធ្វើឲ្យបាន ៥០០នាក់ក្នុងមួយថ្ងៃ។
តែការធ្វើនេះ នឹងចាប់ផ្តើមធ្វើជាមួយពលករផ្នែកនេសាទមុនគេ ដែលមានភាគច្រើននៅក្នុងខេត្តរ៉ាក់យ៉ង និងខេត្តសុងខ្លា បន្ទាប់មកនឹងធ្វើ ទៅលើផ្នែកផ្សេងៗទៀត។
ថ្លែងក្នុងសិន្នសីទសារព័ត៌មាន បន្ទាប់ពីដឹកនាំប្រតិភូត្រឡប់មកពីប្រជុំនៅប្រទេសថៃវិញ លោក អ៉ិត សំហេង បានបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងបើកនូវយុទ្ធនាការទ្រង់ទ្រាយធំរយៈពេល១០០ថ្ងៃ ហើយយុទ្ធនាការនេះគឺទី១៖ ផ្ដល់លិខិតឆ្លងដែនដែលនៅសល់១៦ម៉ឺននាក់ ជូនពលករយើងដោយបង្កើតក្រុមការងារ និងមជ្ឈមណ្ឌលរបស់យើងនៅតាមខេត្តដែលធំៗ ដែលមានពលកររបស់យើងធ្វើលិខិតឆ្លងដែនច្រើន, ទី២៖ យើងនឹងបង្កើតក្រុមចល័តចំនួន៤ក្រុម ហើយមួយក្រុមទៅដល់រោងចក្រ៥០ ដើម្បីចុះទៅជួបផ្ទាល់ជាមួយនិយោជក និងពលករ ប្រសិនបើពលករផ្លាស់ទីកន្លែងយើងនឹងរៀបចំចែកផ្ទាល់ជូនបងប្អូនតែម្ដង»។
លោក អ៉ិត សំហេង បានគូសបញ្ជាក់ដែរថា ក្នុងពេលយុទ្ធនាការ១០០ថ្ងៃនេះ ក្រុមការងាររបស់កម្ពុជា បានស្នើឲ្យភាគីថៃ ចូលរួមជាមួយផងដែរ ព្រោះថានៅពេលកម្ពុជាផ្ដល់លិខិតឆ្លងដែនជូនពលកររួចរាល់ ពេលនោះអាចមានឱកាសឲ្យភាគីផ្ដល់នូវទិដ្ឋាការស្នាក់ជូនភ្លាមៗ តែម្ដង ហើយការងារបន្ដទៀត វានឹងធ្វើទៅតាមនីតិវិធីអាជ្ញាធររបស់ថៃ។
សូមបញ្ជាក់ថា នាថ្មីៗនេះ រាជរដ្ឋាភិបាលថៃ បានចេញច្បាប់ថ្មីៗមួយ ដោយធ្វើការរឹតបន្តឹងខ្លាំងទៅលើពលករបរទេស ដែលទៅធ្វើការងារនៅប្រទេស។ ច្បាប់នេះ មានការដាក់ទោសធ្ងន់ធ្ងរ ដល់ពលករបរទេស និងថៅកែថៃទាំងឡាយណា ដែលធ្វើការខុសច្បាប់ ឬទទួលយកពលករបរទេសធ្វើការ ដោយមិនមានច្បាប់អនុញ្ញាត ប៉ុន្ដែទោះជាយ៉ាងណាច្បាប់ថ្មីនេះ ត្រូវបានពន្យាពេលអនុវត្តន៍រហូតដល់៦ខែ ដើម្បីទុកឱកាសឲ្យពលករទាំងអស់បំពេញឯកសារ៕