(ភ្នំពេញ)៖ យោងតាមការប្រកាសឲ្យដឹង ពីអ្នកគ្រប់គ្រងនៅកោះរ៉ុង សណ្ឋាគារប្រណិតផ្កាយ៥ «រ៉ូយ៉ាល់សេនកោះរ៉ុង» នៅរមណីដ្ឋានកោះរ៉ុង នឹងគ្រោងសាងសង់ឲ្យរួចរាល់នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧នេះ។
សណ្ឋាគារផ្កាយ៥ «រ៉ូយ៉ាល់សេនកោះរ៉ុង» បានសម្ពោធសាងសង់នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ដោយត្រូវចំណាយទុនវិនិយោគជាង២០លានដុល្លារអាមេរិកដើម្បីឆ្លើយតបនឹងកំណើនភ្ញៀវទេសចរដែលកើនឡើងជាលំដាប់រហូតដល់ទៅ៩៧% ជាជនបរទេស។
ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ បានអនុញ្ញាតច្បាប់សាងសង់សណ្ឋាគារផ្កាយ៥ «រ៉ូយ៉ាល់សេនកោះរ៉ុង» ដែលនៅក្នុងនោះ
កសាងជាសណ្ឋាគារលំដាប់ផ្កាយ៥ បែបជាផ្ទះវីឡាជិត១០០បន្ទប់ភ្ជាប់ដោយអាងហែលទឹកខាងមុខ ហើយនឹងមានអាគារផ្សេងៗទៀតដូចជា៖ ភោជនីយដ្ឋាន, បានីយដ្ឋាន, អាគារបដិសណ្ឋារកិច្ច, អាគារស្នាក់នៅរបស់បុគ្គលិក, អាគារការិយាល័យ រួមទាំងមានកំពង់ផែទេសចរណ៍ផងដែរ។
តម្លៃលើសពីនេះ វត្តមាននៃសណ្ឋាគារលំដាប់ផ្កាយ៥ «រ៉ូយ៉ាល់សេនកោះរ៉ុង» ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងវិនិយោគិនមកពីប្រទេសស្វីស ត្រូវបានរំពឹងថា នឹងធ្វើឲ្យតំបន់កោះរ៉ុងនៃកម្ពុជា នេះកាន់តែមានការរីកចម្រើនខ្លាំងក្លាថែមទៀត ដែលនឹងរួមចំណែកទាំងវិស័យទេសចរ បង្កើតការងារដល់ប្រជាជន បង្កើនចំណូលជីវភាពប្រជាជន និងបង្កើនចំណូលសេដ្ឋកិច្ចជាតិ។
លោក Luzi Matzig ជនជាតិស្វីសដែលដៃគូវិនិយោគសណ្ឋាគារនេះជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានថ្លែងដឹងថា កោះរុងគឺជាតំបន់មួយដែលមានឆ្នេរខ្សាច់វែងដល់ទៅ៦,៥គីឡូម៉ែត និងមានខ្សាច់ស្អាត់បំផុតនៅក្នុងតំបន់អាស៊ី។ តាមរយៈសក្តានុពលនេះ វានឹងធ្វើឲ្យកោះរ៉ុងក្លាយជាទីទាក់ទាញទេសចរណ៍ដ៏សំខាន់នៅក្នុងតំបន់អាស៊ី។
សូមបញ្ជាក់ថា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបតែមួយគត់ដែលទទួលបានសិទ្ធិសម្បទានវិនិយោគលលើកោះរ៉ុងពីរាជរដ្ឋាភិបាលកម្ពុជាតាំងពីតាំងពីឆ្នាំ២០០៨ និងបានគាំពារដោយផ្លូវច្បាប់ពេញលេញ។ កន្លងមកជនអាណាធិបតេយ្យបានបំផ្លាញបរិស្ថានធម្មជាតិ ព្រៃឈើ និងទន្ទ្រានចាប់យកដីទុកលក់ជាដើម ដែលទង្វើនេះគឺជាការយាយីរំខានការអភិវឌ្ឍន៍មួយដែលមានគុណសម្បត្តិនិងអត្ថប្រយោជន៍ចំពោះជាតិទាំងមូល។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមឯកសារច្បាប់ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ទទួលបានសិទ្ធិវិនិយោគលើកោះរ៉ុង ពីរាជរដ្ឋាភិបាលកម្ពុជា លើផ្ទៃដីចំនួន៧៨២៦ ហិចតា ដែលក្នុងនោះដីឧទ្យានជាតិកោះរ៉ុង មានចំនួន២៦៥៥,៣៥ហិចតា មានប្រជាជនរស់នៅចំនួន៤ភូមិរួមមានភូមិព្រែកស្វាយ ភូមិដើមថ្កូវ ភូមិកោះតូច និង ភូមិសុខសាន្ត។
លោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា រមណីដ្ឋានកោះរ៉ុងបានទាក់ទាញភ្ញៀវទេសចរណ៍រវាងជិត៥ម៉ឺននាក់ក្នុង១ឆ្នាំៗ ក្នុងរយៈកាល៣ឆ្នាំចុងក្រោយនេះ។ កំណើនភ្ញៀវទេសចរណ៍នេះ នឹងធ្វើឲ្យកំរិតជីវភាពរបស់ប្រជាពលរដ្ឋនៅទីនោះកាន់តែប្រសើរជាងមុន និងបានផ្លាស់ប្តូរពីការប្រកបរបរនេសាទមកប្រកបរបរនៅក្នុងសេវាកម្មទេសចរណ៍វិញដែលអាចរកប្រាក់ចំណូលបានខ្ពស់ជាងការនេសាទ៕