(ភ្នំពេញ)៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ប្រកាសថា កម្ពុជា-ថៃ បានរួមគ្នាដើម្បីផលិតឯកសារ ផ្ដល់ភាពស្របច្បាប់ជូនពលករកម្ពុជា ដែលបាននិងកំពុងធ្វើការនៅប្រទេសថៃផ្ទាល់តែម្ដង ដោយមិនចាំបាច់វិលត្រឡប់មកធ្វើនៅកម្ពុជានោះទេ ហេតុនេះពលករដែលកំពុងធ្វើការនៅប្រទេសថៃ ដែលគ្មានឯកសារ សូមរក្សាចិត្តឲ្យបានស្ងៀមស្ងាត់។
ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧នេះ យ៉ាងដូច្នេះថា «តាមរយៈជំនួបពិសេសនេះ នឹងធ្វើឲ្យពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសថៃ ដែលបានចូលមកដល់ប្រទេសថៃហើយ ហើយកំពុងធ្វើការទោះបីជាមាន ឬគ្មានឯកសារ សូមរក្សានូវភាពស្ងៀមស្ងាត់ក្នុងចិត្ត គឺរដ្ឋាភិបាលបានយកចិត្តទុកដាក់ នឹងបានបញ្ជូនប្រតិភូពិសេស ហើយជួបជាមួយភាគីថៃ ហើយទទួលបានលទ្ធផលជាវិជ្ជមាន ដោយមិនចាំបាច់បងប្អូនបារម្ភ ក្នុងការវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីធ្វើឯកសារនោះទេ គឺកម្ពុជា និងថៃបានរួមគ្នា ដើម្បីផលិតនូវឯកសារផ្ដល់ភាពស្របច្បាប់ ជូនបងប្អូនពលករ នៅក្នុងប្រទេសថៃតែម្ដង»។
អ្នកនាំពាក្យក្រសួងការងាររូបនេះ បន្ថែមថា ចំពោះករណីនេះ គឺធ្វើបានតែបងប្អូនពលករកម្ពុជាទាំងឡាយ ដែលបានចូលមកដល់ប្រទេសថៃ ហើយបានកំពុងតែធ្វើការនៅប្រទេសថៃតែប៉ុណ្ណោះ។
ជាមួយគ្នានោះ លោក ហេង សួរ ក៏បានបញ្ជាក់ពីលទ្ធផលសំខាន់ៗ នៃកិច្ចជំនួបនេះផងដែរថា៖
ទី១៖ រដ្ឋាភិបាលថៃ នឹងមិនមានការដាក់ទោសពិន័យចំពោះនិយោជកណាដែលប្រើប្រាស់ពលករកម្ពុជា ដែលគ្មានឯកសារនោះទេ ហើយរដ្ឋាភិបាលថៃ ក៏នឹងមិនធ្វើការបណ្ដេញពលករកម្ពុជា ដែលកំពុងតែធ្វើការនៅក្នុងប្រទេសថៃនោះទេ
ទី២៖ ចាប់ពីថ្ងៃទី២៤ ខែកក្កដានេះតទៅ រដ្ឋាភិបាលថៃនឹងបើកឲ្យមានការិយាល័យចុះបញ្ជីពលករ ដែលមិនទាន់មានឯកសារអ្វីទាំងអស់។ ភាគីកម្ពុជា ក៏នឹងធ្វើយុទ្ធនាការ១០០ថ្ងៃ ដើម្បីធ្វើការបើកផ្ដល់លិខិតធ្វើដំណើរជូនពលករកម្ពុជា ឲ្យបាន១៦ម៉ឺននាក់ ដោយគិតចាប់ពីថ្ងៃទី០១ ខែសីហានេះតទៅ៕