អង្គការមកពីប្រទេសកូរ៉េ ចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋក្រីក្រ ក្នុងខេត្តបាត់ដំបង១ពាន់គ្រួសារ
06-07-2017 19:00
(បាត់ដំបង)៖ ព្រះវិហារ ប៊ុនដាំងជុងអាំង សហការជាមួយអង្គការគាំពារសកលកម្ពុជា GCC មកពីកូរ៉េខាងត្បូង បានចែកអំណោយមនុស្សធម៌ ជូនប្រជាជនក្រីក្រ មកពីបណ្តាស្រុក ក្នុងខេត្តបាត់ដំបងចំនួន១ពាន់គ្រួសារ។ ពិធីនេះបានធ្វើឡើង នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចសួននាគបាញ់ទឹក ភូមិកម្មករសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក្រោមអធិបតីភាពលោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង លោក ឆេ ជុងឆន់ ប្រធានព្រះវិហារយេស៊ូវគ្រិស្ទ ប៊ុនដាំងជុងអាំង អាជ្ញាធរដែនដី ក្រុមការងារព្រះវិហារ ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
ប្រធានព្រះវិហារ បានបញ្ជាក់ថា ក្រុមការងាររបស់ខ្លួន បានធ្វើសកម្មភាពមនុស្សធម៌ ជួយជនក្រីក្របានជាច្រើនលើក និងគ្រប់ទីកន្លែងរួចមក។ កម្មវិធីនេះក៏មានរបាំប្រពៃណី ជនជាតិកូរ៉េ និងរបាំប្រពៃណីជាតិខ្មែរ បានរាំបង្ហាញពីវប្បធម៌ជាតិ រវាងប្រទេសទាំង២ ក្នុងអង្គពិធីដើម្បីទស្សនាផង។
លោក ច័ន្ទ សុផល បានថ្លែងថា រដ្ឋបាលខេត្តបាត់ដំបង សូមថ្លែងអំណរគុណដល់ក្រុមការងារអង្គការទាំងអស់ ដែលតែងតែបានសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចុះជួយការងារមនុស្សធម៌តាមរយៈ ចែកអំណោយជាស្បៀងសម្ភារផ្សេងៗ ជូនប្រជាពលរដ្ឋក្រីក្រនៅក្នុងខេត្ត ពិសេសក្នុងថ្ងៃនេះ អង្គការបានចែកអង្ករដល់ជនក្រីក្រ ពិការ ចាស់ជរាគ្មានទីពឹង ចំនួន១ពាន់នាក់ ដោយម្នាក់ៗទទួលបាន២០គីឡូក្រាម នេះជាកាយវិការមួយដ៏ល្អ និងជាដៃគូរការងារមនុស្សធម៌ចេះ ជួយគ្នាចែករំលែកគ្នានៅពេលពួកគាត់ត្រូវការ៕