(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានចោរមួយក្រុម ធ្វើសកម្មភាពលួចយករថយន្ត១គ្រឿង ដែលគាត់បានចតទុកនៅមុខផ្ទះ ស្ថិតនៅក្នុងបុរី «លឹម ឈាងហាក់» សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយបន្ទាប់ពីបាត់ភ្លាមៗ គាត់បានទៅដាក់ពាក្យបណ្ដឹង សុំការអន្តរាគមន៍ពីនគរបាលប៉ុស្ដិ៍ ប៉ុន្តែខណៈនោះគាត់បានសង្កេតឃើញថា មន្ដ្រីនគរបាលហាក់មានភាពព្រងើយកន្តើយ មិនចង់ជួយស្វែងរកទាល់តែសោះ។
គិតរហូតមកទល់ពេលនេះ រថយន្ដជនរងគ្រោះត្រូវបានចោរ លួចយកទៅអស់រយៈពេល២ថ្ងៃមកហើយ នៅតែគ្មានដំណឹងដដែល ទើបពេលនេះពួកគាត់ទទូចស្នើសុំនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ជួយអន្តរាគមន៍ស្រាវជ្រាវរករថយន្តរបស់គាត់ ដែលត្រូវចោរលួចនេះមកវិញផង។
បុរសជាម្ចាស់រថយន្ត បានឲ្យដឹថាគាត់ឈ្មោះ សុខ សែត អាយុ៣០ឆ្នាំរស់នៅ ក្នុងបុរី «លឹម ឈាងហាក់» ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយរថយន្តរបស់គាត់ ដែលត្រូវចោរលួចយកទៅបាត់នោះម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2M-0822។ ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ ដោយគាត់បានទុករថយន្ត នៅមុខផ្ទះរបស់គាត់។
ជនរងគ្រោះបញ្ជាក់ថា ក្រោយពេលទុករថយន្តរួចខ្លួន និងក្រុមគ្រួសារបាននាំគ្នាចូលដេក បន្ទាប់មកក្រុមចោរបានចូលទៅធ្វើសកម្មភាពលួចយករថយន្ត ហើយគាត់បានឃើញដែរ ប៉ុន្តែមិនអាចចេញពីក្នុងផ្ទះបានឡើយ ព្រោះចោរបានយកខ្សែចងទ្វារផ្ទះគាត់ពីខាងក្រៅជាប់ ហើយគាត់បានតេទៅបងប្អូនឲ្យជួយ ប៉ុន្តែមិនមាននរណាទៅទាន់ទេ។
ក្រោយមកគាត់អាចចេញក្នុងផ្ទះបាន ប៉ុន្តែតាមមិនទាន់សោះ ទើបគាត់បានធ្វើដំណើរទៅ ប៉ុស្តិ៍នគរបាលចោមចៅភ្លាមៗ ដើម្បីដាក់ពាក្យបណ្ដឹង ឲ្យជួយអន្តរាគមន៍ ប៉ុន្តែនគរបាលហាក់មានការព្រងើយកន្តើយ មិនបានជួយដេញតាមឡើយ និងបានប្រាប់ឲ្យគាត់ ចាំព្រឹកចាំមកដាក់ពាក្យបណ្ដឹងទៅវិញ។
ទង្វើបែបនេះ ពិតជាបានធ្វើឲ្យគាត់ខកចិត្ត និងអស់ជំនឿយ៉ាងខ្លាំងទៅលើមន្ដ្រីនគរបាលប៉ុស្តិ៍ចោមចៅម ហើយគិតរហូតមកដល់ពេលនេះ ទោះបីមានរយៈពេល២ថ្ងៃក្ដី ក៏គាត់នៅតែទទូចសុំឲ្យមន្ដ្រីនគរបាល មេត្តាជួយស្រាវជ្រាវរករថយន្តនេះមកវិញផង៕