(ភ្នំពេញ)៖ កំណើនប្រជាជនក្នុងទីក្រុង ភ្នំពេញ មានការកើនឡើងគួរឲ្យកត់សម្គាល់ ដូច្នេះហើយទើបមានការអភិវឌ្ឍពង្រីកទីក្រុង ឥតឈប់ឈរ រីកសាយគ្រប់ទិសទី ដូចគ្នានេះដែរ តំបន់ចាក់អង្រែក្រោម ក៏មានការអភិវឌ្ឍយ៉ាងខ្លាំង នាប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយគម្រោងទីក្រុងរណប ផ្លូវ៦០ម៉ែត្រ បន្តការទាក់ទាញវិនិយោគិនធំៗជាច្រើន មកអភិវឌ្ឍក្នុងតំបន់នេះ ដែលមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធរួចជាស្រេច មានផ្លូវថ្នល់ធំៗខ្វាត់ខ្វែង ជាច្រកសេដ្ឋកិច្ច តភា្ជប់ទៅកាន់ផ្លូវជាតិលេខ២ និងលេខ៣ បានយ៉ាងលឿន ឆ្លងកាត់ក្នុងតំបន់នេះផងដែរ។
បច្ចុប្បន្ននេះ មិនត្រឹមតែគម្រោងអភិវឌ្ឍលំនៅស្ថានប៉ុណ្ណោះទេ យើងសង្កេតឃើញថា សូម្បីតែសាលាអន្តរជាតិ ISPP និងក្រុមហ៊ុន Star Auto Cambodia (Marcedes-Benz) ក៏បានឈានជើងចូលមកក្នុងតំបន់អភិវឌ្ឍ ដ៏មានប្រជាប្រិយភាពមួយនេះដែរ។ គម្រោងអភិវឌ្ឍលំនៅដ្ឋានធំៗជាច្រើន ក្នុងតំបន់៦០ម៉ែត្រ មានគម្រោងមួយ ដែលលេចធ្លោ និងមានការចាប់អារម្មណ៍ ពីសំណាក់អតិថិជនច្រើនជាងគេ នោះគឺគម្រោងអភិវឌ្ឍបុរី ប៉េង ហួត ដឹស្តា ដាយមិន។
អ្នកនាង ទឹម ច័ន្ទបូរ៉ាវី ជំនួយការអគ្គនាយិកា ហិរញ្ញវត្ថុ និងទីផ្សារ នៃបុរី ប៉េង ហួត បានថ្លែងថា គម្រោង ដឹស្តា ដាយមិន ជាគម្រោងដែលអតិថិជនរង់ចាំ ជាយូរមកហើយ។ ក្នុងគម្រោងនេះទាំងមូល មានវិសាលភាពលើផ្ទៃដីប្រមាណជា៤០ហិចតា និងនៅជាប់មហាវិថី សម្តេចតេជោ ហ៊ុន សែន (៦០ម៉ែត្រ) តែម្តង ជាគម្រោងមួយ ដែលរួមមានទាំងផ្សារទំនើប សាលសន្នីសីទ និងអគារពាណិជ្ជកម្មតែមួយគត់ ក្នុងតំបន់នេះ ព្រមទាំងបែងចែកជាតំបន់សម្រាប់ធ្វើពាណិជ្ជកម្ម និងសម្រាប់ស្នាក់នៅផងដែរ។ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងគម្រោងទាំងមូល សុទ្ធតែបានតភ្ជាប់ពីមហាវិថីសម្តេច តេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ឆ្លងកាត់ ក្នុងគម្រោងផ្ទាល់តែម្តង ដោយពុំចាំបាច់វៀងឆ្ងាយឡើយ។
អ្នកនាង បានបន្តទៀតថា សម្រាប់ប្រភេទគេហដ្ឋាន បានរចនាឡើងយ៉ាងល្អឥតខ្ចោះ ឈរលើគុណភាពរឹងមាំ និងសោភណ្ឌភាព ដែលមានការរួមបញ្ចូលរចនាបថបែបខ្មែរ និងអឺរ៉ុប ដែលមានតម្លៃចាប់ពីជាង១០ម៉ឺនដុល្លារ តែប៉ុណ្ណោះ ។ ជាចុងក្រោយអ្នកនាង សូមជម្រាបជូនអតិថិជនឲ្យបានជ្រាបថា គម្រោងបុរី ប៉េង ហួត ដឹស្តា ដាយមិន ចាប់ផ្តើមបើកលក់ក្នុងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ នេះតទៅហើយ សម្រាប់ព័ត៌មានបន្ថែម អាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ការអភិវឌ្ឍអចលនទ្រព្យធំៗ បានបង្វែរ ទិសដៅខាងត្បូងក្រុងភ្នំពេញ មានការកើនឡើង ដោយសារជាតំបន់មានសក្តានុពលខ្លាំងល្អ សម្រាប់ការរស់នៅ នឹងធ្វើពាណិជ្ជកម្ម រួមទាំងភាពអំណោយផលពីសណ្ថានដីខ្ពស់ជាងទន្លេ ទើបធ្វើឲ្យតំបន់នេះ អាចបញ្ចៀសបាន ពីបញ្ហាទឹកជំនន់ថែមទៀតផង៕