(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧នេះ បានច្រានចោលនូវព័ត៌មាន ជំរុញការបង្ហោះសារថា មានទូរស័ព្ទលេខបរទេស Call ចូលទូរស័ព្ទ ហើយនៅពេល Call ត្រឡប់ទៅវិញ នឹងកាត់ទឹកប្រាក់ពី១៥ដុល្លារ ទៅ ៣០ដុល្លារនោះថា ជារឿងមិនពិតឡើយ ដែលជាធម្មតាប្រសិន Call ត្រឡប់ទៅវិញ គឺខាតបង់ត្រឹមតេ២៥សេនក្នុង១នាទីប៉ុណ្ណោះ។
និយ័តករទូរគមានគមន៍ បានពន្យល់យ៉ាងដូច្នេះថា៖
ដើម្បីឆ្លើយតបទៅនឹងចម្ងល់ និងការមន្ទិលរបស់សាធារណជន ជុំវិញការបង្ហោះសារ របស់ការិយាល័យប្រឆាំង ការជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ថាប័នមានសមត្ថកិច្ច និង សាធារណជន ទៅលើការហៅស៊ីញ៉ូទូរស័ព្ទ (Missed Call) ពីក្រៅប្រទេស ចូលមកទូរស័ព្ទដៃក្នុងស្រុកដោយចម្លែក ពីប្រទេស Vanuatu នូវលេខទូរស័ព្ទ +678 559 4523/+678 559 4589 និងមកពីប្រទេសអាហ្វហ្គានីស្ថានលេខកូដ (+375) ប្រទេសឡាទីវ៉ា (+371) ប្រទេសស៊ែប៊ី (+381) ប្រទេស Valparaiso (+563) ប្រទេស Vilnuis (+370) ប្រទេសតង់ហ្សានី (+255) ដែលអាចបង្កហានីភ័យដល់អតិថិជន ប្រើប្រាស់ទូរស័ព្ទដៃ តាមរយៈការហៅបកទៅវិញជាលក្ខណៈ នៃការសន្ទនាទូរស័ព្ទអន្តរជាតិ (ដែលធម្មតាត្រូវបង់ខាតថវិកាចំនួន ២៥សេន/មួយនាទី តែតាមសាររបស់ការិយាល័យ ប្រឆាំងការជួញដូរមនុស្សថា 15$-30$ / មួយវិនាទី) និយ័តករទូរគមនាគមន៍កម្ពុជា សូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា និយ័តករកំពុងធ្វើការងារនេះ ជាមួយប្រតិបត្តិករទូរស័ព្ទទាំងអស់ ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសយើង ដើម្បីពិនិត្យលទ្ធភាពបច្ចេកទេស អាចអនុវត្តទៅបានយ៉ាងដូចម៉្តេច ការហៅស៊ីញ៉ូទូរស័ព្ទនេះ មានបំណងអ្វី មានហានីភ័យអ្វីខ្លះ និង ត្រូវមានវិធានការយ៉ាងដូចម៉្តេច? ។
តាមលក្ខណៈបច្ចេកទេសនេះគ្រាន់តែជាការស្គែនទូរស័ព្ទ ដើម្បីគោលបំណងចង់ឱ្យអតិថិជនទូរស័ព្ទដៃក្នុងប្រទេស ហៅទូរស័ព្ទបកទៅវិញជាលក្ខណៈនៃការសន្ទនាទូរស័ព្ទអន្តរជាតិ តាមធម្មតា៖
១៖ ក្នុងករណីអតិថិជនណាម្នាក់មានចម្ងល់ លើកទូរស័ព្ទទទួលការហៅចូលមកនេះ នោះមិនមានអស់លុយទេ ព្រោះគាត់ជាអ្នកទទួល (តែមិនមែនជាលេខ Roaming)។
២៖ ក្នុងករណីអតិថិជនណាម្នាក់ លើកទូរស័ព្ទហៅបកទៅវិញ នោះនឹងត្រូវបង់លុយជាការសន្ទនាទូរស័ព្ទអន្តរជាតិ ដែលតាមធម្មតាប្រតិបត្តិករយើង កាត់លុយ២៥សេនដុល្លារ/មួយនាទី តែមិនដូចពាក្យថា 15$-30$ /មួយវិនាទីនោះទេ ហើយប្រតិបត្តិករក្នុងស្រុកយើង នឹងបង់ទៅប្រតិបត្តិករ នៃប្រទេសដែលយើងហៅទៅនោះ ជាការតភ្ជាប់បណ្តាញ។
៣៖ ក្នុងករណី អតិថិជនជាលេខ Roaming ពេលនោះទាំងការទទួល ទាំងការហៅចេញ ត្រូវបង់លុយជាលក្ខណៈ Roaming។
សរុបសេចក្តីមក នេះជាការពញ្ញាក់ទាញ យកប្រយោជន៍ពីការហៅចូល ជាអន្តរជាតិពីប្រទេសដទៃ ទៅកាន់ប្រទេសទាំងនោះ។ ប៉ុន្តែនិយ័តករ កំពុងធ្វើការស្រាវជ្រាវ ជាមួយប្រតិបត្តិករទូរស័ព្ទទាំងអស់ ដើម្បីពិនិត្យមើលបញ្ហានេះ និងសូមបញ្ជាក់ថា នេះជាហានីភ័យដែលមិនទាន់ កើតមានជាក់ស្តែងច្បាស់លាស់នៅឡើយ ក្រៅពីការឃើញការហៅចូលស៊ីញ៉ូមក និងក្នងករណីអតិថិជន ហៅបកចេញទៅកាន់លេខនោះវិញ អស់លុយរបស់អតិថិជន៕