(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគីរី និងមន្ត្រីរាជការក្រោមឱវាទ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧នេះ បាននាំយកទៀនវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃចំនួន ១៧វត្ត ដើម្បីត្រៀមចូលព្រះវស្សា។ ពិធីនេះប្រារព្ធធ្វើឡើងនៅពុទ្ធសីមាវត្តឥសានរតនារាមភ្នំស្វាយ ភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង។
វត្តទាំង១៧ ដែលទទួលបានទៀនព្រះវស្សា និងទយ្យទានពីលោក ថង សាវុន នាពេលនេះ ក្នុងមួយវត្តទទួលបាន៖ អង្ករ១បាវ, មី២កេះ, ត្រីខកំប៉ុង២យូរ ប៊ីចេង២គីឡូក្រាម, អំបិល២គីឡូក្រាម, ទឹកត្រី២យូរ, ទឹកស៊ីអ៊ីវ២យូរ, តែ២ដុំ, ស្ករស២គីឡូក្រាម, ប្រេងឆា៥លីត ១ដប, ទឹកក្រូច១កេស, ទឹកបរិសុទ្ធ១កេស ប្រេងម៉ាស៊ូត៣០លីត្រ, ទៀនព្រះវស្សា១គូរ និងបច្ច័យ២០ម៉ឺនរៀល។
ព្រះតេជគុណព្រះចៅអធិការ វត្តឥសានរតនារាមភ្នំស្វាយ មានសង្ឃដីកាថា ពិធីបុណ្យចូលព្រះវស្សា គឺជាបុណ្យមានមកតាមផ្លូវព្រះពុទ្ធសាសនា ដែលសាវ័ក ផ្នែកបព្វជិត តែងចូលវស្សាតាមពុទ្ធានុញាតអស់កាលរយៈពេល៣ខែ ក្នុងវស្សារដូវ ហើយត្រូវចាំវស្សាដោយត្រឹមត្រូវមិនឲ្យដាច់វស្សា។ ចំណែកឯពុទ្ធបរិស័ទ ជាទាយក ទាយិកា ឧបាសក ឧបាសិកាវិញ នាំគ្នាប្រារព្ធពិធីបុណ្យចូលព្រះវស្សា ជាពិសេស គឺចាត់ចែងសាដក សំពតសម្រាប់ងូត ព្រមទាំងប្រងកាត ទៀនធូប និងភេសជ្ជៈមួយចំនួនតាមលទ្ធភាព។
ព្រះតេជគុណបន្តសង្ឃដីកាថា បានជាព្រះបរមសាស្តានៃយើង ព្រះអង្គទ្រង់អនុញាតិឲ្យព្រះភិក្ខុសង្ឃ មានកិច្ចចូលចាំវស្សានោះ ពីព្រោះហេតុខាងដើម២យ៉ាង គឺទី១៖ ភិក្ខុទាំងឡាយត្រាច់ចរទៅកាន់ទីកន្លេងផ្សេងៗ មានគួរខ្លះ មិនមានគួរខ្លះ មានការដើរជាន់ភូតគាប ពិជគាមដិង ធម្មជាតិផ្សេងៗ ដែលជាហេតុនាំឲ្យអ្នកស្រុករិះគន់ តិះដៀល និងពោលនូវទោសដែលមានប្រការផ្សេងៗ។ ទី២៖ជារដូវភ្លៀងជោគជាំផង ព្រះពុទ្ធអង្គមានបំណងកុំឲ្យបព្វជិតក្នុងសាសនា លំបាកក្នុងការធ្វើដំណើរទៅមក គឺឲ្យទៅចាំវស្សាតែមួយកន្លែងរយៈពេល៣ខែ ហើយចូលព្រះវស្សានេះ ពីឧបដ្ឋានសាលាទៅព្រះវិហារ និមន្តព្រះសង្ឃគ្រប់អង្គក្នុងវត្ត ចាប់ផ្តើមនមស្តារព្រះរតនត្រៃ សមាទានសីល ហើយអារតនាព្រះសង្ឃចម្រើនព្រះបរិត្ត៕