(ភ្នំពេញ)៖ កំណាត់ផ្លូវជាតិលេខ៣ ចាប់ពីរង្វង់មូលចោមចៅ រហូតដល់ថ្នល់បំបែកបែកគូស ស្ថិតក្នុងឃុំស្រែរនោង ស្រុកទ្រាំង ខេត្តតាកែវ ប្រវែងជាង ៧៥គីឡូម៉ែត្រ នឹងត្រូវពង្រីកទៅជា ៤គន្លង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទំនិញ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧នេះ បានដឹកនាំមន្រ្តីជាន់ខ្ពស់ក្រសួង ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ដែលជាក្រុមហ៊ុនទទួលការសាងសង់ និងពង្រីកផ្លូវ បានចុះទៅពិនិត្យការងារបច្ចេកនានានៅលើកំណាត់ផ្លូវមួយនេះ។
បើតាមមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងស្តារ និងពង្រីកកំណាត់ផ្លូវជាតិលេខ៣ ត្រូវបានសិក្សារួចរាល់ហើយ ហើយគ្រោងនឹងចាប់ផ្តើមដំណើរការការដ្ឋានក្នុងពេលឆាប់ៗនេះ។ ក្រៅពីការពង្រីកផ្លូវ ៤គន្លងពីរង្វង់ចោមចៅ ទៅដល់ថ្នល់បំបែកបែកគូសទៅ កំណាត់ផ្លូវពីថ្នល់បំបែកបែកគូសរហូតដល់ខេត្តកំពត ក៏ត្រូវធ្វើការជួសជុលឡើងវិញផងដែរ។
មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងផងដែរថា ការស្តារ និងពង្រីកកំណាត់ផ្លូវនេះ គ្រោងនឹងចំណាយរយៈពេលប្រមាណ ៤ឆ្នាំ។ បើតាមប្រភពពីក្រុមហ៊ុនរបស់ចិន បានឲ្យដឹងគម្រោងស្តារ និងពង្រីកផ្លូវនេះ គ្រោងចំណាយថវិកាប្រមាណ ២០០លានដុល្លារអាមេរិក។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងការរំពឹងទុកថា ក្រោយពេលផ្លូវនេះត្រូវបានស្តារ និងពង្រីករួចរាល់ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់៕