(កំពត)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុក និងកម្លាំងមូលដ្ឋាន ដែលដឹកនាំដោយ លោកវរសេនីយ៍ទោ លក ញ៉ាវ នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងមានការសម្របសម្រួលនីតិវិធី ពីលោក ខាន់ សុផល ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ធ្វើការការបង្ក្រាបជនស្ស័យ២នាក់ ពាក់ព័ន្ធការជួញដូរ និងប្រើប្រាស់ថ្នាំញៀន និដកហូតថ្នាំញៀនចំនួន២៥កញ្ចប់ នៅម៉ោង១២៖០០នាទីថ្ងៃត្រង់ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧នេះ នៅចំណុចភូមិពញាអង្គរ ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត។
លោកវរសេនីយ៍ លក ញ៉ាវ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់រួមមាន៖ ទី១៖ ឈ្មោះ ងួន ម៉ូរែន ៣៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុ និងទី២៖ ឈ្មោះ សុខ វណ្ណធី អាយុ៣៦ឆ្នាំ រស់នៅភូមិត្នោតរលើង ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត។ ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនខាងនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖ ថ្នាំញៀន ចំនួន២៥កញ្ចប់ ក្នុងនោះធំ៤កញ្ចប់ និងសម្ភារ:ពាក់ព័ន្ធមួយចំនួន។
ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ខាងលើ រួមទាំងវត្ថុតាងត្រូវបាននាំមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តដើម្បីកសាង សំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕