(សៀមរាប)៖ សាលរបាំ នៃប្រាសាទតាព្រហ្ម បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការបាក់ធ្លាក់នៃដុំថ្មគរលើគ្នា ជាគំនរយ៉ាងធំ ពេលនេះកំពុងទទួលបានការជួសជុលឡើងវិញ ដោយអាជ្ញាធរជាតិអប្សរា សហការជាមួយភាគីឥណ្ឌា ដែលគ្រោងនឹងបញ្ចប់នៅ ឆ្នាំ២០១៩ខាងមុខ។
សាលរបាំនៃប្រាសាទតាព្រហ្ម ដែលទួលរងការខូចខាតរហូតក្លាយជាពំនូកថ្មមួយគំនរនោះ ឥឡូវនេះត្រូវបានជួលជុលឡើងវិញ សម្រេចបានពី៧០ភាគរយ ទៅ៨០ភាគរយហើយ, នេះបើតាមការឲ្យដឹងពីលោក ចាន់ ឡាយ អ្នកគ្រប់គ្រងការដ្ឋានជួសជុល ប្រាសាទតាព្រហ្ម។
លោកបន្ថែមទៀតថា «អ្នកជំនាញគ្រោងនឹងជួលជុលសាលរបាំនេះ ប្រមាណជាពាក់កណ្ដាល នៃសាលរបាំទាំងមូលដើម្បីទុកមួយផ្នែកឲ្យសល់ សម្រាប់ភ្ញៀវទេសចរ ធ្វើការប្រៀបធៀបរវាងផ្នែកដែលបានជួសជុលស្ដារឡើងវិញ និងផ្នែកដែលទុកឲ្យនៅតាមសភាពដើម»។
តាមការរៀបរាប់របស់លោក ចាន់ ឡាយ ការងារជួសជុលមកទល់នឹងពេលនេះ គឺបានសម្រេចរួចរាល់ផ្នែកគ្រឹះ ជញ្ជាំងនិងដំបូលមួយ ផ្នែកធំហើយនៅផ្នែកខាងជើង នៅសល់តែដំបូលផ្នែកកណ្តាល និងការសម្អាតបន្ថែមទៀតប៉ុណ្ណោះ។ ម្យ៉ាងទៀត ឥឡូវនេះក្រុមការងារ បានឈប់សម្រាកមួយរយៈប្រមាណ២ ឬ៣ខែ ដោយសាររដូវកាលនេះជារដូវភ្លៀងធ្លាក់ ហើយការងារដែលសេសសល់ជាផ្នែកដំបូល ដែលធ្វើឲ្យក្រុមការងារពិបាកឡើងចុះ ព្រោះរអិលអាចបណ្តាលឲ្យគ្រោះថ្នាក់បាន។
សូមរំលឹកថា ក្រោយការស្នើសុំពីរាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០០២ រដ្ឋាភិបាលឥណ្ឌាតាមរយៈស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (Archeological Survey of India-ASI) រួមសហការជាមួយអាជ្ញាធរជាតិអប្សរា និងអង្គការយូណេស្កូ បានចាប់ផ្តើមការអភិរក្សជួសជុល ទល់ទ្រជាបន្តបន្ទាប់នូវប្រាសាទតាព្រហ្ម។
ក្នុងដំណាក់កាលទី១ (២០០៤-២០១៤) គម្រោងនេះសម្រេចបានការជួសជុលរួចរាល់ទាំងស្រុង នូវរោងទងខាងកើតឈៀងខាងត្បូង រានហាលខាងលិច ខ្លោងទ្វារច្រកចូលទី៤ ខ្លោងទ្វារខាងលិច និងជញ្ជាំងថ្មបាយក្រៀមអមសងខាង។ ក្រៅពីចំណុចជួសជុលទាំងនេះ នៅមានផ្នែកច្រើនទៀត ដែលក្រុមការងារបានធ្វើការទល់ទ្រ និងចងរឹតដោយខ្សែកាប ដើម្បីការពារការរបេះធ្លាក់ ឬដួលរលំបន្ថែមទៀត។
សម្រាប់ជំហានទី២ (២០១៥-២០២៥) គម្រោងកំពុងដំណើរការជួសជុលផ្គុំឡើងវិញនូវសាលរបាំ ដែលរងខូចខាតស្ទើរទាំងស្រុង តាមរយៈការប្រមូលបំណែកថ្មធ្លាក់ខូចខាត មករៀបដំឡើងនៅតាមទីតាំង ឲ្យដូចពីសម័យបុរាណឡើងវិញ៕