(ភ្នំពេញ)៖ រោងចក្រផលិតស៉ីម៉ងត៍ដ៏ទំនើប ដែលវិនិយោគរួមគ្នា ដោយវិនិយោគិនកម្ពុជា និងវិនិយោគិនថៃ ក្នុងទឹកប្រាក់២៦២លានដុល្លារ អាមេរិក នៅលើកទឹកស្រុកទូកមាស ខេត្តកំពត គិតមកដល់ពេលនេះ សាងសង់សម្រេចបានេ៨៥ភាគរយហើយ ដែលនឹងដាក់ឲ្យ ដំណើរការ ជាផ្លូវការ នៅខែវិច្ឆិកា ចុងឆ្នាំ២០១៧នេះ ជាមួយនឹងសមត្ថភាពផលិតស៉ីម៉ងត៍បាន១.៧លានតោនក្នុង១ឆ្នាំ ឬ៥០០០តោនក្នុងមួយថ្ងៃ។
រោងចក្រផលិតស៉ីម៉ងត៍ ទំនើបជាងគេនៅកម្ពុជា ជាមួយនឹងអ្នកជំនាញ ដែលមានបទពិសោធន៍ ផលិតស៉ីម៉ងត៍ជិត៥០ឆ្នាំនេះ ជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Chip Mong Group របស់កម្ពុជា និងក្រុមហ៊ុនថៃ Siam City Cement បង្កើតក្រុមហ៊ុនផលិតស៉ីម៉ងត៍ ថ្មីមួយឈ្មោះថា Chip Mong Insee Cement Corporation សង់រោងចក្រនៅក្នុងស្រុកទូកមាស ខេត្តកំពត ដែលមាននិមិត្តសញ្ញា «ស៉ីម៉ងត៍អូដ្ឋ-Camel Cement» ហើយការដ្ឋានសាងសង់ បានបើកដំណើរការកាលពីដើមឆ្នាំ២០១៦កន្លងទៅ។
ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខ ជាមួយអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ នាសណ្ឋាគារ សូហ្វីតែល ភូគីត្រាភ្នំពេញ លោក Kaseedate Yanyongwerot ប្រធានផ្នែកលក់ និងទីផ្សារ ក្រុមហ៊ុន Chip Mong Insee Cement Corporation បានបញ្ជាក់ឲ្យដឹងថា វត្តមាននៃរោងចក្រផលិតស៉ីម៉ងត៍ដ៏ទំនើបនេះ នឹងរួចចំណែកជួយដល់ ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាកាត់បន្ថយបានការនាំចូលស៉ីម៉ងត៍ ពីបរទេស ដែលជាគ្រឿងសំណង់ដ៏ចាំបាច់ សម្រាប់គាំទ្រដល់ការរីកចម្រើន វិស័យសំណង់របស់កម្ពុជា។
ប្រធានផ្នែកលក់ និងទីផ្សាររូបនេះអះអាងថា រោងចក្រថ្មីនេះនឹងដំណើរការផលិតស៉ីម៉ងត៍នៅត្រីមាសទី៤ ឆ្នាំ២០១៧នេះ ជាមួយនឹង សមត្ថភាព១.៧លានតោនក្នុងមួយឆ្នាំ ឬ៥០០០តោនក្នុងមួយថ្ងៃ ហើយស៉ីម៉ងត៍ដែលផលិតបាននេះ គឺដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក។
លោក Kaseedate Yanyongwerot បានឲ្យដឹងថា ប្រទេសកម្ពុជាក្នុងមួយឆ្នាំៗ ប្រើប្រាស់ស៉ីម៉ងត៍ក្នុងបរិមាណពី៥.៥លានតោន ទៅ៥.៦លានតោន ដែលក្នុងនោះក្រុមហ៊ុនរបស់លោក ផ្គត់ផ្គង់ស៉ីម៉ងត៍ក្នុងប្រទេស កំពុងរីកចម្រើនក្នុងវិស័យសំណង់មួយនេះ ប្រមាណ១.៧លានតោន។
លោកបន្តថា «វត្តមានរបស់រោងចក្រផលិតស៉ីម៉ងត៍ ក្រុមហ៊ុន Chip Mong Insee Cement Corporation នឹងជួយកាត់បន្ថយនូវការ នាំចូលស៉ីម៉ងត៍ នៅក្នុងប្រទេសកម្ពុជាពី២៥ទៅ៣០ភាគរយ ហើយប្រជាជនកម្ពុជា នឹងមានមោទនភាព ព្រោះថាយើងអាចផលិតស៉ីម៉ងត៍ ខ្លួនឯង នៅក្នុងស្តង់ដាររបស់អន្តរជាតិ»។
បន្ថែមលើពីនេះ លោកឧកញ៉ា លាង ឃុន ប្រធាក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Chip Mong Insee Cement Corporation បានថ្លែងនៅ ចំពោះមុខអតិថិជន និងដៃគូពាណិជ្ជកម្ម ក្នុងពិធីសម្ពោធ ការវេចខ្ចប់ថ្មីរបស់ស៉ីម៉ងត៍អូដ្ឋ នៅយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ថា «គោលបំណងរបស់យើង គឺគាំទ្រការអភិវឌ្ឍប្រទេសកម្ពុជា ឲ្យមាននិរន្តភាព។ ក្រៅពីចង់ជួយកាត់បន្ថយបន្ទុក នៃការនាំចូលស៉ីម៉ងត៍ ពីបរទេសមកកាន់កម្ពុជា យើងក៏ចង់បង្ហាញថា យើងមានមោទនភាព ដែលយើងអាចមានសមត្ថភាព ផលិតផលិតផលដោយខ្លួនឯង និងបង្ហាញពិភពលោកថា យើងមានសមត្ថភាពផលិតស៉ីម៉ងត៍ ដែលមានគុណភាពខ្ពស់ ស្របតាមស្តង់ដារអន្តរជាតិផងដែរ»។
លោកឧកញ៉ា លាង ឃុន សង្កត់ធ្ងន់ថា «យើងប្តេជ្ញា រក្សាឲ្យបាននូវនិរន្តភាព រៀបចំដំណើរការសង្វាក់ផលិតកម្មឲ្យមាន ផលប៉ះពាល់បិរស្ថាននៅកម្រិតអប្បបរមាន និងចូលរួមធ្វើជាគំរូល្អ ដោយមានទំនួលខុសត្រូវសង្គមខ្ពស់»៕