(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថា GMAC នឹងលើកនូវបញ្ហាពាក់ព័ន្ឋពន្ឋដារមួយចំនួន ដាក់ស្នើដល់កិច្ចប្រជុំភាពជាដៃគូ អគ្គនាយកដ្ឋានពន្ឋដារ-ផ្នែកឯកជន ដែលនឹងត្រូវធ្វើឡើង នៅសប្តាហ៍ក្រោយនេះ។

កិច្ចប្រជុំភាពជាដៃគូ អគ្គនាយកដ្ឋានពន្ឋដារ-ផ្នែកឯកជន ផ្នែកពន្ឋដារត្រូវបានបង្កើតឡើង ដោយរដ្ឋាភិបាលកាលពីខែមិនា ឆ្នាំ២០១៦ ដោយមានក្រុមកាងារចំនួន៤ ដូចជាទី១៖ ក្រុមការងារផ្នែកពន្ឋដារ-ឧស្សាហកម្មកាត់ដេរ, ទី២៖ ក្រុមការងារផ្នែកពន្ឋដារ-វិស័យស្រូវអង្ករនិងសហគ្រិនវ័យក្មេង, ទី៣៖ ក្រុមការងារផ្នែកពន្ឋដារ-ហិរញ្ញវត្ថុ និងធនាគារ និងទី៤ក្រុមការងារផ្នែកពន្ឋដារ-វិស័យផ្សេងៗ។

លោក Albert Tan ប្រធានអនុគណៈកម្មាការ ផ្នែកពន្ឋដារនៃសមាគមរោងចក្រកាត់ដេរកម្ពុជាបានថ្លែងថា យោងតាមកិច្ចប្រជុំផ្ទៃក្នុងរបស់ សមាគមនៅថ្ងៃអង្គារ៍ម្សិលមិញនេះ បណ្តាសមាជិកនៃអនុគណៈកម្មាការ ផ្នែកពន្ឋដាររបស់សមាគម បានធ្វើការលើកឡើងនូវបញ្ហាពន្ឋមួយចំនួន ដែលមានដូចជា ការជួយសម្រួបសម្រួលផ្នែកពន្ឋដារ ការស្នើសុំឲ្យមានការបញ្ជាក់ឲ្តបានច្បាស់ នូវការប្រើប្រាស់ពាក្យលើបទដ្ឋានគតិយុទ្ឋ និងបញ្ហាផ្សេងៗទៀតពាក់ព័ន្ឋនឹងដំណើការ នៃឯកសារគតិយុទ្ធមួយចំនួនទៀត ដើម្បីដាក់ជូនក្នុងកិច្ចប្រជុំដែលគ្រោង នឹងធ្វើឡើងនៅថ្ងៃទៅ១៣ ខែកក្កដាខាងមុខនេះ។

លោកបាន Albert Tan បានលើកឡើងថា៖ «យើងត្រូវធ្វើកិច្ចប្រជុំផ្ទៃក្នងមុន ដើម្បីប្រមែប្រមួលនូវរាល់បញ្ហានានា ដែលពាក់ព័ន្ឋនឹងពន្ឋដារ ពីបណ្តាសមាជិក ដើម្បីធ្វើការត្រៀមសម្រាប់កិច្ចប្រជុំថ្ងៃទី១៣ សប្តាហ៍ក្រោយ»

លោកបន្តថា យើងត្រូវដឹងថា បញ្ហាពន្ឋដារ គឺជាបញ្ហាអាទិភាពទី២ បន្ទាប់ពីបញ្ហាពលកម្ម នៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវាយនភ័ណ្ឌ ដែលទាមទារអោយមានការដោះស្រាយ។ យើងសង្ឃឹមថា រាល់បញ្ហាដែលសមាជិកសមាគម បានលើកឡើងនៅពេលនេះ នឹងត្រូវបានដោះស្រាយក្នុងកិច្ចប្រជុំភាពជាដៃគូ អគ្គនាយកដ្ឋានពន្ឋដារ-ផ្នែកឯកជន ផ្នែកពន្ឋដារនាពេលខាងមុខនេះ។

លោកAlbert បានបន្តទៀតថា៖ «ខ្ញុំមិនគិតថារាល់បញ្ហាទាំងនេះ វាមានការលំបាកក្នុងការដោះស្រាយនោះឡើយ ដោយបញ្ហាមួយចំនួន គឺយើងទាមទារឲ្យមានការបកស្រាយឲ្យបានច្បាស់ តែប៉ុណ្ណោះលើបទដ្ឋានគតិយុទ្ឋមួយចំនួន»

វិស័យកាត់ដេរសម្លៀកបំពាក់ និងវាយនភ័ណ្ឌ គឺជាសសរស្តម្ភមួយក្នុងចំណោម សសរស្តម្ភទាំង៤ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ ដែលការនាំចេញពីវិស័យនេះ បានតំណាងអោយ៧០ភាគរយ នៃការនាំចេញសរុបរបស់កម្ពុជា។​

បើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការនាំចេញសំលៀកបំពាក់វាយនភណ្ឌកាត់ដេរ និងស្បែកជើងបានកើនឡើងប្រមាណជា ៧.២ភាគរយកកាលពីដំណាច់ឆ្នាំមុន ក្នុងទឹកប្រាក់ប្រមាណជា ៧.៣ ពាន់លានដុល្លារសហរដ្ឋអាមេរិក បើធៀបទៅឆ្នាំ២០១៥ មានត្រឹមតែប្រមាណ ៦.៨ ពាន់លានដុល្លារសហរដ្ឋអាមេរិក។

សមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថា GMAC ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៦ ហើយមកទល់នឹងបច្ចុប្បន្នសមាគមនេះមានសមាជិកទាំងអស់ប្រមាណជា ៥១២ ជារោងចក្រកាត់ដេរ និង៥៩ រោងចក្រស្បែកជើងនិងបានស្រូបទាញកំលាំងពលកម្មប្រមាណជាជាង៧០ម៉ឺននាក់៕