(សៀមរាប)៖ ព្រះពុទ្ធរូបប្រក់នាគក្បាលប្រាំពីរមួយព្រះអង្គ ធ្វើពីថ្មភក់ មានទម្រង់ព្រះភ្នែនលើរង្វេលនាគបីជាន់ ស្ថិតក្នុងចុងសទវត្សទី១២ ដើមសទវត្សទី១៣ សម័យបាយ័ន្ត មានកម្ពស់៥៩សង់ទីម៉ែត្រ បណ្តោយ៣០សង់ទីម៉ែត្រ ទទឹង១៨សង់ទីម៉ែត្រ ត្រូវបានអ្នកភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ប្រគល់ជូនអាជ្ញាធរជាតិអប្សរារក្សាទុក។
ការប្រគល់ទទួលនេះធ្វើឡើងក្រោមវត្តមានលោក សំ សារ៉េត ប្រធានការិយាល័យនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ តំណាងអាជ្ញាធរជាតិអប្សរា ព្រមទាំងមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ខេង រ៉ា លោកមេភូមិ-មេឃុំ-នគរបាលប៉ុស្តិ៍កន្ទួត និងនគរបាលបេតិកភណ្ឌផងដែរ។
ក្នុងនោះអាជ្ញាធរជាតិអប្សរា ក៏បានឧបត្ថម្ភថវិកា១លានរៀល ដល់អ្នកស្រី ព្រីម រ៉ម ជាការលើកទឹកចិត្ត ដែលមិនយកបុរាណវត្ថុនេះទៅលក់ដូរ ហើយបានប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចរក្សាទុក។
ថ្លែងក្នុងពិធីប្រគល់ព្រះពុទ្ធបដិមាប្រក់នាគ ជូនអគ្គនាយិការសារមន្ទីរ ព្រះនរោត្តមសីហនុអង្គរ លោក ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានឲ្យដឹងថា ព្រះពុទ្ធបដិមានេះ ត្រូវបានប្តីរបស់អ្នកស្រី ព្រីម រ៉ម ប្រទះឃើញនៅចំណុចត្រពាំងជ្រៃខាងត្បូងឆៀងខាងកើតប្រាសាទតាណុប ខណៈគាត់កាប់គាស់ដីធ្វើចម្ការ ក្រោយមកក៏បានយកទុកក្នុងផ្ទះ រួចរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចឲ្យយកទៅរក្សាទុកនៅកន្លែងសមគួរ។ ចំពោះការរក្សាទុកព្រះពុទ្ធបដិមានៅសារមន្ទីរនេះ គឺសាធារណជន អាចមកទស្សនា សិក្សា ស្រាវជ្រាវពីប្រវត្តិនៃរូប ហើយធានានូវទំនុកចិត្តដល់ប្រជាពលរដ្ឋខ្មែរ១០០ភាគរយថា រូបទាំងអស់ដែលរក្សានៅទីនេះនឹងគង់វង្សជារហូតទៅ។
លោកបន្តទៀតថា នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នឹងធ្វើការស្រាវជ្រាវលម្អិតថា រូបនេះមកពីប្រាសាទណាព្រោះនៅខាងជើងភ្នំគូលែន មានប្រាសាទច្រើន។ បន្ថែមពីនេះនាយកដ្ឋាន ក៏បានពន្លឿនកិច្ចការកំណត់តំបន់ និងបោះបង្គោលការពារបុរាណដ្ឋានក្រៅឧទ្យានអង្គរ និងផ្សព្វផ្សាយឲ្យប្រជាជន បានយល់ដឹងពីតម្លៃបេតិកភណ្ឌជាតិ ឲ្យគាត់យល់ ស្រឡាញ់ ថែរក្សាដូចករណីប្រគល់បដិមានេះជាគំរូស្រាប់។
ក្នុងនាមថ្នាក់ដឹកនាំមួយរូប លោកក៏បានអំពាវនាវ ដល់ប្រជាជនគ្រប់ជាន់ថ្នាក់ទាំងអស់ ពេលប្រទះឃើញបុរាណវត្ថុទាំងឡាយ សូមយកមកប្រគល់ជូនអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាទុកជាសម្បត្តិបេតិកភណ្ឌជាតិ ចៀសវាងការយកទៅជួញដូរ ឬរក្សាទុកខុសច្បាប់។
ជាមួយគ្នានោះ កញ្ញា ឆោម គន្ធា អគ្គនាយិកាសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ក៏បានប្រាប់ថា មកដល់ពេលនេះ ជាលើកទី៣ហើយ ដែលប្រជាពលរដ្ឋក្រៅតំបន់អង្គរបានយកបុរាណវត្ថុ ដែលខ្លួនប្រទះឃើញមកប្រគល់ជូន ហើយអាជ្ញាធរជាតិអប្សរាយកមករក្សាទុកនៅសារមន្ទីរនេះ។
បច្ចុប្បន្នសារមន្ទីរដែលទើបជួសជុលរួច ក៏កំពុងពង្រឹងខ្លួន ដើម្បីតាំងបង្ហាញនូវបុរាណវត្ថុជាច្រើន ដែលនៅក្នុងឃ្លាំងមកដាក់តាំងពិព័រណ៍ឲ្យភ្ញៀវ បានឃើញ និងស្វែងយល់បន្ថែមផងដែរ៕