(កំពង់ស្ពឺ)៖ លោក ចាន់ តារា អភិបាលរងខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧នេះ ដឹកនាំកិច្ចប្រជុំរវាងថ្នាក់ដឹកនាំស្ថាប័ន តុលាការ ជាមួយថ្នាក់ដឹកនាំមន្ដ្រី នគរបាលយុត្តិធម៌ ដើម្បីលុបបំបាត់ភាពមន្ទិលសង្ស័យនានា រាល់ការចុះបង្ក្រាបបទល្មើស។
កិច្ចប្រជុំនេះ មានការចូលរួមពីលោក ហង់ ស៊ីថា ប្រធានសាលាដំបូងខេត្ត, លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត, លោកស្នងការខេត្ត, លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ចៅក្រម ព្រះអាជ្ញារង និងមន្ដ្រីពាក់ព័ន្ធសរុប១៥០នាក់។ ព្រះរាជអាជ្ញា ខេត្តកំពង់ស្ពឺ បានប្រាប់មន្ត្រីនគរបាលយុត្តិធម៌ ជួបប្រជុំស្វែងរកដំណោះស្រាយល្អៗ សម្រាប់ពលរដ្ឋ មិនមែនសាចទឹកដាក់គ្នា ពេលចុះបំពេញភារកិច្ច និងអនុវត្តច្បាប់ទេ
គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីលុបបំបាត់ភាពមន្ទិលសង្ស័យនានា រាល់ការចុះបង្ក្រាបបទល្មើសទាំងឡាយ ដែលពលរដ្ឋតែងតែ និយាយថា បាត់សម្ភារៈ ការធ្វើរបាយណ៍មិនគ្រប់ របស់ថ្មីក្លាយជារបស់ចាស់ ធ្វើនិតិវិធីមិនត្រឹមត្រូវតាមផ្លូវច្បាប់។ល។ ដូច្នេះដើម្បីជម្រះ នៅមន្ទិលទាំងនេះ និងមន្ទិលដែលបានលើកឡើងរវាង មន្ត្រីនគរបាលយុត្តិធម៌ និងស្ថាបន័តុលាការពេលនេះ ត្រូវធ្វើឡើងដោយ មិនសាចទឹកដាក់គ្នា រួមទាំងស្វែករកគន្លឹះយុទ្ធសាស្រ្តឲ្យមានប្រសិទ្ធិភាព ក្នុងកិច្ចស្វែងរកយុត្តិធម៌ជូនពលរដ្ឋ។
បើផ្អែកតាមក្រមនិតិវិធីក្នុងការស៊ើបអង្កេតករណីជាក់ស្តែង ច្បាប់បានផ្តល់សិទ្ធិ និងអំណាចយ៉ាងច្រើនដល់មន្ត្រីនគរបាលយុត្តិធម៌ ដូចជាការចាប់ខ្លួន ការហាមឃាត់បុគ្គលគ្រប់រូប កុំឲ្យទៅណាឆ្ងាយពីកន្លែងបទល្មើស ការធ្វើប្រតិបត្តិការលើវិសាលភាពទាំងមូល នៃដែនដីជាតិ ការឆែកឆេរ ការចាប់យកវត្ថុតាង ការស្តាប់ចម្លើយបុគ្គលគ្រប់រូប ការកោះហៅបុគ្គលពាក់ព័ន្ធ ការឃាត់ខ្លួន។
ចំណែកឯការស៊ើបអង្កេតករណីបឋមវិញ ច្បាប់ក៏បានផ្តល់សិទ្ធិ និងអំណាចផងដែរ ប៉ុន្តែត្រូវបានកម្រិតជាងករណីជាក់ស្តែងក្រៅពីការ ស៊ើបអង្កេតដូចខាងលើ មន្ត្រីនគរបាលយុត្តិធម៌ត្រូវបានច្បាប់ប្រគល់សិទ្ធិ អំណាចខ្លះក្នុងដំណាក់កាលស៊ើបសួរតាមរយៈដីកា ចាត់ឲ្យស៊ើបសួរជំនួសរបស់ចៅក្រមស៊ើបសួរ។
លើសពីនេះទៀត នគរបាលយុត្តិធម៌មានភារកិច្ចអនុវត្តដីកាមួយចំនួន ដែលចេញដោយសមត្ថកិច្ចតុលាការ ហើយភារកិច្ចចំពោះនគរបាល យុត្តិធម៌ស្វែងរកបទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឃឹម និងបទល្មើសទាំងឡាយ ប្រមូលភស្តុតាង ហើយបញ្ជូនជនល្មើសទៅសាលាជម្រះក្តី ដែលមានភារកិច្ចផ្ដន្ទាទោសជនទាំងនោះ ប៉ុន្តែអាចត្រូវបានចាប់បញ្ជូនទៅសាលាជម្រះក្តីដោយនគរបាលយុត្តិធម៌ តែក្នុងករណីដែល ជនល្មើសបានប្រព្រឹត្តបទឧក្រិដ្ឋ ឬបទមជ្ឃឹមជាក់ស្ដែងតែប៉ុណ្ណោះ ឬកាលណាមានដីកាបង្គាប់ឲ្យនាំខ្លួន ឬដីកាចាប់ខ្លួននៃជនល្មើស៕