(ភ្នំពេញ)៖ ពិតជាមិនគួរឲ្យជឿ ខណៈដែលតារាបង្ហាញម៉ូត មានមុខមាត់ស្រដៀងនឹងកូនកាត់ អាមេរិក កញ្ញា នីន ម៉ាលីណែត ទទួលបាននូវរង្វាន់លើកទឹកចិត្តបន្ថែមពីកម្មវិធី មួយមានឈ្មោះថា «Phnom Penh Designer Week 2017» បន្ទាប់ពីនាង បានបង្ហាញឈុតដ៏អស្ចារ្យមួយ ច្នៃពីស្លាបព្រា ដើម្បីប្រកួតប្រជែងការច្នៃម៉ូត ប្រចាំឆ្នាំ។
ការប្រឡូកសិល្បៈជាង៣ឆ្នាំ កន្លងមកនេះ កញ្ញា នីន ម៉ាលីណែត ដណ្ដើមបានភាពលេចធ្លោ នៅក្នុងអាជីពបង្ហាញម៉ូដ ដែលនាងធ្លាប់លេចមុខ នៅក្នុងកម្មវិធីធំៗស្ទើររាប់មិនអស់ ប៉ុន្តែអ្វីដែលធ្វើឲ្យនាងរំភើបចិត្តបំផុតនោះ ថ្មីៗនេះ ខណៈដែលនាងបង្ហាញម៉ូដ នៅក្នុងកម្មវិធី «Phnom Penh Designer Week 2017» ដែលមានតារាម៉ូដែលចូលរួមជាង៤០នាក់ នោះសម្លៀកបំពាក់ដំបូងរបស់នាង ត្រូវជាប់ជាឈុតលេចធ្លោជាងគេ នៅក្នុងកម្មវិធីនោះ គឺទទួលបាន «GIFT VOUCHER» ជាមួយទឹកប្រាក់ចំនួន២០០ដុល្លារ ពីកម្មវិធី។
កញ្ញា នីន ម៉ាលីណែត បានថ្លែងឲ្យដឹងថា នាងមិននឹកស្មានថា សម្លៀកបំពាក់របស់នាង នៅក្នុងកម្មវិធីនោះ ក្លាយជាលេចធ្លោជាងគេបែបនេះទេ គឺនាងរំភើបចិត្តរកនឹកថាមិនត្រូវ។ នាងថាសម្លៀកបំពាក់របស់នាង ច្នៃពីស្លាបព្រាជ័រ ខ្សែជ័រ និងពីក្រណាត់ ដែលច្នៃដោយក្រុម «Kor khor creative Fashion» គឺទទួលបានភាពទាក់ទាញខ្លាំង នៅក្នុងកម្មវិធីនោះ។ នេះលើកទី១ហើយ ដែលនាងទាញបានការចាប់អារម្មណ៍ខ្លាំង ទទួលបានការផ្ដល់ពិន្ទុលេចធ្លោជាងគេ ដែលធ្វើឲ្យនាងកាន់តែមានទឹកចិត្តពុះពារ នៅក្នុងវិស័យបង្ហាញម៉ូដនេះ បន្តទៀត។
តារាបង្ហាញម៉ូតសម្បុរខ្មៅ ត្រូវគេច្រឡំថា កូនកាត់ខ្មែរអាមេរិក កញ្ញា នីន ម៉ាលីណែត បានសង្កត់ធ្ងន់ថា មជ្ឈដ្ឋានជាច្រើនតែងតែច្រឡំថា នាងជាជនជាតិអាមេរិក ប៉ុន្តែការពិតនាងជាជនជាតិខ្មែរសុទ្ធសាធ ដែលមានឪពុកម្ដាយជាខ្មែរ រស់នៅរាជធានីភ្នំពេញ។ ដោយសារតែនាងមានត្រេមុខ ជាកូនកាត់អាមេរិកបែបនេះ ហើយទើបនាងពិបាកប្រឡូក ក្នុងអាជីពសម្ដែង ដែលនាងស្រឡាញ់ និងមានទេពកោសល្យខ្ពស់ ពោលគឺក្រុមផលិករជាច្រើន មិនសូវចាប់អារម្មណ៍ត្រេមុខ របស់នាងឲ្យថតភាពយន្តទេ។ ប៉ុន្តែសម្រាប់អាជីពបង្ហាញម៉ូដ គឺនាងកំពុងតែត្រូវប៉ាន់ និងលេចធ្លោខ្លាំង៕