(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ កង សុខន អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាឲ្យថ្នាក់ដឹកនាំនាយកដ្ឋានព្រហ្មទណ្ឌ ត្រូវបង្កើនកម្លាំងដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆក់ ឲ្យកាន់តែមានប្រសិទ្ធិភាព ជាពិសេសក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។
ការថ្លែងបែបនេះរបស់នាយឧត្តមសេនីយ៍ ត្រូវបានធ្វើឡើងក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារ របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកអនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ។
នាយឧត្តមសេនីយ៍ កង សុខន ថ្លែងថា ថ្នាក់ដឹកនាំនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ត្រូវទៅសហការជាមួយស្នងការនគរបាលរាជធានីភ្នំពេញ ហើយបន្ដទៅជួបជាមួយស្នងការរង ទទួលផែនព្រហ្មទណ្ឌ ហើយត្រូវពិភាក្សាគ្នាថា ធ្វើយ៉ាងមិចដើម្បីកុំឲ្យបទល្មើសឆក់នេះរាលដាល រួចធ្វើការប្រជុំជាមួយអធិការខណ្ឌណា ដែលមានបទល្មើសនេះកើតឡើង និងបែងចែកកម្លាំងតែម្ដង។
ជាការឆ្លើយតបលោកឧត្តមសេនីយ៍ឯក សុខ ខេមរិន បានបេ្ដជ្ញាថា នឹងអនុវត្តន៍បញ្ជានេះឲ្យខានតែបាន ដើម្បីបង្ក្រាបបទល្មើស ជាពិសេសបទល្មើសឆក់ឲ្យអស់ពីរាជធានីភ្នំពេញ។
បន្ថែមពីនេះនាយឧត្តមសេនីយ៍ កង សុខន បានណែនាំរបស់ថ្នាក់ដឹកនាំនាយកដ្ឋាននគរបាលព្រហ្មទណ្ឌថា ដើម្បីអនុវត្តការងារនេះឲ្យល្អប្រសើរ និងទទួលបានជោគជ័យនោះ កម្លាំងទាំងអស់ត្រូវតែចេះគោរពគ្នាទៅវិញទៅមក ឲ្យតម្លៃគ្នា និងត្រូវរួមសាមគ្គីគ្នា។
សូមបញ្ជាក់ថា ពិធីដែលបានធ្វើនៅព្រឹកមិញនេះ ក៏មានការតែងតាំងអនុប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌថ្មីមួយរូបផងដែរ គឺលោកឧត្តមសេនីយ៍ត្រី ជិន វណ្ណៈ ដែលផ្ទេរមកពីអនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀន៕