(ព្រះវិហារ)៖ លោក សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលព្រះវិហារ លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្ត បានដឹកនាំមន្រ្តីរាជការ និងប្រជាពលរដ្ឋ នាំយកទៀនព្រះវស្សាដល់ព្រះសង្ឃចំនួន៨៣វត្ត ស្ថិតនៅវត្តគោកបេង ភូមិគោកបេង សង្កាត់កំពង់ប្រណាក់ ខេត្តព្រះវិហារ ​នៅព្រឹកថ្ងៃទី៦​ ខែកក្កដា ឆ្នាំ២០១៧នេះ។

នៅក្នុងឱកាសនោះលោក អ៊ុន ចាន់ដា បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន ​សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ពិសេសបានផ្តល់នូវសុខសន្តិភាព ពាសពេញផ្ទៃប្រទេស។ លោកអភិបាលខេត្ត បានប្រៀបប្រដូចរាជរដ្ឋាភិបាលកម្ពុជា ប្រៀបបាននឹងដើមពោធិ៍មួយដើមដែល បានផ្តល់ម្លប់ត្រជាក់ត្រឈឹងត្រឈៃសម្រាប់យើងទាំងអស់គ្នា ជ្រកហើយលោកជុំរុញឲ្យប្រជាពលរដ្ឋយើង ក៏ដូចជាព្រះសង្ឃគ្រប់ព្រះអង្គ ត្រូវរួបរួមគ្នាថែរក្សាដើមពោធិ៍មួយដើមនេះ ឲ្យកាន់តែបែកមែកសាខាសម្រាប់យើងទាំងអស់គ្នាជ្រកតទៅទៀត។

លោក អ៊ុន ចាន់ដា បញ្ជាក់ថា «សព្វថ្ងៃនេះវិស័យអាណាចក្រ និងវិសយ័ពុទ្ធចក្រមិនអាចកាត់ផ្តាច់ពីគ្នាបានទេ បើវិស័យអាណាចក្រ មិនរីកចម្រើនវិសយ័ពុទ្ធចក្រ ក៏មិនរីកចម្រើនដែរ។ ហើយក្នុងថ្ងៃនេះ យើងទាំងអស់គ្នាពិតជាមានការសប្បាយរីករាយណាស់ដែលបានជួបជុំគ្នា ធ្វើបុណ្យជាមួយគ្នាក្រោមបរិយាកាសស្និតស្នាលរីករាយ ក្រោមដំបូលសន្តិភាព»

ក្នុងនាមលោកជាថ្នាក់ដឹកនាំខេត្ត លោកសូមសំដែងនូវការសារទរ ចំពោះវិសយ័ពុទ្ធចក្រ ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ ជួយបំផុសស្មារតីឲ្យយុវជនយើង ចៀសឆ្ងាយ នូវអំពើអបាយមុខផ្សេងៗ ពិសេសគឺជៀសឆ្ងាយពីគ្រឿងងញៀនតែម្តង និងសូមអរគុណដល់មន្ត្រីរាជការតាមមន្ទីរអង្គភាពនានា ក៏ដូចជាប្រជាពុទ្ធបរិស័ទ ដែលបានចូលរួមចំណែកចាប់មគ្គុផលកុសលផលបុណ្យ ក្នុងពិធីបុណ្យប្រគេនទៀនព្រះវស្សានៅពេលនេះ។

សូមបញ្ជាក់ថា វត្តទាំង៨៣ នៅក្នុងខេត្តព្រះវិហារ​​ ដែលបានប្រគេននៅពេលនេះ គឺក្នុងវត្តនីមួយៗ ទទួលបានទៀនព្រះវស្សាមួយគូរ អង្ករ ៥០គីឡូក្រាម ទឹកក្រូច៣កេស ទឹកបរិសុទ្ធ៣កេស និងបច្ចយ័១០ម៉ឺនរៀល និងប្រគេនសាមណសិស្ស៥០អង្គ ក្នុង១អង្គបច្ច័យ២០,០០០រៀល៕