(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧នេះលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បានអញ្ជើញប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ ចៅសង្កាត់រងទី១ និងចៅសង្កាត់រងទី២ នៃសង្កាត់ជ្រោយចង្វារ ស្ថិតនៅវត្តប្រជុំសាគរ ដើម្បីចូលកាន់តំណែងជាផ្លូវការ។
នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមមានលោកលោកស្រី អភិបាលរង លោកនាយករដ្ឋបាល មន្រ្តីរាជការសាលាខណ្ឌ ក្រុមប្រឹក្សាសង្កាត់ចាស់ថ្មី មន្រ្តី ភូមិមន្ត្រីនគរបាលប៉ុស្តិ គណកម្មការវត្តគណៈកម្មការវិហារ យុវជនប្រជាពលរដ្ឋសរុបប្រមាណ៥00នាក់ផងដែរ។
នៅក្នុងឱកាសនោះលោក ឃ្លាំង ហួត បានលើកឡើងនូវប្រសាសន៍ណែនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លើព័ត៌មានដែលថា នៅតាមឃុំសង្កាត់ដែលគណបក្សសង្គ្រោះជាតិឈ្នះ អាចនឹងផ្លាស់ប្តូរមេភូមិនោះ គឺមិនអាចទៅរួចនោះឡើយ ពោលការជ្រើសរើសមេភូមិអាចធ្វើទៅបាន ទាល់តែតម្រូវឲ្យមានលក្ខខណ្ឌមួយចំនួន ដូច្នេះជាព័ត៌មានបំពុល និងមិនអាចធ្វើទៅកើតឡើយ។
សូមបញ្ជាក់ថា សម្រាប់សង្កាត់ជ្រោយចង្វារនេះ ចៅសង្កាត់មកពីគណបក្សប្រជាជនកម្ពុជា នៅតែបន្តកាន់កាប់តំណែងដដែល បន្ទាប់ពីការឈ្នះឆ្នោត នាពេលបោះឆ្នោត កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។
លោក ឃ្លាំង ហួត បានណែនាំដល់ចៅសង្កាត់ និងមន្រ្តីទាំងអស់ដែលចូលកាន់កាប់តំណែងនៅពេលនេះ មិនថាមកពីបក្សណាទេ ត្រូវរួមសាមគ្គីគ្នាជាធ្លូងមួយ ដើម្បីដាក់ទិសដៅរួម លើការបម្រើប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពតាមមូលដ្ឋានរបស់ខ្លួន៕