(ព្រះវិហារ)៖ លោក គុជ សូ ជំទប់ទី១ ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ មកពីគណបក្សប្រជាជនកម្ពុជា ត្រូវបានឡើងកាន់តំណែងជាមេឃុំឆែបពីរជំនួសសពលោក ងួន កន អតីតមេឃុំ ដែលទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧។
លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានថ្លែងនៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧នេះថា លោកគុ ជ សូ ជំទប់ទី១ ឃុំឆែប២ មកពីគណបក្សប្រជាជនកម្ពុជា ត្រូវទទួលតំណែងជាមេឃុំជំនួសសពលោកមេឃុំចាស់ ងួន កន ដោយឡែកក្រុមប្រឹក្សាឃុំ កូតាគណបក្សប្រជាជនកម្ពុជា ត្រូវឡើងជាជំទប់ទី១វិញ ហើយក្រុមប្រឹក្សាដាក់ជំនួសអ្នកថ្មី ដែលសុទ្ធតែជាសមាជិកគណបក្សប្រជាជនកម្ពុជា។
មេឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ អាណត្តិទី៤ មកពីគណបក្សប្រជាជនកម្ពុជា គឺលោក ងួន កន អាយុ៦៦ឆ្នាំ បានទទួលមរណភាពនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧នេះ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តស្ទឹងត្រែង។
គួរបញ្ជាក់ថា៖ លោក ងួន កន គឺជាបេក្ខភាពមេឃុំឆែប២ ដែលទើបជាប់ឆ្នោតនៅអាណត្តិទី៤នេះ ហើយបានប្រកាសតែងតាំងឲ្យចូលកាន់តំណែង កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ ក្រោមវត្តមាន លោក អ៊ុន ចាន់ ក្រោយប្រកាសបាន៣ថ្ងៃ គាត់បានជួបគ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត។
សូមបញ្ជាក់ថា៖ ឃុំឆែប២ ដែលស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ គឺជាឃុំមួយដែលគ្រប់គ្រង ដោយគណបក្សប្រឆាំងអស់រយៈពេល ពីរអាណត្តិកន្លងមកហើយ ប៉ុន្តែនៅក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ជ័យជម្នះជាប្រធានក្រុមប្រឹក្សាឃុំ បានមកលើគណបក្សប្រជាជនកម្ពុជា ជាអ្នកគ្រប់គ្រងវិញ៕