(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ លោក លីន ញ៉ក់ អភិបាលរងខណ្ឌ លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ លោកស្រី លី រ៉ូហ្សាមី អភិបាលរងខណ្ឌ លោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌ និងលោក អ្នក បូរ នាយករងរដ្ឋបាលខណ្ឌ នាព្រឹកថ្ងៃទី៦ ខែខែកក្កដា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រកាសសុពលភាព ចូលកាន់តំណែងរបស់សមាជិកក្រុមប្រឹក្សាទាំង៧ អាណត្តិទី៤ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយមានការចូលរួមពីប្រជាពលរដ្ឋ ដែលមកពីតាមបណ្ដារភូមិនានាយ៉ាងច្រើនកុះករ។
គួរបញ្ជាក់ផងដែរថា ក្នុងពិធីប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់ទាំង៧ នៃខណ្ឌឫស្សីកែវ រាជធានីភ្នំពេញខាងលើនេះ ត្រូវបានរៀបចំធ្វើឡើងព្រមៗគ្នា ដោយមានការបែងចែកភារកិច្ចរួមមាន៖ទី១-លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានអញ្ជើញជាអធឹបតី ក្នុងការប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់ ប្រកាសឈ្មោះប្រធានក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ ចៅសង្កាត់រង នៃសង្កាត់ច្រាំងចំរេះទី២ ទី២-លោក លីន ញ៉ក់ អភិបាលរងខណ្ឌ អញ្ជើញចូលរួម ក្នុងការប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់ ប្រកាសឈ្មោះប្រធានក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ ចៅសង្កាត់រង នៃសង្កាត់គីឡូម៉ែត្រលេខ៦ ទី៣-លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ អញ្ជើញចូលរួម ក្នុងការប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់ ប្រកាសឈ្មោះប្រធានក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ ចៅសង្កាត់រង នៃសង្កាត់ឫស្សីកែវ ទី៤-លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ អញ្ជើញចូលរួម ក្នុងការប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់ ប្រកាសឈ្មោះប្រធានក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ ចៅសង្កាត់រង នៃសង្កាត់ស្វាយប៉ាក ទី៥-លោកស្រី លី រ៉ូហ្សាមី អភិបាលរងខណ្ឌ អញ្ជើញចូលរួម ក្នុងការប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់ ប្រកាសឈ្មោះប្រធានក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ ចៅសង្កាត់រង នៃសង្កាត់ទួលសង្កែទី២ ទី៦-លោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌ ចូលរួមក្នុងការប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់ ប្រកាសឈ្មោះប្រធានក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ ចៅសង្កាត់រង នៃសង្កាត់ច្រាំងចំរេះទី១ ទី៧-លោក អ្នក បូរ នាយករងរដ្ឋបាលខណ្ឌ បានចូលរួមក្នុងការប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់ ប្រកាសឈ្មោះប្រធានក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ ចៅសង្កាត់រង នៃសង្កាត់ទួលសង្កែទី១។
ក្នុងពិធីខាងលើនេះ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានថ្លែងថា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ក៍ដូចជាក្រសួងមហាផ្ទៃ ដោយបានប្រគល់ភារកិច្ចធ្វើជាអធិបតីនៃកិច្ចប្រជុំដំបូងរបស់ក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៤ ដើម្បីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាសង្កាត់ ប្រកាសឈ្មោះប្រធានក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ ចៅសង្កាត់រង និងការចាប់ផ្ដើមបំពេញការងាររបស់ក្រុមប្រឹក្សាសង្កាត់ទាំង៧ នៃខណ្ឌឫស្សីកែវ។
ជាមួយគ្នានោះ លោក ជា ពិសី បានផ្តាំផ្ញើដល់ក្រុមប្រឹក្សាសង្កាត់ថ្មី ត្រូវបន្តអនុវត្តលិខិតបទដ្ឋាននានា ដែលនៅជាធរមាន និងបន្តការងារដែលនៅសេសសល់ពីអាណត្តិមុន ដោយក្រុមប្រឹក្សាថ្មី ត្រូវរក្សាឲ្យបាននូវវប្បធម៌សាមគ្គីភាព សម្របសម្រួល កុំបែងចែកនិន្នាការនយោបាយ ហើយបំរើពលរដ្ឋឲ្យបានប្រសើររួមនិងបង្កើនភាពទំនាក់ទំនង រវាងមន្ត្រី-ចៅសង្កាត់ ឲ្យបានល្អ និងស្គាល់ពីសុខទុក្ខពលរដ្ឋ ដើម្បីលើកកម្ពស់ការចូលរួមបំពេញការងារ ជាក្រុមរបស់ក្រុមប្រឹក្សាទាំងអស់ តាមរយៈការដកពិសោធន៍ ទៅវិញទៅមក ទាំងសមាជិកថ្មី និងចាស់ ដោយឈរលើទស្សនមតិភាគច្រើន ហើយមតិភាគតិចត្រូវគោរពតាមការសម្រេចរបស់មតិភាគច្រើន ហើយប្រធាន និងសមាជិកក្រុមប្រឹក្សាទាំងអស់ ត្រូវរួមគ្នាបម្រើប្រជាពលរដ្ឋ ក្នុងការដោះស្រាយពីតម្រូវការផ្សេងៗដូចជា ស្ពាន ផ្លូវ លូ ជាពិសេស ត្រូវខិតខំលុបបំបាត់ល្បែងស៊ីសង និងបទល្មើសនានាដែលកើតមានក្នុងមូលដ្ឋានរបស់ខ្លួន។
លោកបន្តថា ក្នុងឱកាសដ៍វិសេសវិសាលថ្លៃថ្លានេះ ខ្ញុំសូមចូលរួមអបអរសាទរចំពោះលោក លោកស្រី អស់លោកជាសមាជិកក្រុមប្រឹក្សាសង្កាត់អាណត្តិទី៤ និងអស់លោក លោកស្រីជាចៅសង្កាត់ ចៅសង្កាត់រងទាំងអស់ ដែលបានទទួលនូវសេចក្ដីទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់កាលពីថ្ងៃអាទិត្យទី៤ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ ដោយការបោះឆ្នោតនេះ បានប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវយុត្តិធម៌។
លោកបន្តទៀតថា តាមរយះរបាយការណ៍របស់ក្រុមប្រឹក្សាសង្កាត់អាណត្តិទី៣ ខ្ញុំសូមសំដែងនូវការកោតសរសើរអំពីការខិតខំអស់ពីកម្លាំងកាយចិត្តរបស់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាសង្កាត់ទាំងអស់ ដែលបានខិតខំអនុវត្តតួនាទី មុខងាររបស់ខ្លួន សម្រេចបាននូវសមទ្ធផលជាច្រើន សម្រាប់ជាផលប្រយោជន៍របស់ ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ហើយសមទ្ធផលទាំងនេះ គឺជាមូលដ្ឋានសម្រាប់ក្រុមប្រឹក្សាសង្កាត់អាណត្តិទី៤ បន្តពង្រីកពង្រឹងថែមទៀត ដើម្បីអភិវឌ្ឍន៍សង្កាត់ ភូមិរបស់ខ្លួន។
សូមបញ្ជាក់ថា នៅក្នុងខណ្ឌឬស្សីកែវ ចៅសង្កាត់មកពីគណបក្សសង្គ្រោះជាតិមានចំនួន៥រូប និងចៅសង្កាត់មកពីគណបក្សប្រជាជនកម្ពុជាមានចំនួនរូប ក្នុងចំណោមសង្កាត់ទាំង៧៕