(ភ្នំពេញ)៖ ដោយទទួលបានការគាំទ្រពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងក្រុមហ៊ុនស្រាបៀរ Ganzberg ស្ថានីយ៍ទូរទស្សន៍ MYTV ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CBS បានប្រកាសបើកសង្វៀនប្រដាល់ថ្មីមួយ គឺកម្មវិធីប្រកួតដណ្ដើមប្រាក់លានប្រចាំខែ Ganzberg Uber Fighter ដែលនឹងចាប់ផ្ដើមយុទ្ធនាការដំបូង នៅរាត្រីថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០១៧ស្អែកនេះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានរៀបចំព្រឹត្តិការណ៍ខាងលើ លោក គង់ ចំរើនរដ្ឋា ប្រធានផ្នែកលក់ក្រុមហ៊ុន CBS បានលើកឡើងថា នេះជាព្រឹត្តិការណ៍ថ្មី ដើម្បីរួមចំណែកលើកស្ទួយដល់ជីវភាពគ្រួសារកីឡាប្រដាល់គុនខ្មែរ ព្រោះអ្នកឈ្នះនឹងទទួលបានប្រាក់រង្វាន់ ១,០០០ដុល្លារភ្លាមៗ ខណៈអ្នកទទួលបាន ៣០០ដុល្លារ។ លោកសង្កត់ធ្ងន់ថា «អ្នកខ្លាំង ហើយអ្នកព្យាយាមហ្វឹកហាត់ នឹងក្លាយជាម្ចាស់ប្រាក់លានជារៀងរាល់ខែ»។
លោក Fanz Josef Brune តំណាងក្រុមហ៊ុនស្រាបៀរ Ganzberg បានបញ្ជាក់ថា ក្រុមហ៊ុនខ្លួនបានត្រៀមទឹកប្រាក់សរុបជាង ៥លានដុល្លារឯណោះ សម្រាប់ព្រឹត្តិការណ៍ខាងលើ។ លោករំពឹងថា ការឧបត្ថម្ភគាំទ្រក្នុងការរៀបចំកម្មវិធី Ganzberg Uber Fighter នេះ នឹងផ្ដល់ឱកាសឲ្យកីឡាករខ្មែរមានសមត្ថភាពកាន់តែខ្ពស់ និងពង្រឹងគុណភាពបានកាន់តែប្រសើរ ដើម្បីឆ្លើយតបនឹងការគាំទ្រដ៏ច្រើនពីមហាជននាពេលបច្ចុប្បន្ន។
ជាមួយគ្នានោះ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចាត់ទុកការបង្កើតសង្វៀនថ្មីប្រចាំស្ថានីយ៍ទូរទស្សន៍ MYTV នេះ គឺឆ្លុះបញ្ចាំងឲ្យឃើញពីភាពរីកចម្រើននៃវិស័យកីឡាប្រដាល់គុនខ្មែរបច្ចុប្បន្ន នឹងទៅថ្ងៃអនាគត។ ម្យ៉ាងមិនត្រឹមតែជួយសម្រួលដល់ជីវភាពកីឡាករឲ្យកាន់តែប្រសើរនោះទេ ថែមទាំងជួយបង្កើនសមត្ថភាព និងបណ្ដុះបណ្ដាលធនធានកីឡាករឲ្យមានសមត្ថភាពកាន់តែច្រើន សម្រាប់ត្រៀមការធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម នាឆ្នាំ២០២៣។
តែឆ្លៀតក្នុងឱកាសនោះ លោកបានក្រើនរំឮកដល់មន្ដ្រីគណៈកម្មការ ចៅក្រម អាជ្ញាកណ្ដាល និងកីឡាករ-កីឡាការិនីក្រោមឱវាទរបស់ខ្លួន ត្រូវអនុវត្តកាតព្វកិច្ច ដោយគោរពគោលការណ៍សំខាន់ៗ ចំនួន ៣គឺសមត្ថភាព ឆន្ទៈ និងក្រមសីលធម៌។ លោកបានទទូចឲ្យអ្នកកាត់ក្ដី ត្រូវប្រើវិជ្ជាជីវៈ ដោយផ្ដល់លទ្ធផលដោយយុត្តិធម៌ ត្រឹមត្រូវ ខណៈកីឡាករ-កីឡាការិនីត្រូវប្រកួតឲ្យអស់ពីសមត្ថភាព ហើយបើមានភាពមិនប្រក្រតីកើតឡើង អ្នកគ្រប់គ្រងកម្មវិធី ត្រូវរាយការណ៍មកកាន់សហព័ន្ធភ្លាមៗ ដើម្បីដោះស្រាយ និងជំរុញវិស័យកីឡាបន្សល់ទុកពីបុព្វបុរសខ្មែរនេះឲ្យកាន់តែរីកចម្រើន និងល្បីល្បាញ។
គួរបញ្ជាក់ថា ចំពោះកម្មវិធីប្រកួតបើកទំព័ររដូវកាលដំបូង នៃកម្មវិធី Ganzberg Uber Fighter នារាត្រីថ្ងៃស្អែក គឺមាន ៤គូ រួមមានជំនួបរវាងកីឡាករជាតិ ផន ផល្លា ប៉ះកីឡាករ ផៃ គឹមហៀត ក្នុងប្រភេទទម្ងន់ ៦៣,៥ គីឡូក្រាម, កីឡាករ សេក គឹមចា ប៉ះកីឡាករ ឡុង វ៉ៃ ក្នុងប្រភេទទម្ងន់ ៦៧គីឡូក្រាម។ រីឯ ២គូទៀត ជាការជួបគ្នារវាងកីឡាករកម្ពុជា និងថៃ ក្នុងនោះកីឡាករ ថុល មករា ប៉ះកីឡាករថៃ Kongmethy Sit Pumpeun និងកីឡាករ ឡេកឌុម កែវដា ជួបកីឡាករថៃ Phithnoy Peak Carcare លើប្រភេទទម្ងន់ ៦៣,៥គីឡូក្រាមដូចគ្នា៕