(ភ្នំពេញ)៖ កូនជាងសំណង់ម្នាក់ ទើបចូលធ្វើការបាន២ទៅ៣ថ្ងៃប៉ុណ្ណោះ ខឹងមេកាស្តីបន្ទោសខ្លួនរឿង អង្គុយលេងមិនខំប្រឹងធ្វើការកើតចេញ ជាភ្លើងគំនុំបានទាញចបដែក វាយទៅលើមេកាសំណង់ម្នាក់ បណ្តាលឲ្យចំក្បាល មាត់ និងបាក់ធ្មេញអស់មួយជួរខាងក្រោម ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ ព្រះកុសុមៈ តែជនសង្ស័យត្រូវសមត្ថកិច្ចចាប់វាយខ្នោះភ្លាមៗ។ ករណីហិង្សានេះកើតឡើងនៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧នេះ ស្ថិតនៅក្នុងការដ្ឋានសំណង់ក្នុងបុរីបៃតង ក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលមូលដ្ឋាន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅភ្នំពេញថា ជនរងគ្រោះ ឃុត វន្នី អាយុជិត២៤ឆ្នាំ មុខរបរមេកាសំណង់ ស្នាក់នៅក្បែរការដ្ឋានសំណង់ បុរីបៃតងក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិព្រៃលាស់ ឃុំព្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។ ចំណែកឯ ជនសង្ស័យដៃដល់មានឈ្មោះ ហេន សម្បិន អាយុ២០ឆ្នាំ ស្នាក់នៅភូមិសាម្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ភូមិរកាខ្នុរ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មា ខេត្តកំពុងចាម។

មន្ត្រីនគរបាលដដែល បានបញ្ជាក់ថា ដំណើររឿងនៅមុនពេលកើតហេតុឈានទៅដល់ការប្រើប្រាស់អំពើហិង្សាខាងលើនេះ គឺបណ្តាលមកពី ជនសង្ស័យ ដែលជាជនដៃដល់កំពុងអង្គុយលេងមិនគិតជួយធ្វើការគ្នានៅពេលដែលបុរសជាមេការូបនោះឃើញដូច្នេះ ក៏ដើទៅស្តីបន្ទោស បន្តិចបន្តួចរឿងមិនធ្វើការ ក៏បានកើតចេញជាជម្លោះវាយតប់គ្នាទៅវិញទៅមករហូតជនដៃដល់រូបនោះទាញចបដងដែកមួយដើមវាយ ទៅមេកាពីត្បូងចប់បណ្តាលរងរបួសបែកក្បាលពីរកន្លែង ធ្ងន់ធ្ងត្រូវបញ្ជូនសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យព្រះកុសុមៈ។

ចំណែកឯជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះភ្លាមៗ បញ្ជូនខ្លូនមកអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់នៅពេលក្រោយ៕