(បាត់ដំបង)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង បានសហការជាមួយមន្ត្រីមន្ទីរពិសោធិចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូលមន្រ្តីមន្ទីរ ពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញដើម្បីស្វែងរកសារធាតុគីមីហាមឃាត់នៅផ្សារថ្មគោល និងផ្សារភួពុយ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញ ជាលទ្ធផលគ្មានសារធាតុគីមីអ្វីឡើយ។
លោក ហាក់ សុខរិន បានថ្លែងប្រាប់បភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបាត់ដំបងថា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង បានសហការជាមួយមន្ត្រីមន្ទីរពិសោធិចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញដាក់តាំងលក់នៅតាមទីផ្សារ ដើម្បីស្វែងរកទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ពិសេសផ្តោតសំខាន់ទៅលើ បន្លែ ផ្លែឈើ សរសៃគុយទាវ មី ជ្រក់គ្រប់ប្រភេទ ប្រហិត នៅផ្សារថ្មគោល ស្រុកថ្មគោល និងផ្សារ ភួពុយ នៅសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម។
លោក ហាក់ សុខរិន បានបន្តថា ការចុះត្រួតពិនិត្យទំនិញនាថ្ងៃនេះជាលទ្ធផល គឺពុំមានសារធាតុគីមីហាមឃាត់អ្វីឡើយដោយសារតែអាជីវករ ដែលលក់ទំនិញនៅតាមផ្សារទាំងអស់បានយល់កាន់តែច្បាស់អំពីការប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់ផងដោយបានយល់ដឹងតាមរយៈ ការផ្សព្វផ្សាយ អប់រំរបស់មន្រ្តីជំនាញយើងដែលបានធ្វើការផ្សព្វផ្សាយ និងបិទផ្ទាំងរូបភាពជាប្រចាំនៅតាមទីតាំងលក់ទំនិញគ្រប់កន្លែងកន្លងមក។
លោក ហាក់ សុខរិន បានបញ្ជាក់ថា ការចុះត្រួតពិនិត្យ និងណែនាំពីទំនិញខូចគុណភាព និងហួសសុពលភាព គឺដើម្បីឲ្យបងប្អូនពួកគាត់ ទិញទំនិញគ្មានសញ្ញាត្រឹមត្រូវ ពុំមានសំបកវិចខ្ចប់ត្រឹមត្រូវ និងទំនិញមិនមានច្បាប់អនុញ្ញាត។ ដូច្នេះអាជីវករក៏ដូចជាប្រជាពលរដ្ឋទាំងអស់ មុននិងទិញទំនិញយកមកដាក់តាំងលក់ ឬប្រើប្រាស់ត្រូវពិនិត្យមើលកាលបរិច្ឆេទផលិត ក្រុមហ៊ុនឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងពេលសមត្ថកិច្ចកាំកុងត្រូលចុះពិនិត្យឃើញហួសកំណត់ដកហូតដែលនាំឲ្យខាតបង់ថវិកាគ្រូសាររបស់បងប្អូន។
លោកប្រធានកាំកុងត្រូល ដាស់តឿនដល់បងប្អូនអាជីវករថា ទន្ទឹមនេះយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ចូលរួមសហការជាមួយសមត្ថកិច្ច ពាក់ព័ន្ធ និងមន្ត្រីសាខាកាំកុងត្រូវទប់ស្កាត់កុំ ឲ្យមានទំនិញដែលខូចគុណភាព និងហួសសុពលភាពដាក់តាំងលក់លើទីផ្សាតទៅទៀត។ បន្ទាប់ពីមន្ត្រីជំនាញសាខាកាំកុងត្រូល បានណែនាំ និងមើលទំនិញអស់ពេញមួយព្រឹកបានសង្កេតឃើញថា ប្រជាពលរដ្ឋទាំងអ្នកលក់ និងអ្នកទិញមានការយល់ដឹងកាន់តែច្បាស់ ហើយពួកគាត់បានថ្លែងអំណអគុណដល់មន្ត្រីជំនាញដែលតែងតែ មកចុះត្រួតពិនិត្យមើល និងពន្យល់អំពីផ្លាកសញ្ញាផលិតផលចំនីអាហារជារៀងរាល់ខែ។ ដូច្នេះសំណូមពរដល់មន្ត្រីសាខាកាំកុងត្រូលខេត្តបន្តសកម្មភាពនេះជាបន្តទៀត។
លោកប្រធានកាំកុងត្រូល បានសង្កត់ធ្ងន់ៗថា បើអាជីវករណាមិនត្រូវគោរពតាម ការណែនាំរបស់មន្ត្រីសាខាកាំត្រូលឲ្យបានជាប់ជាប្រចាំ ហើយនៅតែយកទំនិញខូចគុណភាពដាក់តាំងលក់នឹងត្រូវធ្វើទៅតាមច្បាប់នៃមាត្រា១៦ និង៦៣ ដោយផ្តន្ទាទោសពី១ខែទៅ១ឆ្នាំ៕