(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំប្រទេសរបស់កម្ពុជា បានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលចូលរួមស្តារនិងអភិវឌ្ឍន៍ក្នុងបេសកកម្មបោសសំអាតមីននៅកម្ពុជា នេះបើយោងតាម Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បង្ហាញនៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧នេះ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវខ្លឹមសារតាមរយៈ Facebook យ៉ាងដូចេ្នះថា «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបានយកចិត្តទុក ដាក់ក្នុងការចូលរួមស្តារនិងអភិវឌ្ឍន៍កម្ពុជា ជាពិសេសក្នុងបេសកកម្មបោសសំអាតមីននៅកម្ពុជា ដែលក្នុងនោះគឺបានផ្តល់ជំនួយជា សម្ភារៈបច្ចេកទេសបោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះដំណាក់ កាលទី៧ មកឲ្យមជ្ឍមណ្ឌលជាតិកំចាត់ មីនកម្ពុជា (CMAC) ដែលគិតជាទឹកប្រាក់មាន តម្លៃសរុប ប្រមាណជាង ១១លាន ដុល្លារអាមេរិក ដែលសម្ភារៈទាំងអស់នោះមានដូចជា គ្រឿងចក្រកំទេចមីនធុន ធ្ងន់ចំនួន៩គ្រឿង រថយន្ត CMAC ចំនួន៨៨គ្រឿង ម៉ាស៊ីនរាវមីនចំនួន ៧៨៨គ្រឿង ផលិតនៅប្រទេស អាល្លឺម៉ង់ អាវក្រោះ ការពារសុវត្តិភាពចំនួន៤៥០កំប្លេរ និងគ្រឿងបន្លាស់សម្ភារៈមួយ ចំនួនទៀត។ សូមពលរដ្ឋ ជាពិសេសយុវជន យុវតី ចូលរួមទស្សនា “សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន” នៅខេត្តសៀមរាប ដើម្បីសែ្វងយល់កាន់តែច្បាស់ អំពីសង្រ្គាម និងកាកសំណល់ជាតិផ្ទុះក្រោយសង្រ្គាម ដែលប៉ះពាល់ដល់ការរស់រាន និងប្រកបការងារផ្សេងៗរបស់សហគនៅតាមបណ្តាខេត្តនានា»។
នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧នេះ ជំនួយសម្ភារៈបច្ចេកទេសបោសសម្អាតមីនតម្លៃសរុបជាង ១១លានដុល្លារអាមេរិក ដែលជាជំនួយរបស់ រដ្ឋាភិបាលជប៉ុន ត្រូវបានប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា។ ពិធីប្រគល់ និងទទួលសម្ភារបច្ចេកទេសបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ ត្រូវបានធ្វើឡើងនៅ ភូមិអន្លង់២ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រោមអធិបតីភាពឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ និង លោក ហូរិនូឈិ ហិដេរហិសា ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា។ ក្រៅពីប្រគល់ និងសម្ភារៈបច្ចេកទេសបោសសម្អាតមីនទៅ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ និងឯកអគ្គរដ្ឋទូតជប៉ុន រួមគ្នាកាត់ខ្សែបូរសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការនូវសារមន្ទីរសន្តិភាពសកម្មភាពកម្ចាត់មីនស៊ីម៉ាក់ ដែលទើបសាងសង់រួចរាល់ផងដែរ៕