(ភ្នំពេញ)៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ដែលតំណាងឲ្យគ្រឹះស្ថានឧត្តមសិក្សាជាតិនៅកម្ពុជា បានទទួលរៀបចំកិច្ចប្រជុំលើកទី៩ ជាមួយប្រទេសសមាជិកអាស៊ានទាំង១០ និងប្រទេសជប៉ុន ដើម្បីពិភាក្សាលើការផ្លាស់ប្តូរក្រេឌីតរបស់និស្សិត ដែលបានចេញទៅសិក្សាក្រៅប្រទេស ក្រោមគម្រោង ASEAN University Network ASEAN Credit Transfer System (AUN-ACTS) ។
កិច្ចប្រជុំលើកទី៩នេះ ត្រូវបានប្រារព្ធឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៣-០៤ ខែកក្កដា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ផ្តោតលើការទទួលស្គាល់លទ្ធផលសិក្សា ដែលគិតជាចំនួនក្រេឌីតដែលនិស្សិតទទួលបាន និងពីយន្តការនិងគោលការណ៍ធ្វើយ៉ាងណាឲ្យនិស្សិតមានឱកាសបានចល័ត និងផ្លាស់ប្តូរចំណេះដឹងពីគ្នាទៅវិញទៅមកក្នុងថ្នាក់តំបន់អាស៊ាន។
គួរបញ្ជាក់ថា RUPP បានក្លាយជាសមាជិកនៃបណ្តាញ AUN ចាប់តាំងពីឆ្នាំ១៩៩៩មកម្ល៉េះ ហើយនេះជាលើកទី១ ហើយដែលទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកម្មវិធីលំដាប់អន្តរជាតិមួយនេះ «9th AUN-ACTS Steering Committee Meeting»។ កាលពីឆ្នាំមុន កិច្ចប្រជុំដូចគ្នានេះបានប្រគល់ឱ្យប្រទេសថៃធ្វើជាម្ចាស់ផ្ទះ នៅក្នុងសាកលវិទ្យាល័យឈៀងម៉ៃ ហើយកាលពីឆ្នាំ២០១៥ គឺបានរៀបចំនៅប្រទេសវៀតណាម។ នេះក៏ជាមោទនភាពមួយ សម្រាប់ប្រទេសកម្ពុជាផងដែរ ដែលមានសិទ្ធិស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់។
លោកស្រីបណ្ឌិត អ៊ុ រ៉ាវី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទទួលបន្ទុកផ្នែកទំនាក់ទំនងអន្តរជាតិ បានលើកឡើងថា នេះជាឱកាសសម្រាប់ប្រទេសកម្ពុជា ដែលសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានទទួលធ្វើជាម្ចាស់ផ្ទះក្នុងតំបន់ សម្រាប់កិច្ចប្រជុំផ្លាស់ប្តូរយោបល់ អំពីការទទួលយកក្រេឌីតរបស់និស្សិតដែលបានចេញទៅសិក្សាក្រៅប្រទេស ក្រោមគម្រោង ASEAN University Network ASEAN Credit Transfer System (AUN-ACTS) បែបនេះ។
AUN (ASEAN University Network) គឺជាបណ្តាញសាកលវិទ្យាល័យអាស៊ាន ដែលមានសមាជិកចំនួន ៣០សាកលវិទ្យាល័យ មកពីប្រទេសអាស៊ានទាំង១០ ដែលត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់គុណភាពក្នុងការបណ្តុះបណ្តាល និងផ្តល់ឱកាសឱ្យនិស្សិតឆ្នើមៗក្នុងប្រទេសនីមួយៗ បានចល័ត និងផ្លាស់ប្តូរចំណេះដឹងពីគ្នាទៅវិញទៅមក ក្នុងប្រទេសអាស៊ានទាំង១០។
លោកស្រីបណ្ឌិតសាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបញ្ជាក់ថា នេះគឺជាកម្មវិធីដ៏ល្អមួយ សម្រាប់គណៈកម្មាធិការដឹកនាំកម្មវិធីផ្លាស់ប្តូរនិស្សិត «AUN-ACTS Steering Committee Meeting» ដើម្បីជួបជុំពិភាក្សាស្វែងរកចំណុចរួមគ្នា រវាងសាកលវិទ្យាល័យជាសមាជិកអាស៊ានទាំង១០ ដោយធ្វើយ៉ាងឲ្យនិស្សិតបានចេញទៅសិក្សាក្រៅប្រទេស ដើម្បីដកស្រង់បទពិសោធន៍ពីវិធីសាស្ត្ររៀន និងបង្រៀន និងការចែករំលែកវប្បធម៌ឲ្យគ្នាទៅវិញទៅមក ហើយឈានទៅរកភាពរីកចម្រើនទាំងអស់គ្នា។
លោកស្រីសាកលវិទ្យាធិការរងនៃ RUPP បានបន្ថែមថា ការជួបជុំថ្ងៃនេះ គឺជាផ្នែកមួយនៃការចូលរួមចំណែកគាំទ្រ និងអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ក្នុងទិសដៅលើកកម្ពស់គុណភាពអប់រំ និងកំណើនសេដ្ឋកិច្ចជាតិ តាមរយៈនិស្សិតបញ្ចប់ការសិក្សាប្រកបដោយគុណភាព និងមានប្រាក់ចំណូលខ្ពស់មធ្យម។ ការជំរុញឱ្យមានការផ្លាស់ប្តូរនិស្សិត និងបុគ្គលិកទៅសិក្សាជាមួយបណ្តាសាកលវិទ្យាល័យ ដែលជាសមាជិកអាស៊ាន (AUN) ក្នុងតំបន់គឺជាការធ្វើសមាហរណកម្មផ្នែកអប់រំ ជាពិសេសកម្រិតឧត្តមសិក្សា។ ការផ្លាស់ប្តូរនិស្សិត RUPP ឲ្យទៅសិក្សានៅសាកលវិទ្យាល័យផ្សេងៗ ដែលជាសមាជិករបស់ AUN នោះ អាចមានរយៈពេលចាប់ពី១ឆមាស រហូតដល់១ឆ្នាំ និងមានការផ្លាស់ប្តូរខ្លីៗមួយចំនួនទៀតមិនមានក្រេឌីតទេ។
ដើម្បីឈានដល់ការអនុញ្ញាតឲ្យសិស្ស-និស្សិត អាចទៅសិក្សានៅក្រៅប្រទេសបាន គឺសាកលវិទ្យាល័យត្រូវពិនិត្យមើលការសិក្សារបស់និស្សិត ដោយផ្អែកលើគុណសម្បត្តិមួយចំនួន ដូចជា និស្សិតត្រូវរៀនពូកែ មានពិន្ទុល្អ ចេះភាសាបរទេសខ្លះជាគោលទំនាក់ទំនង។ ពេលនិស្សិតត្រលប់មកវិញពួកគេនឹងមានគំនិតទូលំទូលលាយក្នុងការសិក្សា មានឱកាសច្រើនក្នុងការស្វែងរកការងារក្នុង និងក្រៅប្រទេស។ ចាប់តាំងពីបានចូលជាសមាជិក AUN-ACTS ក្នុងឆ្នាំ២០០៩មក RUPP បានបញ្ជូននិស្សិតប្រមាណជា ៣៥នាក់ ក្រោមគម្រោង AUN-ACTS នេះ។
គួរបញ្ជាក់ថា សាកលវិទ្យាល័យអាស៊ាន ACTS បានជំរុញឱ្យបណ្តាប្រទេសអាស៊ាន ជាពិសេសសាកលវិទ្យាល័យដែលជាសមាជិកអាស៊ានទាំងអស់ ឱ្យទទួលយកនិស្សិតអាស៊ាន ៥នាក់ ក្នុងមួយឆ្នាំ ហើយ RUPP ក៏ត្រូវបញ្ជូននិស្សិតចេញទៅបណ្តាសាកលវិទ្យាល័យ ដែលជាសមាជិកអាស៊ានយ៉ាងតិចក៏បាន ៥នាក់ដែរ ក្នុងមួយឆ្នាំ។ ដោយឡែក ក្នុងការផ្លាស់ប្តូរនិស្សិតក្នុងកម្មវិធីផ្សេងៗរបស់ AUN គិតមកដល់ពេលនេះ និស្សិត RUPP ចំនួន ៨២១នាក់ បានទៅចូលរួមសកម្មភាពសិក្សាផ្សេងៗ ក្នុងបណ្តាប្រទេសជាសមាជិកអាស៊ានទាំងនោះ។
លោកស្រីបណ្ឌិតបានបញ្ជាក់ថា និស្សិតដែលបញ្ជូនទៅសិក្សាទំាំងនោះ មិនត្រូវបង់ថ្លៃសិក្សា ឬការស្នាក់នៅទីនោះទេ ប៉ុន្តែនិស្សិតកម្ពុជានៅមានកម្រិតនៅឡើយ ដោយសារតែការទៅសិក្សានៅទីនោះ គឺត្រូវការចំណាយប្រចាំថ្ងៃផ្ទាល់ខ្លួន ដូចជា ការហូបចុក និងសេវាធ្វើដំណើរជាដើម។
ជារួមលោកស្រីបណ្ឌិត អ៊ុ រ៉ាវី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានផ្ញើសារនេះដល់សិស្ស-និស្សិតកម្ពុជាគ្រប់រូប ឲ្យចេះប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនឯង ខិតខំស្រូបយកចំណេះដឹងទូទៅ ជាពិសេសភាសាអង់គ្លេស ត្រូវរៀនឲ្យចេះប្រាកដ ពីព្រោះថារាល់អាហារូបករណ៍ទាំងអស់ គឺទាមទារដាច់ខាតឱ្យមានភាសាអង់គ្លេសក្នុងកម្រិតមួយសមស្រប។ លោកស្រីបណ្ឌិតបានសង្កត់បន្ថែមថា អាប្បកិរិយារបស់សិស្ស-និស្សិត ក៏ជាកត្តាសំខាន់ត្រូវតែប្រកាន់ខ្ជាប់ផងដែរ ដោយសារយើងត្រូវទៅរស់នៅ និងរៀនសូត្រនៅប្រទេសគេ ដូចនេះត្រូវតែមានអាប្បកិរិយាល្អ ត្រូវចេះខិតខំរៀនសូត្រ ជម្នះរាល់ការលំបាក មានទំនួលខុសត្រូវដែលគេអាចទទួលយកបាន។ ការខិតខំរៀនសូត្រពីក្នុងស្រុកទេសយើង គឺជាទម្លាប់ដ៏ល្អសម្រាប់ឈានទៅសម្រេចជោគជ័យ និងក្តីស្រមៃរបស់យើងម្នាក់ៗ៕