(សៀមរាប)៖ ជំនួយសម្ភារៈបច្ចេកទេសបោសសម្អាតមីនតម្លៃសរុបជាង ១១លានដុល្លារអាមេរិក ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជាហើយនៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧នេះ។ ជំនួយសម្ភារៈបច្ចេកទេសបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ ត្រូវបានឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ មានក្តីសង្ឃឹមមុតមាំថា នឹងជួយឲ្យកម្ពុជាមានលទ្ធភាពកាន់តែខ្ពស់បន្ថែមទៀតក្នុងប្រតិបត្តិការបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ទុកពីសម័យសង្រ្គាម។

ពីធីប្រគល់ និងទទួលសម្ភារបច្ចេកទេសបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ ត្រូវបានធ្វើឡើងនៅភូមិអន្លង់២ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រោមអធិបតីភាពឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ និង លោក ហូរិនូឈិ ហិដេរហិសា ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។ ក្រៅពីប្រគល់ និងសម្ភារៈបច្ចេកទេសបោសសម្អាតមីនទៅ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ និងឯកអគ្គរដ្ឋទូតជប៉ុន រួមគ្នាកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសារមន្ទីរសន្តិភាពសកម្មភាពកម្ចាត់មីនស៊ីម៉ាក់ ដែលទើបសាងសង់រួចរាល់ផងដែរ។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានរាយការណ៍ថា ពិធីផ្ទេរ-ប្រគល់ជំនួយសម្ភារៈបច្ចេកទេសបោសសម្អាតមីន ដែលជាអំណោយដ៏សប្បុរសធម៌ និងថ្លៃថ្លារបស់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ផ្តល់ជូនរាជរដ្ឋាភិបាលសម្រាប់គាំទ្រកិច្ចប្រតិបត្តិការបោសសម្អាត​មីនរបស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ជាដំណាក់កាលទី៧ ដែលមានទឹកប្រាក់សរុបជាង ១១លានដុល្លារអាមេរិករួមមាន គ្រឿងចក្រកម្ទេចមីនធុនធ្ងន់ ០៩គ្រឿង រថយន្តគ្រប់ប្រភេទ ៨៨គ្រឿង ម៉ាស៊ីនរាវមីន ៧៨៨គ្រឿង អាវពាក់ការពារសុវត្ថិភាពចំនួន ៤៥០អាវ ព្រមទាំងគ្រឿងបន្លាស់ជាច្រើនមុខមួយចំនួនធំទៀត។

លោក ហេង រតនា បានបញ្ជាក់បន្ថែមថា នៅក្នុងរយៈពេលជាង ២៥ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈស្នាដៃរបស់ CMAC កងយោធពលខេមរភូមិន្ទ និងអង្គការដោះមីនអន្តរជាតិទាំងឡាយ កម្ពុជា បានបោសសម្អាតផ្ទៃដីប្រមាណតែជាង ១,៤០០គីឡូម៉ែត្រក្រឡា រុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទជិត ៤លានគ្រាប់ ក្នុងនោះ CMAC បោសសម្អាតផ្ទៃដីជាង ៨៥៨គីឡូម៉ែត្រក្រឡា រុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទជិត ៣លានគ្រាប់ផងដែរ។ តាមការវាយតម្លៃរបស់អាជ្ញាធរមីន និងប្រតិបត្តិករទាំងអស់បានឲ្យដឹងថា កម្ពុជា នៅសល់ផ្ទៃដីមានមីនជិត ២,០០០គីឡូម៉ែត្រក្រឡាទៀត ទើបបោសសម្អាតមីនអស់ទាំងស្រុង។

លោក ហូរិនូឈិ ហិដេរហិសា បានគូសបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនទទួលស្គាល់ការបោសសម្អាតមីន ពិតជាមានសារៈសំខាន់ក្នុងការថែរក្សាសុវត្ថិភាពជូនប្រជាជន និងកសិករ ដែលកំពុងរស់នៅ និងធ្វើការងារនៅជុំវិញចម្ការមីន ព្រមទាំងវាយតម្លៃថា ការរីកចម្រើនសេដ្ឋកិច្ចអាចដំណើរការទៅបាន​លុះត្រាមានការអភិវឌ្ឍនៅជនបទផងដែរ។

ចាប់តាំងពីឆ្នាំ១៩៩៨ រដ្ឋាភិបាលជប៉ុន បានគាំទ្រយ៉ាងសកម្មក្នុងសកម្មភាពកម្ចាត់មីននៅកម្ពុជា។ ជាមួយនឹងការផ្តល់ជំនួយរបស់រដ្ឋាភិបាលជប៉ុនជូនរាជរដ្ឋាភិបាលកម្ពុជានាពេលនេះ CMAC ជប៉ុន កំពុងជំរុញសកម្មភាពបោសសម្អាតមីនយ៉ាងសកម្មនៅខេត្តបាត់ដំបង និងបានត្រៀមផ្ទេរបច្ចេកទេសទៅកាន់បណ្តា​ប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួន ដែលមានហានិភ័យស្រដៀងគ្នានេះផងដែរ។

លោក ហូរិនូឈិ ហិដេហិសា សង្ឃឹមថា ជាមួយនឹងជំនួយដែលបានផ្តល់លើកនេះ CMAC កម្ពុជា នឹងអាចពង្រីកសកម្មភាពបោសសម្អាតមីនកាន់តែមានសុវត្ថិភាព និងប្រសិទ្ធភាពជាងមុនថែមទៀត ហើយប្រជាជនកម្ពុជា នឹងមានអារម្មណ៍រីករាយទទួលបានសន្តិភាពពីការរស់នៅ ដោយគ្មានហានិភ័យពីគ្រោះថ្នាក់ដោយសារមីននាពេលអនាគត។ ម្យ៉ាងវិញទៀត តាមរយៈការផ្តល់ជំនួយនេះ នឹងអាចពង្រឹង ពង្រីកបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពកាន់តែជិតស្និទ្ធរវាងជប៉ុន និងកម្ពុជា។

ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការផ្តល់ជំនួយលើកទី៧របស់ជប៉ុននៅថ្ងៃនេះ គឺជាការបង្ហាញពីជំហរគាំទ្រឥតរុញរារបស់រដ្ឋាភិបាល ក៏ដូចជាប្រជាជនជប៉ុន ក្នុងការចូលរួមវិភាគទានយ៉ាងសំខាន់ដល់កម្ពុជា ឲ្យមានលទ្ធភាពដោះស្រាយការលំបាក ដែលបណ្តាលមកពីបញ្ហាគ្រោះថ្នាក់ មហន្តរាយដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

លោកបន្តថា ជំនួយទាំងនេះ ពិតជាមានសារៈសំខាន់សម្រាប់គាំទ្រ និងជំរុញឲ្យស៊ីម៉ាក់ មានលទ្ធភាពថែមទៀតក្នុងការបំពេញកិច្ចប្រតិបត្តិការរបស់ខ្លួនបន្ត លើកិច្ចការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលជាតម្រូវការចាំបាច់របស់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កសាង ស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ។

ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានបញ្ជាក់ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាថា នៅតែបន្តទទួលយកដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានផ្តល់គាំទ្រជំនួយលើវិស័យមីនតាមគ្រប់រូបភាពទាំងតាមរយៈរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងផ្នែកឯកជន ដោយធ្វើយ៉ាងណាកម្ចាត់ឃាតកលាក់មុខគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងអស់ឲ្យបានឆាប់រហ័សបំផុត ដើម្បីផ្តល់សេចក្តីសុខសុវត្ថិភាពជូនប្រជាជន និងប្រទេសកម្ពុជា៕