(ភ្នំពេញ)៖ សេចក្តីស្នើ វិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ដែលរៀបចំឡើងដោយ គណបក្សប្រជាជនកម្ពុជា ត្រូវបាន គណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា បើកកិច្ចប្រជុំត្រួតពិនិត្យ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧នេះ។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីតំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិផងដែរ។
កន្លងទៅ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា សេចក្តីស្នើច្បាប់នេះ ត្រូវបានចុះហត្ថលេខា ដោយតំណាងរាស្រ្ត មកពីគណបក្សប្រជាជនកម្ពុជា ច្រើនជាង៣០រូប នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧។ លោក សុខ ឥសាន មិនបានបញ្ជាក់ថា នៅក្នុងសេចក្តីស្នើវិសោធនកម្ម ច្បាប់នេះ នឹងមានចំណុចណាខ្លះត្រូវបានកែប្រែនោះទេ ប៉ុន្តែគេជឿថា វិសោធនកម្មច្បាប់ថ្មីនេះ នឹងរឹតបណ្តឹងថែមទៀតដល់ទណ្ឌិត ឬអ្នកទោស ក្នុងការធ្វើសកម្មភាពនយោបាយ។
សូមបញ្ជាក់ថា ការស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ បានធ្វើឡើង បន្ទាប់ពី មេដឹកនាំកំពូលរបស់ គណបក្សកាន់អំណាច សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃពុធ សប្តាហ៍មុន បានព្រមានជាថ្មីថា តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា នឹងស្នើឱ្យរដ្ឋសភាធ្វើវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ ជាថ្មីម្តងទៀត ដើម្បីធ្វើយ៉ាងណាកុំឱ្យទណ្ឌិត ឬអ្នកទោស អាចធ្វើសកម្មភាព នយោបាយតាមតែចិត្ត៕