(សៀមរាប)៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧នេះ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីផ្ទេរ-ប្រគល់សម្ភារៈ បច្ចេកទេសសម្អាតមីន ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សារមន្ទីរសន្តិភាព សកម្មភាពកំំចាត់មីនស៉ីម៉ាក់ ដែលមានទីតាំងនៅភូមិអន្លង់២ ឃុំត្រពាំងធំំ ស្រុកបាសាទបាគង ខេត្តសៀមរាប។

សម្ភារៈបច្ចេកទេសបោសសម្អាតមីន គឺជាអំណោយសប្បុរសធម៌ និងថ្លៃថ្លារបស់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់គាំទ្រដល់កិច្ចប្រតិបត្តិការបោសម្អាតមីន ជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៉ីម៉ាក់) ដែលមានទឹកប្រាក់ជាង១១ លានដុល្លារអាមេរិក។

សម្ភារៈបច្ចេកទេសទាំងអស់នោះរួមមាន៖ គ្រឿងចក្រកម្ទេចមីនធុនធ្ងន់០៩គ្រឿង រថយន្តគ្រប់ប្រភេទ៨៨គ្រឿង ម៉ាស៉ីនរាវមីន៧៨៨គ្រឿង អាវពាក់ការពារសុវត្ថិភាពចំនួន៤៥០អាវ ព្រមទាំងគ្រឿងបន្លាស់ជាច្រើនមុខមួយចំនួនទៀត។

លោក ហេង រតនា អគ្គនាយកស៉ីម៉ាក បានឲ្យដឹងថា សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីនតែមួយគត់នៅកម្ពុជា បានរៀបចំ និងអភិវឌ្ឍន៍លើផ្ទៃដីប្រមាណ១២ហិចតា​ នៅខេត្តសៀមរាប​ ដើម្បីទុកជាកំរងប្រវត្តិសំណល់ជាតិផ្ទុះពីសង្គ្រាម និងសមិទ្ធិផលប្រតិបតិ្តការ ជួយសង្គ្រោះការពារអាយុជីវិតប្រជាជន និងផ្តល់សេចក្តីសុខសុវតិ្ថភាពសំរាប់ប្រជាជន និងសង្គមជាតិ តាមរយៈការរំដោះផ្ទៃដី និងកំទេចចោលគ្រាប់មីនទាំងនោះ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃម្សិលមិញ បានសម្តែងការអបអរសាទរ ចំពោះការបើកសម្ពោធប្រើប្រាស់ជាផ្លូវការ សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន នៅកម្ពុជានេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីននេះ មានការរៀបចំដាក់បង្ហាញអំពី ប្រវត្តិសង្គ្រាម សកម្មភាព ក្នុងសង្គ្រាម ការដោះស្រាយបញ្ហាសំណល់ជាតិផ្ទុះក្រោយសង្គ្រាម និងការអភិវឌ្ឍ ក្រោយពេលបោស សំអាតសំណល់ជាតិផ្ទុះរួច។ សារមន្ទីរនេះ គឺមានប្រយោជន៍ខ្លាំងណាស់ សម្រាប់យុវជន យុវតីជំនាន់ ដែលកើតមិនទាន់សង្រ្គាម ដើម្បីសិក្សាស្វែងយល់អំពីសង្រ្គាម និងផលប៉ះពាល់នានា ដែលបានកើតមានឡើងនៅក្នុងប្រទេសយើង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានស្នើឲ្យប្រជាពលរដ្ឋ រួមគ្នាខិតខំថែរក្សាការពារ សន្តិភាព ឲ្យបានគង់វង្ស ដើម្បី យើងមានឱកាសកសាងប្រទេសឲ្យរីកចម្រើន។ អ្វីដែលបានកើតឡើងនៅកម្ពុជា គឺយើងមិនចង់ឲ្យកើតមានឡើងនៅក្នុងប្រទេសនានាឡើយ។ ទាំងកម្ពុជា និងប្រទេសក្នុងពិភពលោក គឺយើងត្រូវការសន្តិភាព៕