(ភ្នំពេញ)៖ ក្រុមហ៊ុនលក់ជីកសិកម្មធំៗនៅកម្ពុជា បានចេញមកអះអាងថា ជីដែលខ្លួននាំចូលពីប្រទេសដទៃមកចែកចាយក្នុងប្រទេសកម្ពុជា លក់លើសតម្លៃដើមប្រមាណតែ ១៥ ទៅជាង ២០ដុល្លារតែប៉ុណ្ណោះក្នុងមួយតោន។
ការចេញមកអះអាងរបស់ក្រុមលក់ជីទាំងអស់នេះ បានធ្វើឡើងបន្ទាប់ពីមានប្រជាកសិករ ក៏ដូចជាប្រជាពលរដ្ឋខ្មែរមួយចំនួនបានរិះគន់ថា តម្លៃជីដែលលក់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នមានតម្លៃខ្ពស់ជាហេតុធ្វើឲ្យការបង្កបង្កើនផលរបស់ពួកគាត់ពិបាកចំណេញ។ ជាពិសេសពេលទទួលផលម្តងៗទូទាត់ស្ទើរតែមិនគ្រប់ជាមួយតម្លៃជី និងថ្នាំសម្លាប់សត្វល្អិតនោះទេ។ ព្រោះការបង្កបង្កើនផលមិនចំណេញ ហើយពេលខ្លះត្រូវកសិផលអត់ទីផ្សារថែមទៀតនោះ ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនធំ បានបោះបង់អាជីពជាអ្នកដាំដុះទៅហើយ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន យី តាក់ គ្រូប ជាក្រុមហ៊ុនចែកចាយជីកសិកម្មធំមួយនៅកម្ពុជា ដែល Fresh News ទទួល បាននៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ជីដែលខ្លួនចែកចាយនៅកម្ពុជា មិនខុសគ្នាច្រើននោះឡើយ បើធៀបតម្លៃជី នៅក្នុងប្រទេសវៀតណាម។
ក្នុងសេចក្តីជូនដំណឹងនេះ ក្រុមហ៊ុនបានអះអាងថា ជាទូទៅជីដែលនាំចូលពីប្រទេសវៀតណាម មានការលំអៀង ឬចំណេញដុលត្រឹមតែ ១៥ដុល្លារ ទៅ ២៥ដុល្លារប៉ុណ្ណោះក្នុង ១តោន ដោយមិនទាន់គិតការទូទាត់លើតម្លៃសេវាផ្សេងៗនៅឡើយនោះទេ។
មិនខុសពីក្រុមហ៊ុន យី តាក់ គ្រូប ក្រុមហ៊ុនដែលនាំចូលជីពីប្រទេសថៃ គឺក្រុមហ៊ុន លឹម ប៊ុនហេង ត្រេឌីង ខូអិលធីឌី ក៏បានអះអាងដូចគ្នានេះផងដែរ។ យោងតាមសេចក្តីជូនដំណឹង ក្រុមហ៊ុន លឹម ប៊ុនហេង បានអះអាងថា ជីដែលខ្លួននាំចូលពីប្រទេសថៃ គឺលក់លើសតម្លៃ ដើម ឬ ចំណេញដុល្លារត្រឹមតែ ១៥ដុល្លារ ទៅ ២០ដុល្លារប៉ុណ្ណោះក្នុង ១តោន ដោយមិនទាន់គិតការទូទាត់លើតម្លៃសេវាផ្សេងៗនៅឡើយនោះទេ។
ក្រុមហ៊ុនទាំងពីរខាងលើបានអះអាងថា តម្លៃចំណេញដុល្លារដែលខ្លួនទទួលបានេះ ត្រូវយកទៅចំណាយលើសេវាផ្សេងៗជាច្រើនទៀតមានដូចជា៖ ចំណាយលើការពិសោធន៍សម្រាប់ចុះបញ្ជិការ, ចំណាយលើការជួលឃ្លាំង និង ជួលការិយាល័យ, ចំណាយលើការលើកដាក់, ចំណាយលើបុគ្គលិក, ចំណាយលើការផ្សព្វផ្សាយ, ចំណាយលើការធ្វើស្រែបង្ហាញ និងសិក្ខាសាលាជាមួយប្រជាកសិករ រួមទាំងការចំណាយផ្សេងៗមួយចំនួនទៀត។
ក្រុមហ៊ុនទាំងពីរសុទ្ធតែបានអះអាងថា អត្រាចំណេញសុទ្ធពីការលក់ជីរបស់ខ្លួន គឺមានផលចំណេញតិចតួចប៉ុណ្ណោះ។
បើទោះបីជាយ៉ាងនេះក្តីប្រជាពលរដ្ឋនៅតែ និងអ្នកប្រកបរបរទទួលទានលើវិស័យកសិកម្មនៅតែមើលឃើញថា តម្លៃនេះនៅតែមានអត្រាខ្ពស់នៅឡើយ ហើយប្រសិនបើរាជរដ្ឋាភិបាល ព្រមទាំងក្រសួងពាក់ព័ន្ធជួយគិតគូរកាត់បន្ថយសេវាផ្សេងៗ រួមទាំងសេវាដឹកជញ្ជូនផងនោះ អាចនឹងជួយឲ្យការលក់តម្លៃជីបន្តចុះទាបជាងនេះបន្ថែមទៀត ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់ប្រជាកសិករ៕