(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យប្រជាកសិករនៅតាមបណ្ដាខេត្ត ត្រៀមទឹកទុកក្នុងស្រែឲ្យបានល្អ ដោយសារតែនៅចុងខែកក្កដា និងដើមខែសីហា ឆ្នាំ២០១៧ (រយៈប្រមាណ២សប្តាហ៍) អាចនឹងកើតមានកូនរដូវប្រាំង ដែលធ្វើឲ្យមានភ្លៀងធ្លាក់តិច ពិសេសតាមបណ្ដារាជធានី-ខេត្ត ដែលនៅក្រោយជួរភ្នំក្រវាញ ដូចជា៖ រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពត និងខេត្តកណ្ដាល។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានថ្លែងប្រាប់បន្ថែមថា ក្រសួងចង់ឲ្យបងប្អូនកសិករជួយទប់ភ្លឺស្រែឲ្យបានល្អ នៅអំឡុងចាប់ពីសប្តាហ៍ទី៣ទៅ ពីព្រោះចូលសប្តាហ៍ទី៤ ក្នុងខែកក្កដានេះ និងនៅសប្តាហ៍ទី១ ក្នុងខែសីហា ប្រទេសកម្ពុជារបស់យើង នឹងមានកូនរដូវប្រាំងដែលនាំភ្លៀងធ្លាក់តិចតួច ដូច្នេះបើបងប្អូននាំគ្នាកាប់ភ្លឺស្រែដើម្បីបង្ហូរទឹក នោះអាចជួបបញ្ហាប្រឈមខ្វះទឹកសម្រាប់បង្កបង្កើនផល។
តែយ៉ាងណាក៏ដោយលោក ចាន់ យុត្ថា បានបញ្ជាក់ថា ស្ថានភាពបែបនេះអាចកើតឡើងតែ២សប្តាហ៍តែប៉ុណ្ណោះ នៅតាមរាជធានី-ខេត្ត មួយចំនួនដូចដែលក្រសួង បានប្រកាសឲ្យដឹងនោះ៕