(កោះកុង)៖ កម្លាំងចម្រុះក្រុងខេមរភូមិន្ទ កាលពីល្ងាចថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានចុះទៅឃាត់ម្ចាស់ផ្ទះ និងក្រុមជាង ដែលកំពុងធ្វើសកម្មភាពលើដី ដែលមានទំនាស់មួយកន្លែងនៅក្បែរផ្សារដង់ទង់ ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ឲ្យផ្អាកដើម្បីរងចាំការដោះស្រាយពីសំណាក់អាជ្ញាធរ ក្រោយពីមានពាក្យបណ្តឹងរបស់ម្ចាស់ផ្ទះដែលនៅក្បែរនោះ សុំឲ្យជួយធ្វើអន្តរាគមន៍ទប់ស្កាត់។
លោក អ៊ឹង សិច ដែលជាជនរងគ្រោះបានប្រាប់ក្រុមអ្នកកាសែតថា មូលហេតុដែលលោកដាក់ពាក្យបណ្តឹង ទៅឲ្យអាជ្ញាធរជួយធ្វើការទប់ស្កាត់ ដោយសារកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧កន្លងទៅ ម្ចាស់ផ្ទះឈ្មោះ លឹម មួយលី ដែលនៅក្បែរខាងផ្ទះលោក បានជួលអេស្កាវ៉ាទ័រ មកវាយរលំផ្ទះ បង្កឲ្យប៉ះពាល់មានស្នាមប្រេះស្រាំ យ៉ាងធ្ងន់ធ្ងរដល់ផ្ទះរបស់លោក ហើយពេលនោះលោកបានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរក្រុង ដើម្បីឲ្យម្ចាស់ផ្ទះឈ្មោះលឹម មួយលី ចេញមុខទទួលខុសត្រូវ និងសងសំណងការខូចខាត ។
លោក អឹង សិច បានឲ្យដឹងបន្ថែមថា តែរហូតមកដល់ពេលនេះ រឿងចាស់ពុំទាន់បានដោះស្រាយចប់ផង ស្រាប់តែម្ចាស់ផ្ទះឈ្មោះ លឹម មួយលី បានផ្តិតមេដៃឲ្យម្ចាស់ដីដែលនៅជាប់ដី របស់លោកសាងសង់ផ្ទះវែង ដែលឃ្លាតពីគ្នាតែជាងបីម៉ែត្រប៉ុណ្ណោះ ដោយមិនខ្វល់ខ្វាយពីការប៉ះពាល់មកលើលំនៅឋានលោកជាលើកទីពីរឡើយ។ជាក់ស្តែង កាលពីព្រឹកថ្ងៃទី០៤ កក្កដា ម្សិលមិញ ម្ចាស់សំណង់ផ្ទះល្វែងឈ្មោះជាតិ បានបញ្ជាឲ្យក្រុមជាងវាយបំបែកថ្ម ដែលជាភស្តតាងដើម្បីជីករណ្តៅបុកគ្រឹះ និងធ្វើឲ្យរំញ័រដល់ផ្ទះរបស់លោកទៀតផង ទើបលោកប្តឹងទៅអាជ្ញាធរក្រុងឲ្យជួយចុះមកទប់ស្កាត់។
មន្រ្តីសមត្ថកិច្ចក្រុមចម្រុះមួយរូបបានប្រាប់ ក្រុមអ្នកសារព័ត៌មានថា ការចុះមកនេះគឺមានបំណងទប់ស្កាត់ និងណែនាំដល់ម្ចាស់សំណង់និងក្រុមជាង ទី១៖ ត្រូវផ្អាកសកម្មភាពលើដីដែលកំពុងមានទំនាស់, ទី២2ធ្ចើតាមគម្រោងប្លង់ដែលបានកំណត់ឲ្យបានត្រឹមត្រូវ និងទី៖៣ កុំឲ្យប៉ះពាល់ដល់សំណង់នៅក្បែរខាង។ មន្រ្តីខាងលើក៏បានធ្វើការព្រមានផងដែរថា បើមិនគោរពតាមការណែនាំខាងលើ អាជ្ញាធរនឹងផ្អាកការសាងសង់ទាំងស្រុង៕