(ភ្នំពេញ)៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំងព្រហ្មទណ្ឌខណ្ឌ៧មករា សហការជាមួយនគរបាលប៉ុស្តិ៍បឹងព្រលិត ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ទួរស័ព្ទដៃ ពីបុរសជនជាតិចិនម្នាក់ បានសម្រេចតែរត់មិនរួច។
ហេតុការណ៍នេះ បង្កការភា្ញក់ផ្អើលនៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ តាមបណ្ដោយផ្លូវព្រះនរោត្តម កែងផ្លូវសម្ដេចសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
មន្ដ្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលបង្ក្រាបបានឈ្មោះ ម៉េង ហុង អាយុ២៤ឆ្នាំ និងម្នាក់ទៀតឈ្មោះ ចាន់ សុខ ហៅពៅម៉ាប់ អាយុ៣០ឆ្នាំ។
ដោយឡែកជនរងគ្រោះជាជនជាតិចិន ឈ្មោះ ចាង វ៉ៃអ៊ី អាយុ៤៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅសណ្នាគារអេនីកូ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងម៉ូតូ ត្រូវបានកម្លាំងនគរបាលបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសួរនាំចាត់ការតាមនីតិវិធី៕