(កំពង់ស្ពឺ)៖ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឹ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង បានធ្វើការបង្ក្រាបក្រុមចែកចាយគ្រឿងញៀន៣នាក់ ដោយដកហូតបានថ្នាំញៀន២១៥កញ្ចប់ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ នៅភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទង។
លោកឧត្តមសេនីយ៍ត្រី សម សាមួន ប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ដើមឡើយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង បានធ្វើការឃាត់ខ្លួនសញ្ញាសង្ស័យ ចំនួន២នាក់ ឈ្មោះ ណុំ វិសាល អាយុ២៣ឆ្នាំ និងឈ្មោះ ស្រួយ គឹមហុង អាយុ៣៣ឆ្នាំ ដោយក្នុងនោះ ដកហូតបានម្ស៉ៅក្រាមព័ណ៌សថ្លា ចំនួន៨កញ្ចប់ ម៉ូតូ១គ្រឿង និងសម្ភារៈមួយចំនួនទៀត។
លោកស្នងការបន្ដថា ក្រោយពីការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា គ្រឿងញៀនខាងលើនេះជារបស់ឈ្មោះ សន ក្រឹម អាយុ៣០ ឆ្នាំ នៅភូមិជាមួយគ្នា ភ្លាមនោះបន្ទាប់ពីមានការឯកភាពពីព្រះរាជអាជ្ញា កម្លាំងរបស់លោកបានបន្ដទៅឃាត់ខ្លួនឈ្មោះ សន ក្រឹម ហើយបានឆែកឆេរនៅក្នុងផ្ទះ ស្រាប់តែរកឃើញគ្រឿងញៀន ចំនួន២០៧កញ្ចប់បន្ថែមទៀត។
បើតាមលោកឧត្តមសេនីយ៍ត្រី សម សាមួន ក្នុងប្រតិបត្តិការនេះកម្លាំងនគរបាលជំនាញ ដកហូតបានថ្នាំញៀនសរុប២១៥កញ្ចប់ ម៉ូតូ១គ្រឿង និងទូរស័ព្ទ២គ្រឿង។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕