(ត្បួងឃ្មុំ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានអញ្ជើញជាអធិបតី បំពាក់គ្រឿងឥស្សរិយយសការងារ និងផ្តល់ប័ណ្ណសរសើរជូនបុគ្គលិកអបរំ ក្នុងខេត្តត្បូងឃ្មុំទាំង៤៧៦នាក់ នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ នៅសាលាខេត្តត្បូងឃ្មុំ។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងក្នុងឳកាសលោកអញ្ជើញជាអធិបតី បំពាក់គ្រឿងឥស្សរិយយសការងារ និងផ្តល់ប័ណ្ណសរសើរជូនបុគ្គលិកអបរំ ក្នុងខេត្តត្បូងឃ្មុំ ថា «ក្នុងឆ្នាំ២០១៧នេះ ប្រាក់បៀវត្សន៍ទាបបំផុត របស់មន្ត្រីអប់រំក្របខណ្ឌ គ គ្រូចេញថ្មី បានឡើងទៅដល់៩៥ម៉ឺនរៀល ហើយនឹងកើនឡើងដល់ជាង១លានរៀលផងដែរ ចំណែកឯប្រាក់បៀវត្សន៍ ទាបបំផុត គ្រូក្របខណ្ឌ ក និង ខ គឺបានជាង១លានរៀលរួចហើយ»។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្តថា ដើម្បីធ្វើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឈានឡើងជាប្រទេសដែលមានប្រាក់ចំណូល មធ្យមកម្រិតទាប សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសម្រេចចិត្តដាក់ចេញយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ព្រមទាំងដាក់ចេញនូវ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងគោលនយោបាយវិស័យឧស្សាហកម្ម។ ដើម្បីអភិវឌ្ឍវិស័យឧស្សាហកម្មនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៍បានដាក់ចេញនូវជាកម្មវិធីកំណែទម្រង់លើវិស័យអប់រំក្នុងខែកញ្ញា ឆ្នាំ២០១៣កន្លងទៅនេះ ដែលផ្តោតទៅលើ៨ចំនុចសំខាន់ៗក្នុងនោះអាទិភាព១ ក្នុងចំណោមអាទិភាពទាំង៨ គឺការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ជាមួយនឹងការធ្វើកំណែទម្រង់នៅឆ្នាំទី១កន្លងទៅនេះ យើងឃើញថាអត្រាជាប់ទូទាំងប្រទេសមានអត្រាទាបប្រហែលប្រមាណជា២៥% និង១២% នៅឆ្នាំ២០១៤ដូច្នេះ សរុបជាមធ្យមប្រមាណ៤០% នៅឆ្នាំ២០១៤ ក៍ប៉ុន្តែតាមរយៈការចូលរួមពីលោកគ្រូអ្នកគ្រូ គណៈគ្រប់គ្រងវិទ្យាល័យ សិស្សានុសិស្ស អណាព្យាបាល ដោយខិតខំប្រឹងប្រែង និងចូលរួមគាំទ្របានធ្វើឲ្យអត្រាជាប់បានកើនឡើងដល់៥២% ក្នុងឆ្នាំ២០១៥ និង៦២% ក្នុងឆ្នាំ២០១៦កន្លងទៅនេះ។
ដូច្នេះការកើនឡើងនៃពិន្ទុសិស្ស និងអត្រាជាប់នេះ បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងពីគ្រប់ភាគីទាំងអស់ដែលបានចូលរួមពង្រឹងវិស័យក្នុង ប្រទេសកម្ពុជាទាំងមូល ជាពិសេសលោកគ្រូ អ្នកគ្រូ ដែលបានចូលរួមនៅក្នុងការកំណែទម្រង់ទៅលើការប្រលងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិនេះ។
លោកបណ្ឌិតសភាចារ្យ ក៍បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចជាការ សម្តេចតែងតែយកចិត្តទុកដាក់ក្នុងវិស័យអប់រំ តាមរយៈការបង្កើនបៀវត្សន៍ដល់មន្ត្រីអប់រំ ដូច្នេះក្នុងឆ្នាំ២០១៧នេះ ប្រាក់បៀវត្សន៍ទាបបំផុត របស់មន្ត្រីអប់រំក្របខណ្ឌ គ គ្រូចេញថ្មី បានឡើងទៅដល់៩៥ម៉ឺនរៀល ហើយឆ្នាំថ្មីនេះ នឹងកើនឡើងដល់ជាង១លានរៀលផងដែរ ចំណែកឯប្រាក់បៀវត្សន៍ ទាបបំផុត គ្រូក្របខណ្ឌ ក និង ខ គឺបានជាង១លានរៀលរួចហើយ នេះគឺបង្ហាញពីការប្តេជ្ញាចិត្តរបស់សម្តេចតេជោ ក្នុងការលើកទឹកចិត្តដល់មន្ត្រីអប់រំទូទាំងប្រទេស ។
ជាមួយគ្នានោះ លោកបណ្ឌិតសភាចារ្យ ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ អស់លោកលោកស្រី ជាអ្នកគ្រូលោកគ្រូ ក្នុងខេត្តត្បូងឃ្មុំ និងទូទាំងប្រទេស ដែលបានខិតខំប្រឹងប្រែង អនុវត្តនូវគោលនយោបាយកំណែទម្រង់របស់ក្រសួង ក៍ដូចជាបំពេញនូវភារកិច្ច ប្រកបដោយសតិសម្បញ្ញៈខ្ពស់ តាមរយៈការខិតខំប្រឹងប្រែងនេះកម្ពុជា ច្បាស់ជាឈានពីប្រទេសដែលមាន ប្រាក់ចំណូលមធ្យមកម្រិតទាបនាពេលបច្ចុប្បន្ន និងក្លាយជាប្រទេសដែលមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ហើយនឹងឈានទៅជាប្រទេសអភិវឌ្ឍន៍នៅក្រោយឆ្នាំ២០៣០។
លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអបរំយុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានថ្លែងថា បុគ្គលិកអប់រំជាគណៈគ្រប់គ្រង មន្ត្រីរដ្ឋបាលការិយាល័យជំនាញក្រោមឳវាទ ការិយាល័យអប់រំ យុវជន នៅគ្រប់កម្រិតសិក្សាទូទាំងខេត្តចំនួន៤៧៦នាក់ មានកិត្តិយសបំផុតនាឳកាសនេះ ដោយទទួលបានការបំពាក់គ្រឿងឥស្សរិយយសការងារ និងផ្តល់ប័ណ្ណសរសើរជូនបុគ្គលិកអបរំ ពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងនោះរួមមាន មេដាយមាសចំនួន៨៤នាក់ មេដាយប្រាក់ចំនួន១២៧នាក់ មេដាយសំរឹទ្ធចំនួន២០៨នាក់ និងប័ណ្ណសរសើរចំនួន៥៧នាក់ ជូនដល់មន្ត្រីដែលចូលនិវត្តន៍ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ។
លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណដែលលោក រដ្ឋមន្ត្រី ដែលអញ្ជើញជាកិត្តិយស បំពាក់គ្រឿងឥស្សរិយយសការងារ និងផ្តល់ប័ណ្ណសរសើរជូនមន្ត្រីអប់រំ និងបុគ្គលិកក្រោមមន្ទីរអប់រំខេត្ត ដែលមានស្នាដៃលើកិច្ចការងារកន្លងមក ខិតខំប្រឹងប្រែងប្រកបដោយវិជ្ជាជីវៈ ក្នុងវិស័យអប់រំ ដែលបានឆ្លុះបញ្ចាំងនូវសមិទ្ធផល លទ្ធផលសិក្សា និងការរីកចម្រើនក្នុងវិស័យអប់រំ ដូចអ្វីដែលយើងមើលឃើញនាពេលបច្ចុប្បន្ននេះ ជាកម្មវិធីកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ យ៉ាងមានប្រសិទ្ធភាពបំផុត របស់ក្រសួងអប់រំ ។
ជាមួយគ្នានោះ លោក លី ឡេង ក៏បានធ្វើការសាទរចំពោះ លោកសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ទទួលបានកិត្តិយស ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជាសមាជិកពេញសិទ្ធនៃរាជបណ្ឌិតសភាកម្ពុជា មានគោរមងារជាបណ្ឌិតសភាចារ្យ៕