(ភ្នំពេញ)៖ រោងចក្រស៊ីម៉ងត៍ថ្មី ដ៏ទំនើបបំផុតដែលមានទីតាំងស្ថិតនៅក្នុងស្រុកទូកមាស ខេត្តកំពត ជាមួយនឹងការវិនិយោគទុនទឹកប្រាក់ចំនួន២៦២លានដុល្លារអាមេរិក នឹងចាប់ផ្ដើមដំណើរការនៅចុងឆ្នាំ២០១៧នេះ ដែលមានសមត្ថភាពផលិតសុីម៉ង់ត៍បាន៥០០០តោនក្នុងមួយថ្ងៃ។
លោក លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ដែលជាក្រុមហ៊ុនវិនិយោគរួមគ្នាជាមួយវិនិយោគិនថៃ បើករោងចក្រផលិតសុីម៉ង់ត៍ បានថ្លែងក្នុងសន្និសីទព័ត៌មាន នៅរសៀលថ្ងៃទី០៥ ខែកក្កដានេះ នៅសណ្ឋាគារសូហ្វីតែលភូគីត្រា ភ្នំពេញថា «ខ្ញុំសូមធានាថា ស៊ីម៉ងត៍អូដ្ឋ នឹងនៅតែជាស្លាកយីហោក្នុងស្រុកដ៏ល្អជាងគេ ហើយជាស៊ីម៉ងត៍ដ៏រឹងមាំបំផុតមួយក្នុងស្រុក ដែលជាទីមោទនភាពរបស់ប្រជាជនកម្ពុជាគ្រប់រូប។ ស្លាកយីហោដែលបង្ហាញពីភាពរឹងមាំ និងគុណភាព និងអាចទុកចិត្តបាន»។
លោកឧកញ៉ាបានថ្លែងថា ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន មានការតាំងចិត្តយ៉ាងមុតមាំទៅលើការអភិវឌ្ឍគុណភាព និងសមត្ថភាពធនធានមនុស្ស ដែលជាមូលដ្ឋានសំខាន់សម្រាប់កម្ពុជាក្នុងការអភិវឌ្ឍ។ ក្រុមហ៊ុនកំពុងតែប្រឹងប្រែងគ្រប់មធ្យោបាយ ដើម្បីជួយដល់និយោជិត អតិថិជនដៃគូពាណិជ្ជកម្ម និងអ្នកប្រើប្រាស់ផលិផល គ្រប់គ្នាក្នុងការរួមចំណែកការអភិវឌ្ឍ ភាពរីកចម្រើន និងជោគជ័យរបស់ប្រទេសកម្ពុជា មោទនភាពជាតិ។
នៅល្ងាចថ្ងៃដដែលនោះ ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ក៏បានរៀបចំនៅពិធីសម្ពោធការវេចខ្ចប់ថ្មីរបស់សុីម៉ង់ត៍អូដ្ឋផងដែរ ដែលមានការចូលរួមពីដៃគូពាណិជ្ជកម្ម និងតំណាងចែកចាយជាច្រើនរយនាក់ ដែលមកពីទូទាំងប្រទេស។
លោក Aidan Lynam នាយកប្រតិបត្តិនៃក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន បានអះអាងទៅកាន់អ្នកចែកចាយ និងដៃគូពាណិជ្ជកម្មទាំងអស់ថាថា «អ្នកទាំងអស់គ្នាសុទ្ធតែចង់បាននូវផលិតផលដែល អតិថិជនប្រើប្រាស់ដោយសុវត្ថិភាព និងជឿទុកចិត្តថា ពួកគេបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការជ្រើសរើសស៊ីម៉ងត៍របស់យើងខ្ញុំ»។
លោកបន្តថា ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន កំពុងតែអភិវឌ្ឍឲ្យកាន់តែមានភាពជិតស្និទ្ធជាងមុនជាមួយដៃគូពាណិជ្ជកម្ម និងអតិថិជនរបស់ខ្លួន ហើយការសម្ពោធនូវស្លាកយីហោ ស៊ីម៉ងត៍អូដ្ឋថ្មីនេះគឺជាជំហ៊ានដំបូងដើម្បីសម្រេចគោដៅមួយនេះ។
លក្ខណៈសម្បតិដែលពោរពេញដោយមហិច្ចតារបស់ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន គឺដោយសារតែអំណោយផល នៃស្ថានភាពប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ដែលកំពុងរីកចម្រើនទៅមុខ គួរជាទីមោទនៈនិងជាក្ដីសង្ឃឹមដ៍ធំសម្រាប់អនាគត៕