(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ អញ្ជើញពិធីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាឃុំ និងប្រកាសឈ្មោះប្រធានក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់រង១ និងចៅសង្កាត់រង២ ក្នុងអាណត្តិទី៤ នៃរដ្ឋបាលសង្កាត់កាចាញ ក្រុងបានលុង។
លោក ថង សាវុន បានផ្តាំផ្ញើដល់ក្រុមប្រឹក្សាចៅសង្កាត់ ពិសេសលោក ទុន ពៅ ដែលទើបបានតែងតាំងជាចៅសង្កាត់ ពេញសិទ្ធិសម្រាប់អាណត្តិទី៤នេះ ត្រូវបន្តអនុវត្តន៍ឲ្យបាននូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងលើកកម្ពស់ការងារផ្តល់សេវារដ្ឋបាល សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយមិនគិតពីនិន្នាការនយោបាយ និងខិតខំបន្តកសាង អភិវឌ្ឍន៍មូលដ្ឋានសង្កាត់។
អភិបាលខេត្ត សង្កាត់ធ្ងន់ថា ត្រូវចិត្តទុកដាក់គោរពតាមរដ្ឋធម្មនុញ្ញ អនុវត្តតាមគោលការណ៍ច្បាប់ បទដ្ឋានគតិយុត្តិ និងសេចក្តីណែនាំនានារបស់ក្រសួង ខេត្ត ក្រុង ខិតខំបន្តកិច្ចសហការល្អជាមួយដៃគូរអភិវឌ្ឍនានា និងអនុវត្តឲ្យបានតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។
បើតាមលោក ថង សាវុន ក្រុមប្រឹក្សាឃុំត្រូវបន្ដ និងរក្សាឲ្យបាននូវវប្បធម៌សាមគ្គីភាពសម្របសម្រួល មិនបែងចែកនិន្នាការនយោបាយ និងស្ថានភាពក្នុងសង្គម ដោយខិតខំលើកកម្ពស់ការចូលរួមបំពេញការងារជាក្រុម ក្នុងចំណោមសមាជិកក្រុមប្រឹក្សាសង្កាត់ទាំងអស់ ដើម្បីធ្វើជាតំណាងឲ្យសាមគ្គីភាព ក្នុងចំណោមប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងឃុំ-សង្កាត់ និងជំរុញការអភិវឌ្ឍមូលដ្ឋាន ឲ្យកាន់តែប្រសើរឡើងថែមទៀត៕