(សៀមរាប)៖ ឯកសារថ្មីៗ ស្ដីពីវិនាសកម្មនៃបេតិកភណ្ឌពិភពលោកនៅពិភពអារ៉ាប់ និងឯកសារសំខាន់ជាច្រើនទៀតត្រូវយកមកតម្កល់ ក្នុងបណ្ណាល័យនៃអាជ្ញាធរជាតិអប្សរា រួមទាំងឯកសារដ៏កម្រមួយមានចំណងជើងថា «Patrimoines mutilés» ស្ដីពីបញ្ហាប្រឈម នៃសម្បតិ្តបេតិកភណ្ឌពិភពលោក របស់មនុស្សជាតិនាពេលបច្ចុប្បន្ន ជាពិសេសការប៉ះពាល់បេតិកភណ្ឌយ៉ាងធ្ងន់ធ្ងរ ដោយសង្គ្រាមនៅអ៊ីរ៉ាក់ អាហ្កានីស្ថាន និងស៊ីរី ត្រូវបានយកមកតម្កល់ទុកនៅបណ្ណាល័យនៃអាជ្ញាធរជាតិអប្សរា នៅក្នុងមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ។

អ្នកចងក្រងឯកសារនេះ គឺលោកសាស្ត្រាចារ្យ Mounir Bouchenaki ប្រធានមជ្ឈមណ្ឌលអារ៉ាប់ដើម្បីបេតិកភណ្ឌពិភពលោក និងជាអ្នកជំនាញ ការជាន់ខ្ពស់នៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍតំបន់អង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ។ ឯកសារនេះនិយាយអំពី បញ្ហាប្រឈម និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរនៃសង្គ្រាមចំពោះសម្បត្តិបេតិកភណ្ឌពិភពលោកការងារសកម្មភាពនានាកន្លងមករបស់ UNESCO ទៅលើបញ្ហាប្រឈមទាំងនោះ អំពីការដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រដើម្បីការពារ និងស្ដារឡើងវិញនូវស្នាដៃទាំងនោះ។

ក្រៅពីអត្ថបទដ៏សំខាន់ខាងលើបណ្ណាល័យនៃអាជ្ញាធរជាតិអប្សរា ក៏បានទទួលផងដែរនូវឯកសារថ្មីៗចំនួន៤ផ្សេងទៀតគឺ៖

១៖ Le Vocabulaire de l’architecture Khmère : ជានិក្ខេបបទថ្នាក់បណ្ឌិតរបស់លោកស្រី ម៉ែន ចន្ទទេវី ស្ដីពី ការបកប្រែពាក្យបច្ចេកទេសពីភាសាបារាំងមកភាសាខ្មែរ សម្រាប់ប្រើប្រាស់ក្នុងវិស័យសំណង់ស្ថាបត្យកម្មខ្មែរបុរាណ និងសម័យទំនើប។
២៖ Le Courrier de l’UNESCO ̏ Défis 2030; Un agenda pour tousʺ: ជាព្រឹត្តិបត្រប្រចាំត្រីមាស របស់យូណេស្កូ UNESCO ដែលប្រមូលផ្តុំនូវអត្ថបទផ្សេងៗ ដែលទាក់ទងទៅនឹងបរិស្ថាន សង្គម ការអប់រំ បច្ចេកវិទ្យានាពេលបច្ចុប្បន្ន។ល។
៣៖ Annual Report on the Research and Restoration Work of the Western Prasat Top របាយការណ៍ប្រចាំឆ្នាំ២០១៦ ស្ដីពីការស្រាវជ្រាវ និងជួសជុលប្រាសាទតុបខាងលិចរបស់វិទ្យាស្ថាន NARA។
៤៖ កម្រងសកម្មភាពការងាររបស់អាជ្ញាធរអប្សរា ក្នុងឆ្នាំ២០១៦ ដែលបានផ្សាយនៅលើគេហទំព័រ និងបណ្ដាញទំនាក់ទំនងសង្គមរបស់អាជ្ញាធរអប្សរា ឯកសារនេះ គឺបរិយាយអំពីសកម្មភាពថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា កិច្ចសហប្រតិបត្តិការអន្តរជាតិ ការងារអភិរក្សជួសជុល ការគ្រប់គ្រងបរិស្ថានទឹក និងព្រៃឈើការបណ្តុះបណ្តាលការងារស្រាវជ្រាវ ការគ្រប់គ្រងទេសចរណ៍អង្គរ ការអភិវឌ្ឍសហគមន៍ ទំនៀមទម្លាប់អ្នកស្រុកអង្គរ និងអត្ថបទជាច្រើនទៀតដែលពាក់ព័ន្ធនឹងចំណេះដឹងអំពីអង្គរ។

មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរអប្សរា មានតម្កល់សៀវភៅ និងឯកសារស្រាវជ្រាវជាង២៥០០ច្បាប់ ដែលជាឯកសារកម្រ ផ្នែកបុរាណវិទ្យា នរវិទ្យា ប្រវត្តិសាស្ត្រ សាសនា សិល្បៈវប្បធម៌ សំណង់ស្ថាបត្យកម្មបុរាណ ភាសាវិទ្យា និងឯកសារជាច្រើនទៀតដែលស្តីពីទំនៀមទម្លាប់ ប្រពៃណីខ្មែរ ជាពិសេសទំនៀមទម្លាប់ដែលកំពុងបន្តប្រតិបត្តិរបស់អ្នកស្រុកអង្គរ ត្រូវបានរក្សាទុកក្នុងបណ្ណាល័យអាជ្ញាធរជាតិអប្សរា មជ្ឈមណ្ឌលនេះមានទីតាំងស្ថិតនៅក្នុងភូមិបង្កោង សង្កាត់អំពិល ក្រុងសៀមរាប ខេត្តសៀមរាប។ បណ្ណាល័យបើកទទួលសាធារណជនរៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤រសៀល។ ដូច្នេះសូមសិស្ស និស្សិត អ្នកសា្រវជ្រាវ និងសាធារណជនចូលអានដោយមេត្រី៕