(ពោធិ៍សាត់)៖ បុណ្យរុក្ខទិវា៩ កក្កដាឆ្នាំនេះ ត្រូវបានខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ បានជ្រើសរើសយកបរិវេណវត្តធម្មសិរីមង្គល ហៅវត្តលាប ស្ថិតក្នុងភូមិព្រៃស្រគុំ ឃុំស្សា ស្រុកកណ្តៀង ហើយបានដាំកូនឈើចម្រុះ៥,០០០ដើម និងចែកជូនប្រជាពលរដ្ឋយកទៅដាំតាមលំនៅដ្ឋាន។
ពិធីនេះត្រូវបានធ្វើឡើងក្រោម អធិបតីភាព លោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ នៃអង្គភាពជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋជាច្រើនរូបទៀតផងដែរ។
លោក ងី វីរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើ និងលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានលើកឡើងថា បុណ្យរុក្ខទិវា ៩កក្កដា ឆ្នាំ២០១៧នេះ ដាំកូនឈើចម្រុះចំនួន២,០០០ដើម និងចែកជូនប្រជាពលរដ្ឋ៣,០០០ដើម ទាំងកូនឈើដុះលូតលាស់រយៈពេលវែង ខ្លី និងមធ្យម គឺមាន ក្រញូង បេង ធ្នង់ ច្រេះ គគីរ ឥន្ធនេល កណ្តឹងដំរី និងឈើទាល អាកាសស្យា ឈើហូបផ្លែជាដើម។
ជាមួយគ្នានោះ លោក ខូយ រីដា បានថ្លែងថា ឆ្នាំនេះក៏ដូចបណ្តាឆ្នាំកន្លងមក ខណ្ឌរដ្ឋបាលព្រៃឈើ តែងតែបានប្រារព្ធបុណ្យរុក្ខទិវា ៩កក្កដា ដាំកូនឈើជាលក្ខណៈទ្រង់ទ្រាយធំ និងលក្ខណៈទ្រង់ទ្រាយតូច ដីទំនេរនៅតាមវត្ត សាលារៀន និងចែកជូនប្រជាពលរដ្ឋ យកទៅដាំតាមផ្ទះជាបន្តបន្ទាប់។
ការដាំកូនឈើនៅទីនេះ ក៏ដូចកន្លែងផ្សេងៗទៀត គឺមានប្រយោជន៍ច្រើន ក្នុងការបំផុសស្មារតី ក្រើនរំលឹក ប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចទូទាំងប្រទេសឲ្យបានយល់ដឹងអំពីគុណប្រយោជន៍ព្រៃឈើ និងចូលរួមក្នុងការដាំកូនឈើ ដើម្បីជាសុភមង្គល និងដង្ហែរតាមព្រះរាជតម្រិះ របស់ព្រះករុណា ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះវរាជបិតាជាតិខ្មែរ ព្រះបរមរតកោដ្ឋ ដែលព្រះអង្គតែងតែបានយកព្រះទ័យទុកដាក់អំពីបញ្ហាព្រៃឈើ និងការដាំកូនឈើ ដែលជាអាយុជីវិតរបស់ប្រជារាស្ត្រ។
ជាមួយគ្នានោះ អភិបាលរងខេត្តបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានខិតខំអនុវត្តយ៉ាងសកម្មនូវគោលនយោបាយ ដាំព្រៃឈើឡើងវិញ ក្នុងក្របខណ្ឌទូទាំងប្រទេស បង្ហាញឲ្យឃើញការគាំទ្រពីគ្រប់មជ្ឈដ្ឋានប្រជាជន បង្កើតគម្រប់ព្រៃបៃតងដ៏សែនមនោរម្យរបស់ ភូមិ ឃុំ ស្រុក ខេត្ត។
បន្ថែមពីនេះ លោកសំណូមពរដោយទទូចដល់ព្រះសង្ឃ គណកម្មការវត្ត ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅក្នុងតំបន់នេះ ត្រូវចេះស្រឡាញ់ ថែរក្សាការពារកូនឈើដែលបានដាំ បានលូតលាស់ ស្ថិតស្ថេរគង់វង្សល្អប្រសើរប្រយោជន៍ ជាសាធារណៈនាពេលអនាគត។
បន្ទាប់ពីប្រគេន និងចែកជូនកូនឈើដល់ព្រះសង្ឃ សហគមន៍ និងអាជ្ញាធរមូលដ្ឋាននោះរួចមក លោក ខូយ រីដា និងមន្ត្រីរាជការ ប្រជាពលរដ្ឋ បាននិមន្ត និងចូលរួមដាំកូនឈើតាមរណ្តៅ ដែលបានជីកទុករួចនៅក្នុងបរិវេណវត្ត និងតាមដងផ្លូវនោះផងដែរ៕